Wednesday, June 13, 2012

​អាមេរិកបារម្ភអំពី​ការសម្លាប់​រង្គាល​ជា​ថ្មី​នៅ​ស៊ី​រី

សហរដ្ឋអាមេរិក​បាន​សម្តែង​ការព្រួយបារម្ភ​ខ្លាំង​ថា​ រដ្ឋាភិបាល​ស៊ី​រី​កំពុង​រៀបចំ​ផែនការ​សម្លាប់​រង្គាល​ជាថ្មី ខណៈ​ដែល​ឧទ្ធម្ភាគចក្រ​យោធា​ជាច្រើនគ្រឿង​របស់​របប​ស៊ី​រី​នេះ បាន​បាញ់​ទៅលើ​បណ្តា​ទីក្រុង​រឹងមាំ​ទាំងឡាយ​របស់​ក្រុម​ឧទ្ទាម​ហើយ​ អំពើហិង្សា​ដ៏​បង្ហូរឈាម​នេះ បាន​សម្លាប់​មនុស្ស​ជិត​៩០​នាក់​កាលពី​ថ្ងៃ​ចន្ទ​។​
​អង្គការសិទ្ធិមនុស្ស​ស៊ី​រី​“Observatory” បាន​និយាយថា​អំពើ​ហិង្សា​នៅ​ទូទាំង​ប្រទេស​ស៊ី​រី​បាន​សម្លាប់​មនុស្ស​ យ៉ាងតិចណាស់​ចំនួន​៨៧​នាក់​​កាលពី​ថ្ងៃ​ចន្ទ​ដែលនាំអោយ​មាន​ចំនួន​ មនុស្សសរុប​ជាង​១៤.១០០​នាក់​ត្រូវបាន​សម្លាប់​ចាប់តាំងពី​ការ​ងើប​បះ​បោរ​ ប្រឆាំង​របប​នេះ​កាលពី​ខែ​មីនា​ឆ្នាំ​២០១១​មក​។​
​ឧទ្ធម្ភាគចក្រ​យោធា​ជាច្រើន​គ្រឿង​របស់​រដ្ឋាភិបាល​ស៊ី​រី បាន​វាយប្រហារ​ទៅ​លើ​ទីតាំង​នានា​របស់​ក្រុម​ឧទ្ទាម​នៅ​ទីក្រុង​Al-Heffa និង​បាន​វាយ​​ប្រហារ​ផងដែរ​ទៅលើ​តំបន់​Rastan​ដែល​ជា​ទីតាំង​រឹងមាំ​របស់​ ក្រុម​អ្នក​ប្រឆាំង​របប​ស៊ី​រី​នេះ​នៅក្នុង​ខេត្ត​Homs ។​
​សកម្មជន​ម្នាក់​បាន​និយាយប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​AFP ថា រថក្រោះ​ជាច្រើន​គ្រឿង​របស់​កងទ័ព​រដ្ឋាភិបាល បាន​ស្ថិតនៅ​ក្បែរៗ​ទីក្រុង​Al-Heffa ហើយ​ប្រជាជន​ជិត​៣០.០០០​នាក់​បាន​រត់​ចេញពី​ទីក្រុង​នេះ​ទៅ​កាន់​តំបន់​ជនបទ ​នៅ​ភាគ​ពាយព្យ​នៅ​ជិត​ព្រំដែន​នៃ​ប្រទេស​តួ​ក​គី​។​
​សេចក្តីរាយការណ៍​បែបនេះ​បាន​នាំ​អោយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​មាន​ ការព្រួយបារម្ភ​ខ្លាំង​ថា​របប​ស៊ី​រី​នេះ​កំពុង​រៀបចំ​ផែនការ​ដើម្បី​​ ប្រព្រឹត្ត​អំពើ​ឃោរឃៅ​ជាថ្មី បន្ទាប់​ពី​មាន​ការសម្លាប់​មនុស្ស​រង្គាលចំនួន​៥៥​នាក់​កាលពី​សប្តាហ៍​មុន​ នៅក្នុង​ភូមិ​Al-Kubeir និង​មនុស្ស​​យ៉ាងតិចណាស់​ចំនួន​១០៨​នាក់​ត្រូវបាន​សម្លាប់​នៅ​ភូមិ​Houla​ ក្នុង​ទីក្រុង​Homs កាលពី​ថ្ងៃ​ទី​២៥-២៦​ខែ​ឧសភា​ព​៕

Comments system

Disqus Shortname