ក្រោយពីពិធីការិនី ប្រចាំនៅស្ថានីយទូរទស្សន៍ ស៊ីធីអ៊ីន អ្នកនាង យុគ ចិន្តា បានប្រកាសជាសាធារៈណថា តារាចម្រៀងដែលចូលចិត្តច្រៀង បទមនោសញ្ចេតនា លោក អ៊ឹងប៊ុនលាភ បានបាត់ខ្លួនយ៉ាងអាថ៌កំបាំង អស់រយៈពេលជិត១ខែ ដោយគ្មានអ្នកណាម្នាក់ដឹងថា លោកទៅទីណា ឫក៏មានបញ្ហាអីលើលោកនោះទេ។
អ្នកនាងយុគ ចិន្តា បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល តាមទូរស័ព្ទនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១២ នេះថា ការបាត់ខ្លួនរបស់លោក ប៊ុនលាភនេះ ក្រោយពេលដែលលោក បានចូលរួមច្រៀងនៅក្នុងកម្មវិធី “រាត្រីថ្ងៃអាទិត្រ” របស់ស្ថានីយ៍ទូរទស្សន៍ស៊ីធីអ៊ិន កាលពីថ្ងៃទី២៨ ខែឧសភា ហើយក៏ត្រឡប់ទៅផ្ទះ បានបន្តិចក៏មានស្ត្រីម្នាក់ បានទូរស័ព្ទទៅហៅលោកចេញក្រៅ ដោយចាប់តាំងពីថ្ងៃនោះ មកដល់ពេលនេះគឺជិត១ខែហើយ មិនទាន់ឃើញលោកត្រឡប់ ទៅផ្ទះវិញទេ។
អ្នកនាងបានប្រាប់ទៀតថា ”កាលពីម្សិលមិញ ប្រពន្ធរបស់ លោក អ៊ឹង ប៊ុនលាភ បានមកជួបខ្ញុំ ឲ្យខ្ញុំជួយប្រកាសអំពីការបាត់ខ្លួន របស់ប្តីគាត់ ព្រោះថាជាធម្មតាប្តី របស់គាត់មិន ដែលបាត់ខ្លួនយូរដល់ថ្នាក់ហ្នឹងទេ គឺតែ២ទៅ៣ថ្ងៃ និងទូរស័ព្ទមកគាត់ ជាប្រពន្ធ ឫក៏ត្រឡប់មកផ្ទះវិញ តែលើកនេះប្តីគាត់បានខ្លួនសូនឈឹង ហើយសូម្បីតែផ្ទះមិត្តភក្តិ ដែលគាត់ធ្លាប់ទៅ ក៏គ្មានអ្នកណាបានឃើញគាត់ដែរ ហើយពេលនេះប្រពន្ធរបស់គាត់ បានដាក់ពាក្យប្តឹង ទៅអាជ្ញាធរមូលដ្ឋាន ដើម្បីឲ្យអាជ្ញាធរ ជួយអន្តាគមន៍ ស្វែងរកប្តីគាត់រួចរាល់ហើយដែរ តែខ្ញុំក៏មិនបានដឹងថា គាត់ដាក់ពាក្យបណ្តឹងទៅខណ្ឌ ឫក៏សង្កាត់ណាច្បាស់ទេ ព្រោះខ្ញុំមិនបានដឹង ពីអាសយដ្ឋាន របស់គាត់រស់នៅដែរ” ។
ចំណែក ស្នងការនរគបាល រាជធានីភ្នំពេញ លោក ទូច ណារ៉ុថ បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលដែរថា ចំពោះព័ត៌មាននៃការបាត់ខ្លួន របស់តារាចម្រៀង លោក អ៊ឹង ប៊ុនលាភនោះ គឺលោកមិនទាន់ទទួល បានពាក្យបណ្តឹងណាមួយ ទាក់ទងទៅនិងបញ្ហា នៃការបាត់ខ្លួននេះនៅឡើយទេ។
ដោយលោកបានមានប្រសាសន៍ទៀតថា “ប្រសិនបើខ្ញុំទទួលបានពាក្យបណ្តឹង ពីក្រុមគ្រួសារនោះ ខាងសមត្ថកិច្ច នឹងចាត់វិធានការ ដើម្បីស្វែងរក និងស៊ើបអង្កេតទៅបញ្ហានេះ តែអ្វីដែលសំខាន់នោះ គឺខ្ញុំមិនទាន់បានទទួលព័ត៌មាននេះនៅឡើយទេ” ។
សូមជម្រាបផងដែលថា តារាចម្រៀង លោក អ៊ឹង ប៊ុនលាភ បានបាត់ខ្លួនតាំងពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១២ ក្រោយពីលោកបានបង្ហាញវត្តមានបង្ហើរ សំនៀងជាលើកចុងក្រោយ នៅក្នុងកម្មវិធី ”រាត្រីកម្សាន្ត” រួចមក លោកក៏ទទួលបានទូរស័ព្ទ ពីស្ត្រីអាថ៌កំបាំងម្នាក់ ហៅលោកចេញក្រៅ ហើយបន្ទាប់ពីនោះ មកលោកក៏បាត់ខ្លួន រហូតមកដល់ពេលនេះ ជិតមួយខែហើយ ដោយគ្មានអ្នកណាម្នាក់ អាចចេញមុខបកស្រាយថា គាត់ទៅទីណាបានទេ។
លោក អ៊ឹង ប៊ុនលាភ បានចូលប្រឡូកក្នុងវិថីសិល្បៈ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយត្រូវបានគេទទួលស្គាល់យ៉ាងខ្លាំង តាមរយៈបទ ចម្រៀង រំដួលដូរដី ដែលច្រៀងនៅក្នុងផលិតកម្ម រស្មីស្ទឹងសង្កែ ហើយបានរៀបអាពាហ៍ពិពាហ៍ កាលឆ្នាំ២០០៦ ៕