Monday, June 18, 2012

ឡេឌី ហ្កា​ហ្កា ជួ​បញ្ហា​ជា​ថ្មី​ដោយសារ​ការប្រគំ​តន្ត្រី​នៅ​បាងកក​

ជាដំបូង​នាង​បាន​និយាយ​ពាក្យ​លេងសើច​អំពី​ការទឹញ​នាឡិកាដៃ​រ៉ូ​ឡិច​ ក្លែងក្លាយ​មួយ​។ ពេល​នេះ​ក្រសួង​វប្បធម៌​របស់​ប្រទេស​ថៃ បាន​ដាក់​ពាក្យបណ្តឹង​ទៅកាន់​ប៉ូលីស ប្រឆាំងនឹង ឡេឌី ហ្កា​ហ្កា ដោយសារ​ការប្រើប្រាស់​ទង់​ជាតិថៃ​ខុស នៅ​អំឡុង​ការសម្តែង​របស់​នាង កាលពី​ខែ​មុន​។​
​ក្រសួង​នេះ​បាន​និយាយថា ផ្នែក​នៃ​ការសម្តែង​របស់ ឡេឌី ហ្កា​ហ្កា នៅពេលដែល​នាង​បាន​ពាក់​ប្រដាប់​គ្រប​ក្បាល​ប្រពៃណី ហើយ​បាន​អង្គុយ​នៅលើ​ម៉ូតូ​មួយ ដោយ​ស្លៀក​សំលៀក​បំពាក់​វាល​សាច់ ជាមួយនឹង​ទង់ជាតិ​ថៃ​មួយ​ដែល​ស្ថិតនៅ​ពីក្រោយ គឺ​មិន​ស័ក្តិសម និង​ធ្វើឲ្យ​ប៉ះពាល់​មនោសញ្ចេតនា​របស់​ប្រជាជន​ថៃ​។​
​មន្ត្រីជាន់ខ្ពស់​របស់​ក្រសួង​ម្នាក់ ដែល​បាន​បដិសេធ​មិន​បញ្ចេញ​ឈ្មោះ បាន​និយាយ​តាម​ទូរ​សព្ទ​ថា "​យើង​មិនមែន​កំពុង​ស្នើសុំ​ឲ្យ​ប៉ូលីស​ចោទប្រកាន់​នាង​នោះទេ ប៉ុន្តែ​វា​គឺជា​នីតិវិធី​ធម្មតា​របស់​យើង​ដែល​ត្រូវ​ដាក់​ពាក្យបណ្តឹង ដើម្បី​បង្ក​ក្តីបារម្ភ​ដល់​ក្រុម​ភ្នាក់ងារ​នៅ​ពេល​ដែល​យើង​ទទួល​ពួកគេ​"​។ ​
​ក្រសួង​នេះ​បាន​កត់សម្គាល់​ថា ទង់ជាតិ​ថៃ​មាន​ពណ៌​ចំនួន​បី ៖ ពណ៌​ក្រហម​តំណាង​ឲ្យ​ជាតិ ពណ៌​ខៀវ​តំណាងឲ្យ​រាជាធិបតេយ្យ​ជាទីគោរព និង​ពណ៌​ស​តំណាង​ឲ្យ​សាសនា​។​
​មាន​មនុស្ស​ប្រហែល​៥០.០០០​នាក់ បាន​ចូលរួម​ទស្សនា​ការសម្តែង​តន្ត្រី​របស់​នាង នៅក្នុង​ទីក្រុង​បាងកក ដែល​ជា​ផ្នែក​នៃ​តន្ត្រី​ទេសចរណ៍​ចំនួន​បួន ដែល​បាន​បង្ក​ឲ្យមាន​ការប្រឆាំង​តវ៉ា​ពី​ពួក​អ្នក​កាន់​សាសនានិយម​ជ្រុល នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី ហ្វីលីពីន និង​កូរ៉េខាងត្បូង​៕

Comments system

Disqus Shortname