ការប្រឡងមធ្យមសិក្សាទុតិយភូមិ
ឆមាសលើកទី២ នៅទូទាំងប្រទេស បានប្រព្រឹត្តិទៅ ២ ថ្ងៃមកហើយ។
បើតាមការលើកឡើងរបស់យុវសិស្សមួយចំនួន ថា
នៅតាមវិទ្យាល័យនៅភ្នំពេញខ្លះ គ្រូរិតបណ្ដឹងខ្លាំង ក៏បុន្តែ
នៅតែអាចលួចមើលបានខ្លះ។
យុវជន យ៉ាង ណារ៉ា
សិស្សប្រឡងនៅវិទ្យាល័យសន្ធរម៉ុក បាននិយាយថា “តឹងណាស់
កុំថាដល់ក្រដាស ត្រឹមទូរស័ព្ទក៏គ្រូប្រមូល យកទៅទុកអស់ហើយ”។
បើទោះជាយ៉ាងនេះក្ដី ណារ៉ា អះអាងថា
រូបគេនិងមិត្តភ័ក្តរួមបន្ទប់ នៅតែអាចចម្លងបាន
រយៈពេលពីរថ្ងៃកន្លងមកនេះ។
ស្របគ្នានឹងការលើកឡើងខាងលើ
យុវជន អាឈូ សិស្សប្រឡងនៅវិទ្យាល័យសន្ធរម៉ុកដែរនោះ
បាននិយាយថា ”ការប្រឡងមានភាពតឹងរ៉ឹង
ប៉ុន្តែអាចមានឱកាសចម្លងគ្នាបានខ្លះ”។
ចំណែកការប្រមូលលុយឲ្យអនុរក្ស ជាថ្នូរនឹងការបើកចម្លងវិញ
នៅតែមាន ហើយសម្រាប់ប្អូន បើមុខវិជ្ជាណាចេះ
ប្អូនមិនឲ្យឡើយ គឺធ្វើតាមសមត្ថភាព។
មិនខុសពីអ្នកខាងលើប៉ុន្មាននោះទេ
សម្រាប់ កញ្ញា ជា សូធីតា កំពុងដើរចូលប្រឡងនៅ
វិទ្យាល័យបាក់ទូក បានឲ្យដឹងថា ចំពោះការប្រមូលលុយឲ្យអនុរក្ស
មិនមានទេក្នុងបន្ទប់ប្អូន ប៉ុន្តែការចម្លងគ្នា
នៅតែមានតិចតួចដែរ
តែភាគច្រើនប្រើប្រាស់គំនិតផ្ទាល់ខ្លួនច្រើនជាង
ចំណែកឯកសារយកទៅមើលក៏មិនមានដែរ
ព្រោះខាងអនុរក្សនៅមណ្ឌលប្អូន ឆែកមុនចូលក្នុងមណ្ឌល។
ទៅមើលការប្រឡងនៅខេត្តស្វាយរៀងវិញ លោក ជូ វណ្ណា
គ្រូបង្រៀនភាសាអង់គ្លេស នៅ វិទ្យាល័យហ៊ុន សែន ដូនសរ ស្រុកស្វាយជ្រំ
ខេត្តស្វាយរៀង បានឲ្យដឹងថា ស្ថានភាព ប្រឡងឆមាសទី២
រយៈពេល២ថ្ងៃនេះ មិនមានភាពមិនប្រក្រតីកើតឡើងនោះទេ
គឺស្ថានភាព ស្ងប់ស្ងាត់តែម្ដង។
បើទោះបីជាមានការលើកឡើងបែបនេះក្ដី បើតាមការអះអាងរបស់
យុវតី ម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបញ្ជាក់ថា
សិស្សប្រឡងនៅក្នុងបន្ទប់ជាមួយប្អូននៅតែលួចមើលគ្នាបាន
ហើយនៅតែអាចបើកសំណៅឯកសារបានដដែល។ ចំពោះសូកប៉ាន់គ្រូ
ដើម្បីជាថ្នូរនឹងការលួចចម្លង និងមើលគ្នា គឺនៅតែកើតមាន
ជាពិសេសនៅម៉ោងមុខវិជ្ជាសំខាន់ៗ។
Sabay បានព្យាយាមទាក់ទង
ទៅខាងក្រសួងអប់រំដែរ ប៉ុន្តែមិនទាន់អាច
សុំការអធិប្បាយពីមន្ត្រីណាម្នាក់បាននោះទេ ដោយមន្ត្រីទាំងនោះ
ឆ្លើយថា ”រវល់ប្រជុំ” និងមិនព្រមលើកទូរស័ព្ទ។ ដូចគ្នាដែរ
ខាងសមាគម គ្រូបង្រៀន ឯករាជ្យមិនអាចទាក់ទងបានទេនៅរសៀលនេះ៕