ភ្នំពេញៈ កម្ពុជា និងថៃ កាលពីម្សិលមិញ
បានឯកភាពដកទ័ពចេញពីតំបន់គ្មានយោធាបណ្តោះអាសន្ននៅដែនដី
ជម្លោះជុំវិញប្រាសាទព្រះវិហារ ៣០ ថ្ងៃ
បន្ទាប់ពីតំបន់នេះត្រូវបានដោះមីន ប៉ុន្តែ
មិនទាន់បង្ហាញច្បាស់លាស់ថាតើការងារនោះនឹងចាប់ផ្តើម
ឬបញ្ចប់នៅពេលណាឡើយ។
ការព្រមព្រៀងគ្នានេះប្រហែលជាជំហាន
សំខាន់បំផុតដែលធ្វើឡើង
ដោយប្រទេសជិតខាងទាំងពីរនៅក្នុងការអនុវត្តតាមសេចក្តីសម្រេច
របស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) កាលពីថ្ងៃទី ១៨ កក្កដា
ឆ្នាំមុន
ដែលបានបញ្ជាឲ្យប្រទេសភាគីទាំងពីរធ្វើការដកទ័ពចេញពីតំបន់
គ្មានយោធាបណ្តោះអាសន្ន«ភ្លាមៗ»។
បន្ទាប់ពីកិច្ចប្រជុំរយៈ
ពេលរហូតដល់២០ម៉ោង របស់ក្រុមការងាររួមដែលឃើញថា
ក្រុមប្រតិភូទាំងពីរបានចរចារហូតដល់ម៉ោង១២:៣០ យប់ថ្ងៃពុធ។
សេចក្តីសម្រេចនេះ ត្រូវបានប្រកាសឡើងកាលពីម្សិលមិញដោយសមភាគីថៃ និងកម្ពុជា។
លោក
នាង ផាត ប្រធានគណៈប្រតិភូក្រុមការងាររួមរបស់កម្ពុជា បានថ្លែងថា ៖
«ការដកទ័ពនឹងធ្វើឡើង៣០ថ្ងៃ
បន្ទាប់ពីក្រុមដោះមីនប្រទេសទាំងពីរឯកភាពអះអាងថា
តំបន់នោះលែងមានមីន»។
កម្ពុជានិងថៃបានព្រមព្រៀងថា
ក្រុមដោះមីនរបស់ប្រទេសទាំងពីរនឹងជួបប្រជុំគ្នានៅសប្តាហ៍ទី
បីនៃខែក្រោយដើម្បីចាប់ផ្តើមពិភាក្សាឲ្យមានផែនការដោះមីនរួម
គ្នា ដើម្បីឲ្យតំបន់នោះមានសុវត្ថិភាពសម្រាប់ក្រុមសង្កេតការណ៍រួម
ចូលទៅតំបន់នោះ នៅពេលកងទ័ពត្រូវបានដកចេញ។
លោក Worapong
Sanganetra ប្រធានក្រុមការងាររួមរបស់ភាគីថៃ បានថ្លែងថា
កិច្ចប្រជុំនេះបានសម្រេចនូវ«លទ្ធផលល្អ»
ហើយបានឆ្លុះបញ្ចាំងពី«កិច្ចសហប្រតិបត្តិការល្អរវាងភាគីយោធា
ទាំងពីរ»។
លោកថ្លែងបន្តថា ៖
«ផ្ទៃមុខរបស់ខ្ញុំកំពុងមានស្នាមញញឹម វាមានន័យថា
កិច្ចប្រជុំនេះបានធ្វើឡើងក្នុងបរិយាកាសល្អ រលូន និងមិត្តភាព
ហើយទទួលបានលទ្ធផលល្អ ហើយសមភាគីកម្ពុជារបស់ខ្ញុំ
បានផ្តល់ឲ្យខ្ញុំនូវពិធីលៀងអាហារពេលល្ងាចស្វាគមន៍យ៉ាង
កក់ក្តៅ»។
លោកបន្តថា៖ «ទោះបីជាកិច្ចប្រជុំនេះចំណាយអស់រយៈពេលយូរក៏ដោយ ប៉ុន្តែលទ្ធផលល្អ»។
លោក
ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា បានថ្លែងថា
លោកមិនទាន់អាចនិយាយនៅបានឡើយទេ ថា
វានឹងត្រូវការពេលយូរប៉ុនណាដើម្បីដោះមីនពីតំបន់នោះ
ពីព្រោះវាអាស្រ័យទៅលើចំនួនក្រុមការងារ និងកត្តាដទៃទៀត។
លោក
បន្តថា៖
«ប្រភេទមីនកប់ក្នុងដីផ្សេងៗគ្នាត្រូវបានប្រើនៅក្នុងតំបន់
ហើយដីតំបន់នោះក៏ពិបាកដែរ ហើយព្រៃឈើនៅទីនោះក្រាស់
ប៉ុន្តែយើងអាចធ្វើវាបាន»។
សេចក្តីសម្រេចរបស់តុលាការ
យុត្តិធម៌អន្តរជាតិ (ICJ) ថ្ងៃទី១៨ កក្កដា ២០១១
បានបង្កើតឲ្យមានតំបន់គ្មានយោធាជាង ១៧ គីឡូម៉ែត្រការ៉េ
និងធ្វើឡើងបន្ទាប់ពីមានការប្រយុទ្ធបង្ហូរឈាមគ្នាពាក់ព័ន្ធ
នឹងតំបន់ ៤,៦ គីឡូម៉ែត្រការ៉េ ជុំវិញប្រាសាទព្រះវិហារ៕