Wednesday, June 27, 2012

អូត ភូថង ស្មើ​ពិន្ទុ ភេឌី ម៉ឺនសុភា ទាំង​មិន​ទំនង

ភ្នំពេញៈ ការ​សម្រេច​ឲ្យ​អ្នក​ប្រដាល់​ជើង​ចាស់ អូត ភូថង ស្មើ​ពិន្ទុ​ជាមួយ​កីឡាករ​វ័យ​ក្មេង​មក​ពី​ក្លិប​យុវជន​អង្គរ ភេឌី ម៉ឺនសុភា សម្រាប់​ជំនួប​សងសឹក​ជា​លើក​ទី​២ នៅ​លើ​សង្វៀន​ស៊ីធីអិន កាល​ពីថ្ងៃ​អាទិត្យ​កន្លង​មក បាន​ប្រាស​ចាក​ពី​ការ​ផ្តល់​ពិន្ទុ​ដោយ​ភ្នែក​ទទេ​របស់​ទស្សនិក​ជន ប៉ុន្តែ​លទ្ធផល​នេះ​ត្រូវ​បាន​គេ​លើក​ឡើង​ថា វា​ជា​ការ​ទុក​មុខ​ និង​លើក​ទឹក​ចិត្ត​ដល់ អូត ភូថង ដែល​កំពុង​មាន​វិបត្តិ​ផ្លូវ​ចិត្ត​យ៉ាង​ធ្ងន់ធ្ងរ​។
ឆ្លង​កាត់​ការ​ប្រកួត​ជាក់​ស្តែង​នៅ​លើ​សង្វៀន ​ខ្លា​ចាស់ អូត ភូថង ដែល​កំពុង​មាន​វិបត្តិ​ផ្លូវ​ចិត្ត​ដោយ​សារ​ម្តាយ​របស់​ខ្លួន ត្រូវ​បាន​តុលាការ​កាត់​ទោស​ដោយ​កំបាំង​មុខ​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​១៧​ ឆ្នាំ ពី​បទ​ជួញ​ដូរ​មនុស្ស​ឆ្លង​ដែន​ខុស​ច្បាប់ នៅ​ក្នុង​អំឡុង​ឆ្នាំ​២០០៧​នោះ ហាក់​មិន​សូវ​មាន​អារម្មណ៍​ពុះ​កញ្ជ្រោល ក្នុង​ការ​វាយ​បក​ទៅ​លើ ភេឌី ម៉ឺនសុភា នោះ​ឡើយ បើ​ទោះ​បី​ជា​ការ​ប្រកួត​នេះជា​ជំនួប​សង​សឹក​ក៏​ដោយ​។
សម្រាប់​ការ​ប្រកួត​២​ទឹក​ដំបូង អូត ភូថង បាន​ត្រឹម​ទាត់​ចេញមួយ​ៗ នៅ​ពេល ម៉ឺនសុភា បាន​ទាត់​ និង​ម៉ាត់​សន្ធាប់​ទៅ​លើ​ផ្ទៃ​មុខ​របស់​គេបែប​ខ្លាច​រអា​ម្តង​ម្កាល​។ សកម្មភាព​នេះ​ បាន​ធ្វើ​ឲ្យ​លោក​អាជ្ញា​កណ្តាល ធ្វើ​ការ​ព្រមាន​ដល់​អ្នក​ទាំង​ពីរ នៅ​ដើម​ទឹក​ទី​៣ ខណៈ​ពួក​គេ​នៅ​តែ​បន្ត​សកម្មភាព​វាយ​បក​គ្នា​ក្នុង​សភាព​គ្មាន​រស​ជាតិ​។
ក្រោយ​ការ​ព្រមាន​ ភេឌី ម៉ឺនសុភា បាន​សម្រេច​ចិត្ត​ចូល​វាយ​លុក​ដោយ​គេ​បាន​ចូល​ទាត់ និង​ប្រើ​ប្រាស់​កណ្តាប់​ដៃ​ឆ្វេង​ស្តាំ​ម៉ាត់​សន្ធាប់​ចូល​ផ្ទៃ​មុខ អូត ភូថង លឿនៗ។ ផ្ទុយ​ទៅ​វិញ​អ្នក​ប្រដាល់​ចាស់​វស្សា​មក​ពី​សមាគម​កីឡា​ប្រដាល់​ក្រសួង​ ការពារ​ជាតិ នៅ​តែ​រក្សា​ការ​ទាត់​ចេញ​មួយៗ ដើម្បី​ទប់​ស្ថានភាព​នៃ​ការ​ប្រកួត​។
តែ​ទោះ​បី​ជា​យ៉ាង​ណា​ នៅ​ពេល ម៉ឺនសុភា បង្កើន​ការ​ទាត់ និង​ម៉ាត់​ចូល​ផ្ទៃ​មុខ​របស់​គេ​កាន់​តែ​ខ្លាំង​នោះ អូត ហាក់​បាន​បង្កើន​ការ​វាយ​បក​វិញ​ ច្រើន​ជាង​បណ្តា​ទឹក​កន្លង​មក ប៉ុន្តែ​ស្នៀត​ទាត់​របស់​គេ នៅ​តែ​ស្ថិត​ក្រោម​ការ​វាយ​ប្រហារ​ដោយ​កណ្តាប់​ដៃ​ដ៏​លឿន​របស់ ម៉ឺនសុភា ដដែល។
