លោក គន់ គីម (ស្តាំ) លោកនាង ផាត និងលោក ទៀ បាញ់កាលពីកន្លងមក។ រូបថត ហេង ជីវ័ន |
នាយរងកងពលតូចមួយរូប ដែលមានមូលដ្ឋាននៅឃុំត្រពាំងប្រាសាទ បានថ្លែងថា មនុស្សប្រមាណ ១៥០០ នាក់ ដែលរួមមានទាំងមេបញ្ជាការ មេបញ្ជាការរង និងកូនទាហាន មកពីកងវរសេនាតូចចំនួន ៤ ដែលក្នុងនោះ មានវរសេនាតូចលេខ ២៦១, ២៦២, ២៦៣ និង ២៦៤ ក្នុងឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ នឹងផ្ញើស្នាមមេដៃរបស់ខ្លួន នៅក្នុងសប្តាហ៍នេះ ប្រឆាំងនឹងនាយឧត្តមសេនីយ៍ផ្កាយ ៤ គន់ គីម នាយសេនាធិការចម្រុះ និងជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ជុំវិញការកាត់ដីរបស់ពួកគេ ប្រមាណ ៥ ពាន់ហិកតាហើយលក់ទៅឲ្យក្រុមហ៊ុនវៀតណាម ២ គឺក្រុមហ៊ុន Best Royal និង Taining។
នាយរងសេនាធិការ ដែលស្នើសុំមិនបញ្ចេញឈ្មោះរូបនោះ បានថ្លែងប្រាប់ភ្នំពេញ ប៉ុស្តិ៍ តាមទូរស័ព្ទ កាលពីថ្ងៃអាទិត្យម្សិលមិញថា កាលពីពេលថ្មីៗនេះ លោក ឧត្តមសេនីយ៍ គន់ គីម បានកាត់ដីប្រមាណ ៥ ពាន់ហិកតា ដែលជាដីរបបយោធារបស់មេបញ្ជាការ មេបញ្ជាការរង និងពលទាហាន ក្នុងឃុំត្រពាំងប្រាសាទលក់ទៅឲ្យក្រុមហ៊ុនវៀតណាមទាំង ២ ដើម្បីដាំដើមកៅស៊ូ។ លោកបន្ថែមថា កាលពីសប្តាហ៍មុន ក្រុមហ៊ុន Best Royal និង Taining បានប្រើគ្រឿងចក្ររបស់ពួកគេ ឈូសឆាយរានដីរបបទាហាន អស់ប្រមាណ ៤ ពាន់ហិកតាហើយ។ លោកបន្តថា ក្នុងពេលធ្វើសកម្មភាពឈូសរាននោះ ក្រុមហ៊ុនបានបំផ្លិចបំផ្លាញផលដំណាំស្រូវ និងចម្ការដំណាំដទៃទៀតរបស់ទាហានទាំងស្រុង ហើយទង្វើរបស់ពួកគេប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់ជីវភាពរស់ នៅរបស់គ្រួសារទ័ព។
លោកថ្លែងប្រាប់ភ្នំពេញ ប៉ុស្តិ៍កាលពីថ្ងៃម្សិលមិញថា៖«មេបញ្ជាការ និងទាហានរបស់យើងឥឡូវនេះមិនពេញចិត្តទេ មានកំហឹង និងខកចិត្តខ្លាំងណាស់ ចំពោះឧត្តមសេនីយ៍ គន់ គីម ព្រោះគាត់បានកាត់ដីពួកយើង ហើយលក់ទៅឲ្យក្រុមហ៊ុនវៀតណាម»។ លោកបន្តថា៖ «ការកាត់ដីទាហានដោយឧត្តមសេនីយ៍ គន់ គីម ទៅលក់ឲ្យក្រុមហ៊ុនវៀតណាមនេះ ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ទៅដល់ស្មារតីប្រយុទ្ធ និងជំហរនៅក្នុងការការពារព្រំដែនកម្ពុជាទៅថ្ងៃអនាគត»។ លោកបញ្ជាក់ថាក្រុមគ្រួសារទាហាន ដែលទទួលរងគ្រោះ កំពុងតែប្រមូលស្នាមមេដៃ ដើម្បីដាក់ជូនលោកនាយករដ្ឋមន្ត្រីសុំជួយអន្តរាគមន៍ ក្នុងរយៈពេល ៣-៤ ថ្ងៃខាងមុខនេះ។
យោងតាមសេចក្តីរាយការណ៍ពីទាហានមួយចំនួន បានអះអាងថា មានគ្រួសារទាហានប្រមាណ ១ ៥៩៧ គ្រួសាររស់នៅក្នុងភូមិ-ឃុំត្រពាំងប្រាសាទ ដោយរស់នៅបង្កបង្កើនផលស្រូវ និងដំណាំដទៃទៀតតាំងពីឆ្នាំ ២០០៩ មក។ ដីទាហានខាងលើនេះ ជាដីគោលនយោបាយ បែងចែករបស់រដ្ឋាភិបាល ហើយត្រូវបានប្រគល់ឲ្យដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅឆ្នាំ ២០១១។
