កម្មករកំពុងអូសរទេះដឹកទំនិញចេញ-ចូលតាមច្រកអន្តរជាតិប៉ោយប៉ែត នាពេលកន្លងមក។ នៅឆ្នាំក្រោយច្រកនេះនឹងមិនអនុញ្ញាតឲ្យមានការអូសរទេះដូចនេះទៀត ឡើយ។ រូបថត រ៉ាន់ រើយ |
សកម្មភាពដោះដូរទំនិញ និងត្រូវប្តូរទៅច្រកស្ទឹងបត់ ដែលនឹងបើកដំណើរការនៅចុងឆ្នាំ២០១៣។ ស្ទឹងបត់ជាច្រកព្រំដែនថ្មីមួយរវាងកម្ពុជា-ថៃ។
លោក អ៊ុង អឿន អភិបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា កម្មករអូសរទេះទាំងអស់ នឹងត្រូវប្តូរទៅប្រកបរបរផ្សេងៗវិញទៅតាមលទ្ធភាពរបស់ ពួកគេ នៅពេលច្រកថ្មីគឺ «ច្រកស្ទឹងបត់» បើកដំណើរការនៅដំណាច់ឆ្នាំ២០១៣។ លោកបន្តថា ច្រកអន្តរជាតិប៉ោយប៉ែត ទុកសម្រាប់តែផ្នែកទេសចរណ៍ប៉ុណ្ណោះ។
លោក បញ្ជាក់ថា៖ «យើងគិតរួចហើយថា តំបន់ទេសចរណ៍ត្រូវការសុវត្ថិភាព ត្រូវការអនាម័យ ត្រូវការបរិស្ថាន ត្រូវការសណ្តាប់ធ្នាប់ និងចរាចរណ៍ល្អ។ យើងធ្វើយ៉ាងណាឲ្យមានទិដ្ឋភាពថ្មី និងល្អសម្រាប់ផ្លូវទេសចរណ៍»។
លោកថ្លែងថា រទេះអូសអីវ៉ាន់នៅច្រកប៉ោយប៉ែតមានជិតមួយពាន់ តែមកដល់ពេលនេះរទេះអូសអីវ៉ាន់ទាំងនោះនៅសល់ជាង ២០០រទេះ ប៉ុណ្ណោះ។ ការធ្លាក់ចុះនេះបណ្តាលមកពីការកើនឡើងរថយន្តដឹកទំនិញ ឆ្លងកាត់ច្រើនជាងមុន។
លោក ម៉ង់ វុទ្ធី ប្រធានសាខាខេត្តបន្ទាយមានជ័យនៃសមាគមប្រជាធិបតេយ្យឯករាជ្យនៃ សេដ្ឋកិច្ចក្រៅប្រព័ន្ធ បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃ អាទិត្យថា កម្មករអូសរទេះទាំងអស់នៅប៉ោយប៉ែត មានមិនតិចជាង១ពាន់នាក់ទេនាពេលសព្វថ្ងៃនេះ ព្រោះកាលពីឆ្នាំមុនលោកបានទៅចុះស្រង់ស្ថិតិពីថៅកែរទេះអូស ហើយរកឃើញថា រទេះអូសទាំងអស់មានចន្លោះពី ៦០០ ទៅ ៨០០រទេះ។
លោកបន្តថា ព័ត៌មាននៃការបិទរទេះជញ្ជូនអីវ៉ាន់ដោយកម្លាំងមនុស្សនេះនៅពេល ច្រកថ្មីដំណើរការបានលេចឮតាំងពីឆ្នាំមុនម្ល៉េះ។ ការបិទសកម្មភាពនេះបាន គឺជាមុខមាត់របស់ប្រទេសមួយដែរ តែវាក៏ជំរុញឲ្យប្រជាជនធ្វើចំណាកស្រុកកាន់តែខ្លាំងដែរ។
លោកថ្លែងថា៖ «ការបិទនេះនឹងធ្វើឲ្យពួកគេបាត់បង់ចំណូលសម្រាប់ទ្រទ្រង់ គ្រួសារ ហើយពួកគាត់នឹងធ្វើចំណាកស្រុកទៅថៃកាន់តែច្រើន បើការងារផ្សេងមិនត្រូវបានគេដោះស្រាយជូនពួកគាត់ទេ»។
លោក អ៊ុង អឿន បានលើកឡើងថា អាជ្ញាធរមិនអាចបិទសកម្មភាពនេះបានភ្លាមៗទេ ព្រោះកម្មករអាចផ្ទុះការតវ៉ាទាំងនៅភាគីកម្ពុជា និងភាគីថៃ៖«ឥឡូវនេះយើងធ្វើអត់កើត ព្រោះគាត់នៅរកស៊ី នឹងធ្លាប់រស់នៅ»។ លោក បានបញ្ជាក់ អភិបាលខេត្តស្រះកែវរបស់ថៃក៏បានពិភាក្សាជាមួយគ្នាអំពី បញ្ហានេះដែរ ហើយ ភាគីថៃក៏បាននិយាយអំពីលទ្ធភាពនៃប្រជាជនទំាងសងខាង បើមានការបិទការអូសរទេះដោយកម្លាំងមនុស្សភ្លាមៗនោះ។
លោកបានថ្លែងថា៖ «កាលណាយើងធ្វើ បាតុកម្មនឹងផ្ទុះឡើងទាំងសងខាង ព្រោះទំនិញខាងគាត់លក់អត់ចេញ ហើយលំបាកទាំងសងខាង ដូចនេះយើងឯកភាពគ្នាទ្រាំរហូតដល់បើកច្រកថ្មី»។
កម្មករអូសរទេះអាចរកចំណូលចន្លោះពី១ម៉ឺនទៅ២ម៉ឺនរៀលក្នុងមួយថ្ងៃ ដែលការអូសរទេះចម្ងាយផ្លូវជិត៣គីឡូម៉ែត្រ។
ការយឺតយ៉ាវក្នុងការស្ថាបនាច្រកថ្មីនេះដោយសារភាគីកម្ពុជា នៅមិនទាន់មានថវិកាគ្រប់គ្រាន់សម្រាប់ការដោះមីន ហើយគេសង្ឃឹមថា នឹងចប់ក្នុងចុងឆ្នាំនេះ។ ចម្ងាយផ្លូវពីមាត់ស្ទឹងបត់ ទៅកាន់ផ្លូវជាតិមានចម្ងាយប្រមាណ២,៥គីឡូម៉ែត្រប៉ុណ្ណោះ ដូចនេះ ការស្ថាបនានឹងមិនប្រើពេលយូរទេ។
តាមលោក អ៊ុង អឿន កាលពីឆ្នាំ២០១១ អ្នកដំណើរឆ្លងកាត់តាមច្រកប៉ោយប៉ែតសរុប មានជាង ២,៩ លាននាក់ ហើយពេលខ្លះត្រូវកកស្ទះដោយសារតែរថយន្ត និងអ្នកដំណើរច្រើន។
ជាក់ស្តែងនៅឆ្នាំ២០១១ ការនាំចូលទោចក្រយានយន្តមានជាង១២ម៉ឺនគ្រឿង។ ច្រកស្ទឹងបត់មានចម្ងាយប្រមាណ៧គីឡូម៉ែត្រពីច្រកអន្តរជាតិ ប៉ោយប៉ែត។ ច្រកនេះនឹងជួយសម្រួលដល់ទំហំនៃការដឹកជញ្ជូនកាន់តែធំទៅៗ តាមការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងទំនាក់ទំនងល្អប្រទេសទាំងពីរ៕