អាពាហ៍ពិពាហ៍ របស់លោក អ៊ុក ណារីម និងឆោម ឆពុំ បានប្រព្រឹត្ដដោយភាពអធឹកអធមបំផុត ក្រោមការចាត់ចែង របស់លោកជំទាវ ប៊ុន រ៉ានីហ៊ុនសែន ហើយក៏មានភ្ញៀវកិត្ដិយសសុទ្ធតែជាមន្ដ្រីជាន់ខ្ពស់ និងជាភរិយា របស់មន្ដ្រីធំក្នុងជួររាជរដ្ឋាភិបាល។ អាពាហ៍ពិពាហ៍ តារាចម្រៀងមួយគូរនេះ នឹងទទួលភ្ញៀវ ចំនួនជាង១០០តុនៅអាគារ G កោះពេជ្រ នាល្ងាចថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១២។
ពិធីនេះ បានប្រារឰទៅដោយរលូន ហើយគ្មានអ្នកណា ម្នាក់ទ្រាំមិនស្ងើចសរសើរចំពោះអាពាហ៍ពិពាហ៍របស់តារាពីរដួងនេះទេ នឹងអាចនិយាយបានទៀតថា ជាប្រវត្ដិសាស្ដ្រនៃមង្គលការរបស់តារាសិល្បៈខ្មែរ។ ទោះជាធ្លាប់មានពិធីមង្គលការរបស់អ្នកសិល្បៈមុនៗ ក៏មិនអាចប្រៀបផ្ទឹមបានដែរ។
ក្បួនហែរជំនូនដ៏សម្បូរហូរហៀរ បស់តារាមានវាសនាខ្ពស់ពីរដួង បានរំលេចចេញនូវភាពអឹកអធឹក ដោយសារតែអ្នកហែរជំនូនជាង១០០គូរ មានស្លៀកពាក់យ៉ាងមានរបៀបរៀបរយមានអ្នកខ្លះចង ក្បិន អ្នកខ្លះទៀតពាក់តឺនុយអាវធំ និងមួយចំនួនទៀតសុទ្ធតែអ្នកធំ។ យើងគិតពីច្រកចូលរហូតដល់រោងជ័យឃើញមានកម្លាំងការពារ ដែលមិនខុសពីអាពាហ៍ពិពាហ៍របស់កូនមន្ដ្រីធំនោះឡើយ។
ពិធីកាត់សក់បង្កក់សិរីបានមកដល់កូនកំលោះអ៊ុក ណារីម និងកូនក្រមុំឆោម ឆពុំ ប្រកបដោយទឹកមុខអររំភើបរីករាយឥតឧបមា។
លោកជំទាវគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏បានចូលរួមកាត់សក់ដល់កូនកំលោះ កូនក្រមុំ និងជូនពរឱ្យស្រឡាញ់គ្នាដល់ចាស់កោងខ្នង នឹងដើម្បីជាការលើក មុខមាត់ដល់គូរភរិយាថ្មីលោកជំទាវបានជូនគ្រឿងពេជ្រមួយឈុតមានតម្លៃ រាប់ម៉ឺនដុល្លារ ហើយត្រូវគេបានដឹងថា តារាចម្រៀងពីរដួងនេះត្រូវជាកូនធម៌ របស់សម្ដេចនិងលោកជំទាវមានរយៈពេល៦ឆ្នាំ មកហើយ។
គួររំលឹកថា សម្ដេចហ៊ុន សែន និងលោកជំទាវ បានផ្សំផ្គុំឱ្យពួកគេទាំងពីរមានពិធីមង្គលការនេះ ឡើងតាមបំណងប្រាថ្នា ហើយបានឱ្យលោកឧត្ដមសេនីយ ហ៊ីង ប៊ុនហៀង និងលោកស្រីធ្វើជាមេបាខាងស្រី។ នាងឆោម ឆពុំ មានឈ្មោះពិតគឺឆោម សុជាតា កើតថ្ងៃទី៩ខែធ្នូឆ្នាំ១៩៨២ នៅឃុំកូប ស្រុកសេរីសោភ័ណ ខេត្ដបាត់ដំបង។ ចំពោះលោកអ៊ុក ណារីម កើតថ្ងៃទី៣ខែកក្កដា ឆ្នាំ១៩៨១ នៅក្រុងភ្នំពេញ៕