Thursday, June 28, 2012

Google គ្រោង​បង្ហាញ​កុំព្យូទ័រ​បន្ទះ​ស្តើង​តម្លៃ ១៩៩​ដុល្លារ

ក្រុង​ម៉ោនធិនវីយូៈ នៅ​ក្នុង​សន្និសីទ​​ក្រុមហ៊ុន​ផលិត​កម្មវិធី​​របស់​ខ្លួន​នៅ​សប្តាហ៍​នេះ ក្រុម​ហ៊ុន Google Inc គ្រោង​នឹង​ដាក់​បង្ហាញ​កុំ​ព្យូទ័រ​បន្ទះ​ស្តើង​តម្លៃ ១៩៩​ដុល្លារ​ ដោយ​​សហការ​ផលិត​ជាមួយ​នឹង​ក្រុម​ហ៊ុន Asustek Computer Inc របស់​កោះ​តៃ​វ៉ាន់ ។ គម្រោង​ដាក់​បង្ហាញ​នេះ ធ្វើ​ឡើង​ក្នុង​គោល​​បំណង​ប្រកួត​ប្រជែង​ដោយ​ផ្ទាល់​ជាមួយ​នឹង​កុំ​ព្យូទ័រ​ បន្ទះ​ស្តើង iPad របស់​ក្រុម​ហ៊ុន Apple Inc។ នេះ​បើ​​​តាម​ប្រភព​ពីរ​រូប​ដែល​បាន​ដឹង​ពី​បញ្ហា​នេះ។
ប្រភព​ដដែល ដែល​បាន​សុំ​មិន​បង្ហាញ​អត្តសញ្ញាណ ដោយ​សារ​បញ្ហា​នេះ​គឺ​ជា​រឿង​ឯក​ជន បាន​ឲ្យ​ដឹង​ទៀត​ថា កុំ​ព្យូទ័រ​បន្ទះ​ស្តើងដែលមាន​អេក្រង់​ ៧​អ៊ីញ​ន និង​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android​ នឹង​ត្រូវ​​​ដាក់​បង្ហាញ​នៅ​ក្នុង​សន្និសីទ Google I/O  ដែលបាន​ចាប់​ផ្តើម​ធ្វើ​ឡើង​កាល​ពី​ម្សិលមិញ​នៅ​រដ្ឋ​សាន់​ហ្វ្រាន់​ ស៊ីស្កូ​។ ​​ ប្រភព​ដដែល ​បាន​ឲ្យ​ដឹង​ទៀត​ថា កុំ​ព្យូទ័រ​នេះ ក៏​នឹង​បង្ហាញ​លក្ខណៈ​ពិសេស​ថ្មីៗ​របស់​កម្ម​វិធី Android ផង​ដែរ ហើយ​កម្ម​វិធី Android ស៊េរី​ថ្មី​នេះ មាន​ឈ្មោះ​ថា Jellybean ។
យោង​តាម​ក្រុម​ហ៊ុន Gartner Inc បាន​ឲ្យ​ដឹង​ថា​ ក្រុម​ហ៊ុន Google កំពុង​ស្វែង​រក​មធ្យោបាយ​ថ្មីៗ ដើម្បី​ជំរុញ​ដល់​ការលក់​កុំ​ព្យូទ័រ​បន្ទះស្តើង ពោល​គឺ​ជា​ទីផ្សារ​មួយ ដែល​កើន​ឡើង​ជិត​ពីរ​ដង​នៅ​ក្នុង​ឆ្នាំ​នេះ ដល់ ១១៨,៩​លាន​គ្រឿង។ បើ​ទោះ​ជា​​ប្រព័ន្ធ​ប្រតិបត្តិការ Android បាន​ដណ្តើម​ចំណែក​ទីផ្សារ​ជាង​ពាក់​កណ្តាល​ក្នុង​ទីផ្សារ​ទូរស័ព្ទ​ទំនើប​ ក៏ដោយ ក៏​កុំ​ព្យូទ័រ​បន្ទះ​ស្តើង​ដែល​ដំណើរ​ការ​ជាមួយ​នឹង​កម្ម​វិធី​នេះ មាន​ចំណែក​ទីផ្សារ​តិច​ជាងចំណែក​ទីផ្សារ​របស់​ iPad ដែរ ហើយ​ថែម​ទាំង​ត្រូវ​ប្រឈម​នឹង​សម្ពាធ​ថ្មី​ពី​ក្រុម​ហ៊ុន Microsoft Corp ដែល​បាន​ដាក់​បង្ហាញ​កុំ​ព្យូទ័រ​បន្ទះ​ស្តើង​របស់​ខ្លួន​កាល​ពី​សប្តាហ៍​ មុន​ផង​ដែរ។​ ​

Comments system

Disqus Shortname