ដោយ​សារ​អត់​វិធីសាស្រ្ត​ក្នុង​ការ​ទប់​ស្កាត់​ពី​ការ​ទាត់ និង​ម៉ាត់​ចូល​ពេញៗ​របស់ ម៉ឺនសុភា នោះ អូត បាន​បង្ខំ​ចិត្ត​ប្រើ​ដៃ​ទាំង​ពីរ​របស់​ខ្លួន​ចូល​ប្តូរ​ជា​មួយ ម៉ឺនសុភា ហើយ​នៅ​ពេល ម៉ឺនសុភា ចូល​កៀក​នោះ អូត បាន​ស្ទុះ​ចូល​បុក​ជង្គង់ និង​វាយ​កែង​ថែម​យ៉ាង​លឿន។ ស្នៀត​ទាំង​នេះ​បាន​ធ្វើ​ឲ្យ ម៉ឺនសុភា បង្ហាញ​អាការៈ​ភិតភ័យ​នៅ​ពេល អូត ចាប់​ក្រៀក​បាន​ម្តងៗ ហើយ​ស្ថានភាព​នេះ បាន​ផ្តល់​ឱកាស​ឲ្យ អូត អាច​ប្រើ​ទម្ងន់​ជើង​ទាត់​សន្ធាប់​ខ្លាំង​ទៅ​លើ ម៉ឺនសុភា បាន​យ៉ាង​ល្អ។
តែ​ទោះ​បី​ជា​យ៉ាង​ណា​ក្រោយ​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី​៥​ភ្លាម អ្នក​ទស្សនា​ប្រមាណ​៨០​ទៅ​៩០​ភាគរយ ដែល​បាន​ចូល​រួម​ទស្សនា​នៅ​សង្វៀន​ផ្ទាល់​បាន​ស្រែក​ខ្លាំងៗ​ថា​៖​«​ក្រហម​ (ភេឌី ម៉ឺនសុភា)​ឈ្នះ!​ក្រហម​ឈ្នះ!» ប៉ុន្តែ​ស្ថិត​ក្នុង​បរិយាកាស​ដ៏​អាប់អួ​នោះ​លោក មាស សុខគ្រី បាន​ញាក់​ភ្នែក​ឲ្យ​គណៈកម្មការ​វិនិច្ឆ័យ​ប្រកាស​ឲ្យ អូត ភូថង ស្មើ​ពិន្ទុ​ជាមួយ ភេឌី ម៉ឺនសុភា ជា​ឯកច្ឆន្ទ ហើយ​ការ​សម្រេច​នោះ បាន​ធ្វើ​ឲ្យ​មាន​ការ​ស្រែក​រិះគន់​ខ្លាំងៗ​ពី​អ្នក​ទស្សនា។
ឆ្លើយ​តប​ទៅ​នឹង​សំណួរ ដែល​សួរ​ថា តើ​ឯង​យល់​បែប​ណា​ចំពោះ​ការ​កាត់​សេចក្តី​នេះ? អ្នក​ប្រដាល់​វ័យ​១៩​ឆ្នាំ ភេឌី ម៉ឺនសុភា បាន​ឆ្លើយ​ទាំង​ស្ទាក់​ស្ទើរ​ថា​៖​«​ខ្ញុំ​ក៏​មិន​ដឹង​ពី​ការ​កាត់​សេចក្តី​ នេះ​ដែរ ប៉ុន្តែ​មុន​ពេល​គេ​ប្រកាស​លទ្ធ​ផល​នេះ ខ្ញុំ​ជឿ​ថា​ ខ្ញុំ​ជា​អ្នក​ឈ្នះ ព្រោះ​ខ្ញុំ​បាន​វាយ​ចូល​គាត់​ច្រើន»។
ចំណែក​លោក ភេឌី គ្រូ​បង្វឹក​ធំ​របស់ ភេឌី ម៉ឺនសុភា ហាក់​មិន​សប្បាយ​ចិត្ត​ចំពោះ​សកម្មភាព​វាយ​លុក​របស់ ម៉ឺនសុភា នោះ​ឡើយ។ ជន​ជាតិ​អាហ្វ្រិក​រូប​នេះ បាន​ធ្វើ​ការ​ណែនាំ​ដល់ ម៉ឺនសុភា ក្រោយ​ការ​ប្រកួត​ថា​៖​«​ជា​អ្នក​ប្រដាល់​ម្នាក់​ត្រូវ​តែ​មាន​ភាព​ជឿជាក់​ ក្នុង​ការ​វាយ​លុក​របស់​ខ្លួន ព្រោះ​ភាព​ជឿ​ជាក់​បាន​ធ្វើ​ឲ្យ​ការ​វាយ​ចេញ​បាន​លឿន និង​មាន​ទម្ងន់»។
លោក​បាន​បញ្ជាក់​ប្រាប់​សិស្ស​របស់​ខ្លួន​ទៀត​ថា​៖​«​វាជា​ការ​ងាយ​ស្រួល ​ បំផុត​ក្នុង​ការ​យក​ឈ្នះ​លើ អូត ភូថង ព្រោះ​គេ​បាន​បង្ហាញ​អាការៈ​ហត់​ស្ទើរ​តែ​ដក​ដង្ហើម​លែង​ដល់​គ្នា​ទៅ​ហើយ ប៉ុន្តែ​ឯង​បែរ​ជា​មាន​ភាព​ស្ទាក់ស្ទើរ​ក្នុង​ការ​ចូល​វាយ​លុក​ទៅ​វិញ»៕

Comments system

Disqus Shortname