គេឃើញទាំងតាមជនបទនិងតាមទីប្រជុំ
ជន កាលណាមានកម្មវិធីប្រដាល់តាមតៀមកាហ្វេ
គឺមានការប្រមូលម្ដុំគ្នាដោយបុរសៗ។ លើសពីនេះ ក៏សង្កេតឃើញដែរថា
សំឡេងហ៊ោកញ្ជ្រៀវបានលាន់ឡើង ពេលកីឡាករកំពុងស្វិតស្វាញ។ ប៉ុន្តែ
ក៏មានបុរសខ្លះអង្គុយមើលប្រដាល់នៅនឹងផ្ទះរបស់ខ្លួនដែរ។
ចរន្តផ្ទុយគ្នានេះ នាំឲ្យមានការលើកឡើងថា “មើលប្រដាល់
ទាល់តែទៅតៀមកាហ្វេទើបសប្បាយ?”
សេង សុខលី លោកវ័យជាងសាមសិបឆ្នាំ មិនចាត់ទុកថា មើលប្រដាល់ទាល់តែទៅកាន់តៀមកាហ្វេទើបសប្បាយនោះ។ បុរសរូបនេះ បន្តថា “នៅតៀមកាហ្វេរញ៉េរញ៉ៃ ពេលខ្លះបង្កជម្លោះដោយសារការស្រែកទៅវិញទៅមកព្រោះតែកាន់ជើង កីឡាកររៀងៗខ្លួន”។ លោកថាការទៅមើលនៅកន្លែងកាហ្វេខាតពេល និងខាតទាំងលុយទិញកាហ្វេ។ “ខ្ញុំឆុងកាហ្វេខ្លួនឯង ផឹកបណ្ដើរមើលបណ្ដើរ និងអាចធ្វើកិច្ចការផ្ទះផ្សេងៗបាន”។
ទទួលស្គាល់ថា កាហ្វេរបស់ខ្លួនលក់ដាច់ទ្វេដងនៅថ្ងៃកម្មវិធីប្រដាល់ចាប់ផ្ដើម។ អ្នកនាង វណ្ណារី លក់កាហ្វេតាមផ្លួវ៣៧១ស្ទឹងមានជ័យ បន្តថា “ខ្ញុំដូចជាសប្បាយដែរនៅពេលអ្នកមើលស្រែកហ៊ោឡើង! កន្លងទៅកន្លែងខ្ញុំអត់ដែលមានហិង្សាឈ្លោះទាស់ទែងគ្នាអីទេ”។ អ្នកលក់រូបនេះ លើកឡើងទៀតថា អ្នកមើលប្រដាល់មកពីប្រភពដោយឡែកៗពីគ្នា តែមានទំនាក់ទំនងគ្នាល្អ ហើយពួកគេជជែកគ្នាអំពីការរកស៊ីផងដែរ។
មិត្តអ្នកអាន ទាំងនេះគ្រាន់តែជាការលើកឡើងមួយជ្រុងពីអ្នកមើល អ្នកលក់កាហ្វេ និងគ្រួសារអ្នកមើលប៉ុណ្ណោះ ចុះចំពោះអ្នកវិញ តើមើលប្រដាល់នៅតៀមកាហ្វេ ឬនៅផ្ទះ? រវាងការមើលប្រដាល់នៅផ្ទះនិងនៅកន្លែងលក់កាហ្វេ មួយណាប្រសើជាងមួយណា? ហេតុអ្វី?