Monday, June 18, 2012

មុខសញ្ញា បន្លំលួច ទ្រព្យសម្បត្តិ និងគ្រឿង អលង្ការ របស់អាជីវករ តាមផ្សារ ត្រូវ អ.ហ ចាប់ខ្លួនបានមួយសំបុក

www.dap-news.com 
ខេត្តបន្ទាយមានជ័យ ៖ មុខសញ្ញាក្រុមចោរ លួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ និង គ្រឿងអលង្ការ លុយកាក់តាមផ្សារ នៅតាមបណ្តាខេត្តទាំង២៤ របស់កម្ពុជា មកអស់ ល័ក្ខជាប់អន្ទាក់កម្លាំង កងរាជអាវុធហត្ថ (អ.ហ) ខេត្តបន្ទាយមានជ័យ បន្ទាប់ពីបានធ្វើ សកម្មភាពបន្លំលួចយកគ្រឿងអលង្ការ របស់អាជីវករលក់ មាសក្នុងផ្សារអគ្គ សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត ហើយរត់គេចខ្លួនចូលក្រុងសិរីសោភ័ណ ត្រូវកម្លាំង អ.ហ ឃាត់ខ្លួនបានចំនួន ០៦នាក់ បញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់។
លោក ហម មុត មេបញ្ជាការ អ.ហ ក្រុងប៉ោយប៉ែត បានឲ្យដឹងថា ជាលទ្ធផលជំហ៊ានដំបូងកម្លាំង របស់លោក បានធ្វើការឃាត់ខ្លួនក្មេងប្រុសម្នាក់ជាអនីតិជន អាយុ ១២ឆ្នាំ ដែលមានអាសយដ្ឋានមិនពិតប្រាកដ បន្ទាប់ពីក្មេងប្រុសនេះ បានធ្វើសកម្មភាពលួចមាស របស់ជនរងគ្រោះឈ្មោះ លីណា ហៅ គុយ ភេទស្រី អាយុ ៥៥ឆ្នាំ ជាអាជីវករលក់គ្រឿងអលង្ការ នៅផ្សារអគ្គ ដោយពុំបានសម្រេច ហើយម្ចាស់បានប្ដឹងមកសមត្ថកិច្ច ដែលប្រចាំការនៅទីនោះរហូត ឈានដល់ការចាប់ខ្លួន យកមកសួរ នាំ ទើបឈានដល់ការចាប់ខ្លួន ជនសង្ស័យ៤នាក់ទៀត នៅចំណុចទីរួមខេត្តបន្ទាយមានជ័យ មានឈ្មោះ  មាឃទ្រី ភេទប្រុស អាយុ ២៣ឆ្នាំ, ២. ជួប លីណា ភេទស្រី អាយុ ៥០ឆ្នាំ អ្នកទាំងពីរ រស់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ, ៣. កែវ សុភ័ក្ត្រ អាយុ ៥៤ឆ្នាំ, ៤.ច័ន្ទ ស្រី ភេទស្រី អាយុ ៤៩ឆ្នាំ អ្នកទាំងពីរនេះ រស់នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ក្រោយពីឃាត់ខ្លួន ជនទាំង៤នាក់នេះ ដោយសមត្ថកិច្ចអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានសហការ ជា មួយ  អ.ហ បាត់ដំបង ក៏ឈានទៅដល់ការឃាត់ខ្លួន បក្ខពួកម្នាក់ទៀត ឈ្មោះ ហង្ស លីនដា ហៅ ស្រីម៉ៅ អាយុ ១៨ឆ្នាំ ដែលស្នាក់នៅ ផ្ទះសំណាក់គោកធ្លោក។
លោក ម៉ែន ភិរម្យ មេបញ្ជាការរង និង ជាប្រធានមន្ទីរស្រាវជ្រាវយុត្តិធម៌ អ.ហ ខេត្តបន្ទាយមានជ័យ បានឲ្យដឹងនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១២ថា ជនសង្ស័យទាំង ៦នាក់ បានសារភាពថា ពួកគេធ្លាប់ធ្វើសកម្មភាពលួច នៅតាមបណ្ដាផ្សារ នៅក្នុងក្រុងភ្នំពេញ និងផ្សារនៅតាមបណ្ដាខេត្ត ស្ទើរតែទូទាំងប្រទេស ចុងក្រោយនេះក៏ត្រូវ អ.ហ ចាប់ខ្លួននៅខេត្តបន្ទាយមានជ័យ គឺនៅថ្ងៃទី ១៣ មិថុនា ២០១២ ពួកគេបានធ្វើសកម្មភាព លួចនៅផ្សារខេត្តព្រះវិហារ បានប្រាក់ដុល្លារ ១៥០ដុល្លារ និងប្រាក់ខ្មែរ ៩៨០.០០០រៀល ហើយបន្តមកធ្វើសកម្មភាពនៅផ្សារអគ្គ ជាយដែនប៉ោយប៉ែត ក៏ត្រូវ អ.ហ ចាប់បានតែម្តង។
លោក ម៉ែន ភិរម្យ បានបន្តថា ប្រតិបត្តិការបង្រ្កាបចោរលួចទាំងនេះ រឹបអូសបានវត្ថុតាងមួយចំនួន រួមមានរថយន្ត ម៉ាកកាមរីស៊េរី៨៩ ពណ៌គ្រាប់អម្ពិល មួយគ្រឿង ពាក់ស្លាកលេខ ភព ២គ៨៩៣៩ និង ម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ១២៥ ស៊េរី២០០៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AG-1280 ក្រុមចោរលួចនេះ ធ្លាប់ធ្វើ សកម្មភាពលួចប្រាក់ ឈ្មោះ កៃ វណ្ណា ភេទប្រុស អាយុ ៤៧ឆ្នាំ ជាអាជីវករ លក់មាស ដូរលុយ នៅក្រោយផ្សារអូរអំបិល ក្នុងភូមិសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ កាលពីថ្ងៃទី ២៨ ខែ មីនា ២០១២កន្លងទៅ ដោយក្នុងនោះ លួចបានប្រាក់ដុល្លារចំនួន ៧៤៥០ ដុល្លារ ប្រាក់ថៃ ១២៥.០០០ បាត ប្រាក់ខ្មែរ ២៤លានរៀល ផងដែរ។ បច្ចប្បន្ន ក្រោយសួរនាំជនសង្ស័យទាំង ០៦នាក់ រួមជាមួយវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការបន្តតាមច្បាប់៕
www.dap-news.com
www.dap-news.com
www.dap-news.com
www.dap-news.com

Comments system

Disqus Shortname