លោក ឧត្តមសេនីយ៍ទោ ឈុំ ខេង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ ៦ បានថ្លែងថា មកទល់ថ្ងៃអាទិត្យម្សិលមិញ មានដីទាហាន ស្រូវ ស្រែនិងដំណាំដទៃទៀតរបស់គ្រួសារទាហានជាង ៤ ពាន់ហិកតាហើយ ត្រូវបានឈូសរាន និងបំផ្លិចបំផ្លាញដោយក្រុមហ៊ុន Best Royal និង Taining។ លោកបន្តថា ការឈូសរានដីទាហានទាំងនេះ ពិតជាធ្វើឲ្យប៉ះពាល់មុខរបរចិញ្ចឹមជីវិត និងជីវភាពរស់នៅរបស់ក្រុមគ្រួសារទាហានយ៉ាងខ្លាំង។ លោក មានប្រសាសន៍ថា៖ «ខ្ញុំពិតជាមិនឯកភាព ទៅនឹងការលក់ដីទាហានទាំងនោះ ទៅឲ្យក្រុមហ៊ុនវៀតណាមទាំង ២ ឡើយ។ ខ្ញុំក៏បានជំទាស់នឹងការឈូសរានដីទាហានយើងផងដែរ»។ លោកបន្តថា៖«ដើម្បីយកដីឲ្យទ័ពយើងវិញ យើងឥឡូវនេះ នៅកំពុងចរចាជាមួយតំណាងក្រុមហ៊ុន និងមន្ត្រីទ័ពជាន់ខ្ពស់ពាក់ព័ន្ធដទៃទៀត»។ លោកបន្ថែមថា លោកក៏មានគម្រោងសុំជួបលោកនាយករដ្ឋមន្ត្រីផ្ទាល់ និងរាយការណ៍ជូនលោក អំពីបញ្ហានេះដែរ បើសិនជាពុំមានដំណោះស្រាយទេនោះ។
នាយឧត្តមសេនីយ៍ គន់ គីម បានបដិសេធការចោទប្រកាន់នេះ ដោយលោកអះអាងថា មកទល់ពេលនេះ រាជរដ្ឋាភិបាល នៅពុំទាន់ផ្តល់ដីនោះដល់ទាហានក្នុងកងពលតូចអន្តរាគមន៍លេខ ៦ និងគ្រួសារពួកគេជាផ្លូវការទេ។ លោកបន្ថែមថា ទាហានកងពលតូចអន្តរាគមន៍លេខ ៦ បានឈូសរានដីរដ្ឋ និងកាន់កាប់ដីនោះដោយខុសច្បាប់ សម្រាប់គ្រួសារខ្លួនឯង ដោយពុំមានការអនុញ្ញាតពីរដ្ឋាភិបាលឡើយ។
លោកបញ្ជាក់ថា៖«មកទល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា នៅពុំទាន់ចេញអនុក្រឹត្យណាផ្តល់ដីទាំងនេះ ដល់ទាហាន និងក្រុមគ្រួសារពួកគេ នៅក្នុងកងពលតូចអន្តរាគមន៍លេខ ៦ នៅឡើយទេ ប៉ុន្តែពួកគេបានឈូសរាន និងកាន់កាប់ដោយខុសច្បាប់»។
លោកអះអាងថា ដីខាងលើនោះ ត្រូវបានរដ្ឋាភិបាល ប្រគល់ទៅឲ្យក្រុមហ៊ុន Best Royal និង Taining ដើម្បីវិនិយោគដាំកៅស៊ូតាំងពីឆ្នាំ ២០០៨ មក។
តំណាងក្រុមហ៊ុនទាំង ២ គឺ Best Royal និង Taining មិនអាចទាក់ទងសុំការបំភ្លឺបានទេ កាលពីថ្ងៃម្សិលមិញ។
លោក ឧត្តមសេនីយ៍ផ្កាយ ៤ ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ និងលោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ក៏មិនអាចទាក់ទងបានដែរ។ ឧត្តមសេនីយ៍ផ្កាយ ៤ ជា តារា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ បានឲ្យដឹងថា មកទល់ពេលនេះ លោកនៅពុំទាន់ទទួលបានរបាយការណ៍អ្វីពីការលក់ដីទាហានទៅឲ្យ ក្រុមហ៊ុនវៀតណាម ឬការឈូសរានដីរបស់ពួកគេ ដោយក្រុមហ៊ុនខាងលើនៅឡើយទេ។ លោកបានគូសបញ្ជាក់ប្រាប់ភ្នំពេញ ប៉ុស្តិ៍ តាមទូរស័ព្ទកាលពីថ្ងៃម្សិលមិញថា៖«យោងតាមបទបញ្ជាសម្តេចនាយក រដ្ឋមន្ត្រី ហ៊ុន សែន ដីដែលផ្តល់ទៅឲ្យទាហាន និងគ្រួសាររបស់ពួកគេ មិនអាចត្រូវរឹបអូស លក់ដោយមន្ត្រី ឬមេបញ្ជាការជាន់ខ្ពស់ណាម្នាក់បានទេ»។
លោក បានបន្តឲ្យដឹងបន្ថែមទៀតថា៖ «អ្នកណាលួច ឬរឹបអូសដីទាហានលក់ឲ្យក្រុមហ៊ុន ឬបុគ្គល គឺបំពានបទបញ្ជាសម្តេច ហ៊ុន សែនយ៉ាងធ្ងន់ធ្ងរហើយខ្ញុំពុំជឿថា គាត់ [គន់ គីម]ធ្វើដូចការចោទប្រកាន់នោះទេ ព្រោះគាត់ ជាមនុស្សដែលអនុវត្តយ៉ាងតឹងរ៉ឹង បទបញ្ជារបស់សម្តេចនាយករដ្ឋមន្ត្រី»៕