កោះកុង:
ប្រភពពីមន្ត្រីអង្គការសិទិ្ធមនុស្សនៅខេត្តកោះកុង
បានបងើ្ហបឲ្យដឹងថា តុលាការខេត្តនឹងលើកយកសំណុំរឿងលោកផ្កាយពីរ
ប៊ុន សុខា នាយរងសេនាធិការនៃកងអង្គរក្សសមេ្តច ហ៊ុន សែន ព្រមទាំងគូកន
មកបើកសវនាការនៅព្រឹកថៃ្ងទី៥ ខែកក្កដា ឆ្នាំ២០១២ ខាងមុខនេះ។
លោក អ៊ិន គង់ជិត មន្ត្រីអង្គការលីកាដូ បាននិយាយថា ករណីលោកផ្កាយពីរ
ប៊ុន សុខា និងបក្ខពួក បើសិនជាតុលាការរកឃើញថា មានពិរុទ្ធភាពពិតមែន
យោងតាមមាត្រាទី២១៨ ក្រមព្រហ្មទណ្ឌថី្ម
ត្រូវប្រឈមនឹងការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារពី ២-៥ឆ្នាំ
និងពិន័យជាប្រាក់ពី ៤-៦ លានរៀល។
ក្រុមមន្ត្រីអង្គការ
សិទិ្ធមនុស្ស បានសាទរចំពោះចំណាត់ការរបស់តុលាការ
ហើយក៏បានសម្តែងនូវការព្រួយបារម្ភផងដែរ
ចំពោះការបើកសវនាការនាពេលខាងមុខនេះ
ខ្លាចតុលាការបន្ធូរបន្ថយស្ថានទម្ងន់ទោស
ឬក៏ដោះលែងជនដៃដល់ឲ្យរួចខ្លួន។
សូមរម្លឹកថា
លោកផ្កាយពីរ ប៊ុន សុខា និងអង្គរក្សចំនួនបីនាក់
ត្រូវបានសមត្ថកិច្ចប៉ូលិសខេត្តកោះកុងឃាត់ខ្លួន កាលពីថៃ្ងទី២៣ ខែមេសា
ឆ្នាំ២០១២ ក្រោយពីលោកបានប្រើអំពើហិង្សាយ៉ាងព្រៃផ្សៃ
ទៅលើជនរងគ្រោះចំនួនបួននាក់ ឲ្យរងរបួសធ្ងន់ និងស្រាល
ប្រព្រឹត្តឡើងកាលពីយប់ថៃ្ង២២ ខែមេសា ឆ្នាំ២០១២
នៅសណ្ឋាគារកោះកុងស៊ីធី ក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
លោក ប៊ុន សុខា និងអង្គរក្សបីនាក់
ត្រូវបានតុលាការខេត្តកោះកុងចេញចេញដីកាឃុំខ្លួនបណ្តោះអាសន្ន
នៅល្ងាចថៃ្ងទី២៥ ខែមេសា ឆ្នាំ២០១២។ បន្ទាប់មក
ឃី្លបវីដេអូដែលជាភស្ភុតាងនៃការប្រើអពើហិង្សារបស់លោក
ក៏ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ ឲ្យសាធារណជនទូទៅបានដឹងផងដែរ។
បន្ទាប់ពីបង្កហេតុ លោកផ្កាយពីរ ប៊ុន សុខា
ត្រូវបានព្រះមហាក្សត្រឡាយព្រះហស្ថលេខា
ដកតំណែងចេញពីទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន៕