Thursday, June 28, 2012

ប៉ូលិស​រារាំង​មិន​ឲ្យ​អ្នក​បឹង​កក់​ទៅ​ស្ដាប់​សវនាការ​សាលាឧទ្ធរណ៍


ក្រុម​អ្នក​បឹង​កក់ ត្រូវ​ប៉ូលិស​ឃាត់​មិន​ឲ្យ​ធ្វើ​ដំណើរ​ទៅ​ស្ដាប់​សវនាការ​សាលាឧទ្ធរណ៍​លើ​ តំណាង​របស់​ខ្លួន នៅ​ផ្លូវ​ព្រះស៊ីសុវត្ថិ នៅ​ព្រឹក​ថ្ងៃ​២៧ មិថុនា ឆ្នាំ​២០១២។

ប៉ូលិស​រារាំង​ប្រជាពលរដ្ឋ​តំបន់​បឹងកក់ ប្រមាណ ១០០​នាក់ មិន​ឲ្យ​ធ្វើដំណើរ​ទៅ​ស្ដាប់​សវនាការ​នៅ​សាលាឧទ្ធរណ៍​លើ​តំណាង​របស់​ពួក​គេ ១៣​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​មិថុនា ឆ្នាំ​២០១២។

កម្លាំង​បង្ក្រាប​បាតុកម្ម នៅ​ម៉ោង​ប្រហែល ៨​ព្រឹក បាន​ឈរ​ធ្វើ​របាំង​រារាំង​មិន​ឲ្យ​ប្រជាពលរដ្ឋ​បឹងកក់ ទាំង​ក្មេង និង​មនុស្ស​ចាស់ ធ្វើ​ដំណើរ​ទៅ​មុខ​សាលាឧទ្ធរណ៍ ដើម្បី​ស្ដាប់​ការ​ជម្រះ​ក្តី​តំណាង​របស់​គេ​ចំនួន ១៣​នាក់ នៅ​ថ្ងៃ​នេះ​ទេ។
ប្រជាពលរដ្ឋ​តំបន់​បឹង​កក់ និង​ក្មេងៗ ដែល​ធ្វើ​ដំណើរ​ទៅ​មុខ​សាលាឧទ្ធរណ៍ ហើយ​ត្រូវ​បាន​អាជ្ញាធរ​រារាំង គឺ​មាន​ពាក់​អាវ​យឺត​ពណ៌​ខ្មៅ និង​មាន​រូប​ផ្កា​ឈូក ព្រមទាំង​កាន់​រូប​ជញ្ជីង ដែល​ពួក​គាត់​អះអាង​ថា មាន​គោលបំណង​ស្វែង​រក​យុត្តិធម៌ និង​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​តំណាង​ពួក​គេ​ចំនួន ១៣​នាក់ ពី​ពន្ធនាគារ។
ស្ត្រី​អ្នក​បឹង​កក់ ១៣​នាក់ ត្រូវ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​កាត់​ទោស​ឲ្យ​ជាប់​គុក​ម្នាក់ៗ​ពី ១​ឆ្នាំ ទៅ ២​ឆ្នាំ​កន្លះ ក្រោម​បទ​កាន់​កាប់​ដី​ខុស​ច្បាប់ និង​បំផ្លាញ​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០១២៕

Comments system

Disqus Shortname