Wednesday, June 20, 2012

រោងចក្រ​អគ្គិសនី​តម្លៃ​$៣៧០​លាន​នៅ​កំពត​ចាប់​ផ្តើម​ខែ​១១

កំពតៈ ក្រុមហ៊ុន​អភិវឌ្ឍន៍​កំពង់ផែ​ខេត្ត​កំពត នឹង​សាងសង់​រោងចក្រ​ថាមពល​អគ្គិសនី​ដើរ​ដោយ​ថាមពល​ធ្យូង​ថ្ម​ដែល​ជា​ ការ​វិនិយោគ​រួម​គ្នា​ជា​មួយ​វិនិយោគិន​ចិន​ក្នុង​ចំនួន​ទឹក​ប្រាក់​ជិត​ ៤០០​លាន​ដុល្លារ​អាមេរិក​ ខណៈ​មន្ត្រី​បក្ស​ប្រឆាំង​បង្ហាញ​ពី​ក្តី​បារម្ភ​លើ​ផល​ប៉ះពាល់​បរិស្ថាន។
លោក ​វិញ ​ហួរ​ ប្រធាន​ក្រុមហ៊ុន កំពង់ផែ​កំពត​បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​កាល​ពី​ថ្ងៃ​ចន្ទ​ថា ​ការ​ចាប់​ផ្តើម​សាង​សង់​រោងចក្រ​នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​ក្នុង​ខែ​ វិច្ឆិកា​ខាង​មុខ និង​ចំណាយ​ពេល​៣០​ខែ ​ក្នុង​ការ​បញ្ចប់​។​ រោងចក្រ​អគ្គិសនី​នេះ​នឹង​សាងសង់​នៅ​លើ​ផ្ទៃ​ដី​៣០​ហិកតា​ក្នុង តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​កំពត ដោយ​មាន​ការ​ផ្តត់​ផ្គង់​ធ្យូង​ថ្ម​ពី​ប្រទេស ​ឥណ្ឌូនេស៊ី។ នេះ​បើ​តាម​លោក​វិញ ហួរ។​
លោក​បាន​បន្ត​ថា ​រោងចក្រ​ដើរ​ដោយ​ថាមពល​ធ្យូង​ថ្ម​នេះ​នឹង​ផលិត​ថាមពល​២៧០​មេហ្គាវ៉ាត់ ​នឹង​ដាក់​ឲ្យ​ដំណើរ​ការ​១៣៥​ម៉េហ្គាវ៉ាត់ ក្នុង​ដំណាក់​កាល​ដំបូង។
ការ​វិនិយោគ​សរុប​ក្នុង​គម្រោង​នេះ​ មាន​ទឹក​ប្រាក់ ​៣៧០​លាន​ដុល្លារ ​ក្នុង​នោះ​ ២៧០​លាន​ដុល្លារ​សម្រាប់​ការ​សាងសង់​រោងចក្រ​អគ្គិសនី​ និង​១០០​លាន​ដុល្លារ​សម្រាប់​ គម្រោង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ក្នុង​តំបន់​។ ​នេះ​បើ​តាម​លោក វិញ ​ហួរ​។
អភិបាល​ខេត្ត​កំពត ​លោក ​ខូយ ​ឃុនហ៊ូរ ​បាន​ឲ្យ​ដឹង​ថា ​ការ​បង្កើត​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ថាមពល​ធ្យូង​ថ្ម​នេះ គឺជា​ការ​បំពេញ​បន្ថែម​លើ​លទ្ធភាព​ផលិត​អគ្គិសនី​ដោយ​ទំនប់​វារី​ អគ្គិសនី​កំចាយ។ ​លោក​បន្ត​ថា​៖​ «​មាន​ភ្លើង​កាន់​តែ​ច្រើន​គឺ​កាន់​តែ​ល្អ ​ព្រោះ​អាច​ធ្វើ​ឲ្យ​តម្លៃ​អគ្គិសនី​ចុះ​ថោក ​ហើយ​វា​ក៏​ជា​ផ្នែក​នៃ​ការ​ទាក់ទាញ​វិនិយោគ​ផង​ដែរ​»។  លោក​បន្ថែម​ថា ​នៅ​ពេល​មាន​ការ​វិនិយោគ ​វា​នឹង​ជួយ​បង្កើត​ការងារ​ឲ្យ​ប្រជាជន​ក្នុង​តំបន់​ និង​រួម​ចំណែក​ដល់​ការ​កាត់​បន្ថយ​ចំណាក​ស្រុក​។
