ភ្នំពេញៈ
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់នឹងដាក់ដំណើរការម៉ាស៊ីន ATM
លើកដំបូងរបស់ខ្លួនចំនួន៣០
គ្រឿងនៅដើមឆមាសទីពីរឆ្នាំនេះដើម្បីបង្កើនការទាក់ទាញ និង
សម្រួលប្រតិបតិ្តការរបស់អតិថិជន។
នេះបើតាមមន្ត្រីគ្រឹះស្ថានប្រាសាក់។
លោក ស៊ីម សេនាជាតិ អគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់
ឲ្យដឹងកាលពីថ្ងៃម្សិលមិញថា ប្រាសាក់នឹងដាក់ឲ្យដំណើរការម៉ាស៊ីន
ATM នៅចុងខែកក្កដា ឬដើមខែសីហា
ក្នុងនោះ១៥គ្រឿងដាក់នៅភ្នំពេញនិង១៥ទៀតដាក់ឲ្យដំណើរការនៅ
តាមបណ្តាខេត្ត។
លោកបន្តថា ការសម្រេចដាក់ឲ្យដំណើរការម៉ាស៊ីន ATM
គឺបន្ទាប់ពីគឹ្រះស្ថានមីក្រូហិរញ្ញវត្ថុមួយនេះបានឃើញនូវកំណើន
នៃអ្នកដាក់ប្រាក់បញ្ញើ ដែលរហូតពេលនេះមានចំនួន ពី១៧លាន
ទៅ១៨លានដុល្លារ។ ជាមួយគ្នានោះ
មានអតិថិជនមួយចំនួនបានត្អូញត្អែរពីភាពលំបាកដោយសារមិនអាចដក
ប្រាក់បាននៅចុងសប្តាហ៍។
លោកថ្លែងថា៖ «យើងគិតថា ដើម្បីទាក់ទាញអតិថិជន
ហើយធ្វើឲ្យអតិថិជនងាយស្រួលក្នុងការប្រតិបត្តិការសាច់ប្រាក់
យើងក៏សម្រេចដាក់ ATM ឲ្យគាត់
។យើងឃើញមានកំណើននៅក្នុងការដាក់ប្រាក់សន្សំ
ហើយពេលយើងជួបអតិថិជន គាត់ច្រើនត្អួញត្អែរថា
គាត់មិនអាចប្រតិបត្តិការនៅថ្ងៃចុងសប្តាហ៍ទេ។ ដូចនេះយើងគិតថា
យើងត្រូវតែដាក់វា»។
យោងតាមការចុះផ្សាយរបស់ភ្នំពេញ ប៉ុស្តិ៍ កាលដើមខែមីនា
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់
នឹងប្រែក្លាយខ្លូនទៅជាធនាគារពាណិជ្ជនៅចុងឆ្នាំ២០១៣ ឬ ២០១៤
ខាងមុខនេះ។
លោក ស៊ីម សេនាជាតិ បាននិយាយថា
ក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់
ប្រាសាក់ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដំបូងគេបង្អស់
ដែលបំពាក់ម៉ាស៊ីនATM។ លោកមានសង្ឃឹមថា
ប្រាសាក់នឹងអាចរីកចម្រើនដូចធនាគារពាណិជ្ជធំៗដែរ។
លោកបន្តថា៖ «ខ្ញុំឃើញមានម៉ាស៊ីន ATM ច្រើនដែរ
តែយើងឃើញច្រើនមានតែ អេស៊ីលីដាទេ ដូចនេះយើងសង្ឃឹមថា
យើងមានកន្លែងសម្រាប់ការរីកចម្រើនជាមួយអេស៊ីលីដាដែរ»។
អេស៊ីលីដា ដែលជាធនាគារក្នុងស្រុកធំជាងគេ
បានប្រែខ្លួនពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទៅជាធនាគារពាណិជ្ជ
ក្នុងឆ្នាំ២០០១
ហើយរហូតដល់ពេលនេះក៏ជាធនាគារដែលមានការប្រតិបត្តិការម៉ាស៊ីន ATM
ច្រើនជាងគេនិងទូលំទូលាយជាងគេផង។
លោក អ៊ិន ចាន់នី
ប្រធាននាយកធនាគារអេស៊ីលីដាបានឲ្យដឹងថាលោកមិនបារម្ភអំពីការ
ប្រកួតប្រជែងពីការដាក់ឲ្យមានម៉ាស៊ីនATM
ពីណាក់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនោះទេ
ព្រោះមានការបម្រើឲ្យអតិថិជនរៀងៗខ្លួន។ហើយលោកក៏ចាត់ទុកថា
នេះមិនមែនជាការប្រកួតអ្វីនោះទេ។
រហូតមកទល់ពេលនេះធនាគារនេះបានចេញកាត ATM
ចំនួនជាងកន្លះលានដល់អតិថិជនរបស់ខ្លួន
តែចំនួនដែលកំពុងប្រើប្រាស់មានចំនួនជាង ៤៦ ម៉ឺនកាត។
នេះបើយោងតាមការបញ្ជាក់របស់ លោកស្រី សុខ សោភា
នាយិកាប្រតិបត្តិទីផ្សារនៃធនាគារអេស៊ីលីដា។
លោកស្រីបានឲ្យដឹងថា ម៉ាស៊ីន ATM
ដាក់ឲ្យដំណើរការនៅភ្នំពេញទំាំងអស់មានចំនួន៥៧
ចំណែក៧៧ទៀតបានដាក់ឲ្យដំណើរការនៅតាមបណ្តាខេត្តនៅទូទាំង
ប្រទេស ហើយ ចំនួនកាត ATM ស្មើនឹង៥៦ភាគរយ ចេញឲ្យអ្នកនៅភ្នំពេញ
និង ៤៤ភាគរយ ចេញឲ្យអ្នកនៅតាមបណ្តាខេត្តទូទាំងប្រទេស។
លោកស្រីបន្តថា៖ «យើងបានចេញកាតភាគច្រើននៅភ្នំពេញ
ព្រោះប្រជាជននៅភ្នំពេញមានការយល់ដឹងច្រើន
តែយើងឃើញថារហូតមកទល់ពេលនេះ
ប្រជាជននៅតាមខេត្តក៏មានកំណើននៃការប្រើប្រាស់ផងដែរ»។
លោកស្រី ងួន សុខា អគ្គនាយក
និងជាអ្នកនាំពាក្យធនាគារជាតិនៃកម្ពុជា មានប្រសាសន៍ថា
ស្ថិតិម៉ាស៊ីនបានកើនឡើងពីជាង៥០០គ្រឿងនៅដំណាច់ ២០១១
រហូតដល់៦១៣គ្រឿងនៅទូទាំងប្រទេស។ លោកបានស្រីបន្តថា៖
«ធនាគាររីកចម្រើនទៅតាមចំនួនអតិថិជនរបស់គាត់
ប្រសិនជាគ្មានកំណើនទេ ក៏គាត់មិនដាក់ដែរ
ព្រោះការដាក់ម៉ាស៊ីននេះក៏គាត់ត្រូវចំណាយលុយដែរ»៕