លោក ​វិញ ​ហួរ ​បាន​ឲ្យ​ដឹង​ថា ​ថាមពល​អគ្គិសនី​ដែល​ផលិត​បាន​នឹង​ត្រូវ​ផ្គត់ផ្គង់​ដល់​រោងចក្រ ​ចម្រាញ់​ប្រេង​​មួយ​នៅ​តំបន់​ក្បែរ​នោះ ហើយ​ក្រៅ​ពីនោះ​គឺ​ត្រូវ​ផ្គត់ផ្គង់​នៅ​រោងចក្រ​ផ្សេងៗ​នៅ​តំបន់​សេដ្ឋកិច្ច ​ពិសេស ​ដែល​នឹង​មាន​ឧស្សាហកម្ម​ធុនធ្ងន់​ច្រើន​ ដូច​ជា​ រោងចក្រ​ស្លដែក ​រោង​ម៉ាស៊ីន​កិន​ស្រូវ​។ ​ លោក​បន្ត​ថា៖​ «រោងចក្រ​ស្ល​ដែក​មួយ​របស់​ចិន ​ក៏​កំពុង​សិក្សា​ពី​លទ្ធភាព​សាង​សង់​រោងចក្រ​ដើម្បី​ផលិត​ដែក​៥​លាន​ តោន​ក្នុង​មួយ​ឆ្នាំ​នៅ​តំបន់​នោះ​ដែរ»។
លោក ​ស៊ុយ សែម ​រដ្ឋ​មន្ត្រី​ក្រសួង​ឧស្សាហកម្ម​រ៉ែ ​និង​ ថាមពល ​បាន​ប្រាប់​អ្នក​សារ​ព័ត៌មាន​នៅ​ពេល​ចុះ​ហត្ថលេខា​ទទួល​ជំនួយ​ហិរញ្ញវត្ថុ​ ពី អង្គការ​អភិវឌ្ឍន៍​ឧស្សាហកម្ម​សហ​ប្រជាជាតិ​ កាល​ពី​ថ្ងៃ​១៤​ មិថុនា​ ថា​ រោងចក្រ​អគ្គិសនី​នោះ​ផលិត​អគ្គិសនី​សម្រាប់​តែ​ផ្គត់ផ្គង់​នៅ​ក្នុង​តំបន់​ សេដ្ឋកិច្ច​ប៉ុណ្ណោះ​។​
លោក​បន្ត​ថា​ កម្ពុជា​មាន​ទំនប់​វារីអគ្គិសនី​បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់ ​ហើយ​មួយ​ចំនួន​ទៀត​កំពុង​សាងសង់។ ចំណែក​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ថាមពល​ធ្យូង​ថ្ម ​ក៏​មាន​ច្រើន​កំពុង​សាងសង់​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ និង ខេត្ត​កោះកុង​ផង​ដែរ។ លោក​ថ្លែង​ថា ​បន្ទាប់​ពី​ឆ្នាំ​២០១៥​ កម្ពុជា​មិន​មាន​កង្វល់​លើ​បញ្ហា​អគ្គិសនី​នោះ​ទេ​។
បើទោះបី​ការ​វិនិយោគ​លើ​វិស័យ​ថាមពល ជា​ការ​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​សេដ្ឋកិច្ច ក៏​ដោយ ប៉ុន្តែ​ការ​សិក្សា​ពី​ផល​ប៉ះពាល់​បរិស្ថាន​គួរ​ត្រូវ​បាន​ធ្វើ​ឡើង​។
លោក ​សុន ​ឆ័យ ​តំណាង​រាស្រ្ត​គណបក្ស​សម រង្ស៊ី ​បាន​ឲ្យ​ដឹង​ថា ការ​សាងសង់​នៅ​តំបន់​ឆ្នេរ​ មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ប៉ះពាល់​បរិស្ថាន​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​វា​ក៏​ប៉ះពាល់ ​ដល់​ទេសចរណ៍​ផង​ដែរ។ លោក​បាន​បន្ត​ថា៖ «ការ​សាង​សង់​រោងចក្រ​ថាមពល​អគ្គិសនី​ដើរ​ដោយ​ថាមពល​ធ្យូង​ថ្ម​បង្ក​ ការ​ប៉ះ​ពាល់​ខ្លាំង​ដល់​បរិស្ថាន​ ពិសេស​នៅ​តាម​តំបន់​ឆ្នេរ»។ លោក​បន្ត​ថា រាល់​ការ​សាង​សង់​រោងចក្រ​ថាមពល​អគ្គិសនី​រដ្ឋាភិបាល​មិន​ដែល​ដាក់​ឲ្យ ​មាន​ការ​ដេញ​ថ្លៃ​នោះ​ទេ ​ប៉ុន្តែ​បែរ​ជា​ធ្វើ​ច្បាប់​ឲ្យ​រដ្ឋសភា​ធានា​លើ​តម្លៃ​អគ្គិសនី​ដែល​ ក្រុមហ៊ុន​ចេញ​លក់​ទៅ​វិញ ​ដែល​រាល់​តម្លៃ​ទាំង​អស់​សុទ្ធ​តែ​ខ្ពស់​ជាង​ប្រទេស​ជិត​ខាង​។ ​លោក​ថ្លែង​ថា៖​ «នៅ​ប្រទេស​គេ​ផ្សេង ​គេ​មិន​ដែល​ឲ្យ​រដ្ឋ​សភា​ធានា​ទៅ​លើក​តម្លៃ​អ៊ីចឹង​ទេ ​វា​មិន​មាន​តម្លាភាព​នោះ​ទេ​។ គេ​ធ្វើ​ត្រូវ​រ៉ូវ​គ្នា​រួច​ហើយ​យក​មក​ឲ្យ​រដ្ឋ​សភា​ធានា​»៕

Comments system

Disqus Shortname