Monday, June 18, 2012

ស្ត្រីកូនខ្ចី៤ខែ ត្រូវក្រុមស្ត្រីមានគ្នា ៥នាក់ រួមបុរសម្នាក់ ព្រួតវាយ ឲ្យរងរបួសយ៉ាង ដំណំ, ចំណែកសមត្ថកិច្ច មិនខ្ចីខ្វល់រកយុត្តិធម៌

www.dap-news.com 
ភ្នំពេញ: ស្ត្រីជាកូនខ្ចី និងជាគ្រូបង្រៀន វិទ្យាល័យ ប្ញស្សីកែវ ត្រូវបានក្រុមស្រ្តីមានគ្នា៥នាក់ រួមនឹងបុរសម្នាក់ ដែលរស់នៅក្បែរផ្ទះ ស្ថិតក្នុងសង្កាត់ ច្រាំងចំរេះ ខណ្ឌប្ញស្សីកែវ បាននាំគ្នាព្រួតវាយអោយ រងរបួសយ៉ាងដំណំ ក្នុងករណី ឈ្លោះប្រកែកគ្នាបន្តិចបន្តួច កាលពីល្ងាច ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១២ ចំណែកពាក្យបណ្តឹង របស់ជន រងគ្រោះ មិនត្រូវបានអាជ្ញាធរ មូលដ្ឋានរវីររវល់ឡើយ ដោយលើកហេតុផលថា ភាគីបង្កជម្លោះជាអ្នកធំ ខ្សែរដ្ឋ លេខាធិការទៀតផង ។
ស្ថិតក្នុងភាពស្រងូតស្រងាត់ ប្តីប្រពន្ធ ជាជនរងគ្រោះ ប្តីឈ្មោះ ញ៉ែម ពៅ អាយុ ៣២ឆ្នាំ និង ប្រពន្ធឈ្មោះ គឹម សុផាន់ អាយុ ២៧ឆ្នាំ បានរៀបរាប់នៅមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ថា ល្ងាចថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១២ កន្លងទៅនេះ រូបគាត់នឹងគ្រួសារបានរៀបចំចេញពីផ្ទះជិះម៉ូតូទៅក្រៅ ដោយពេលកំពុងចាក់សោរផ្ទះ ក៏ឃើញ ជាងសំណង់ (ជាងសំណង់នៅក្បែរផ្ទះ) ជិះម៉ូតូកិន បែកឥដ្ឋការ៉ូ មុខផ្ទះ ក៏បាននិយាយថា ជាងឯងជិះបែក ទៀតហើយ មួយសន្ទុះមកម្ចាស់ផ្ទះ ដែលរស់នៅក្បែរនោះ (ផ្ទះលេខ ២០៣៥ ផ្លូវលំបេតុង) បានចេញមក ឈ្លោះប្រកែកគ្នាជាមួយរូបគាត់ ដោយជេររូបគាត់ថា ជាស្រីសំផឹងបឹងកំប៉ោង មីគ្រូបង្រៀនថោកទាប បន្ទាប់ពី ប្រកែកគ្នាមួយសន្ទុះ ក្រុមគ្រួសារគេមានគ្នា ៦នាក់ បានចេញមកចាប់វាយរូបគាត់ ដោយកំពុងពរកូននៅនឹង ដៃ។
ស្រ្តីជាប្រពន្ធបន្តការរៀបរាប់ថា ខណៈដែលពួកគេ កំពុងវាយរូបគាត់ គឺមានបុរសជាកូនម្ចាស់ បានឈរកាន់ដុំថ្ម ការពារ ក្រែងអ្នកជិតខាងចូលជួយ រូបគាត់ត្រូវទទួលរងការនូវវាយប្រហារ ស្ទើរពេញដងខ្លួន និងក្បាល ពី សំណាក់ ក្រុមផ្ទះក្បែរគ្នានោះ មានស្រី ៥នាក់ និង ប្រុស ១នាក់ ។ គ្រូបង្រៀន គឹម សុផាន់ រូបនោះ បាន បញ្ជាក់ថា រយះពេល ៣០នាទីក្រោយមក រូបគាត់មានអាការចង់ដួលសន្លប់ ត្រូវបានប្តី ដឹកជញ្ជូនទៅកាន់ មន្ទីរពេទ្យ កាល់ម៉ែត ហើយដេកសំរាកនៅមន្ទីរពេទ្យអស់ ៧ថ្ងៃ ។ ស្រ្តីដែលពួតគ្នា វាយដុំនោះមានឈ្មោះ ទី១៖ យាយ ជុំ យ៉ាន អាយុ ៧០ឆ្នាំ ទី២៖ ជុំ ផល្លា ស្រី អាយុ ៥០ឆ្នាំ ទី៣៖ ជុំ ផល្លី អាយុ ៤៨ឆ្នាំ ទី៤៖ សៀក គន្ធា ស្រី ហៅក្រៅ ចាន់ណា អាយុជាង ២០ឆ្នាំ ទី៥៖ សៀក ស៊ីឡែន អាយុ ១៩ឆ្នាំ ទី៦៖ សៀក បុរីរត្ន័ ហៅក្រៅ អាឆេកូ ភេទប្រុស អាយុ ២៤ឆ្នាំ ជាអ្នកចាំកាងមិនអោយអ្នកភូមិចូលជួយ ។
ប្តីប្រពន្ធ រងគ្រោះរូបនោះបានបញ្ជាក់ថា អំពីករណីដាក់ពាក្យបណ្តឹងទៅអាជ្ញាធរ រូបគាត់បានដាក់ពាក្យ បណ្តឹង ទៅ មេប៉ុស្តិច្រាំងចំរេះ២ (ឈ្មោះ សាម គឹមឈាង) នៅថ្ងៃកើតហេតុ ប៉ុន្តែរហូតមកដល់ពេលនេះ គឺអាជ្ញាធរ មិនទាន់ចាត់ការ ពាក្យបណ្តឹងរបស់គាត់ទេ ដោយលើកហេតុផល ម្តងចេះ ម្តងចោះ ចំនួន ១២ថ្ងៃហើយ ពេលសួរនាំអំពីពាក្យបណ្តឹង អាជ្ញាធរប៉ុស្តិបាននិយាយថា ខ្លួនយើងតូច កុំទៅប្តឹងជាមួយគេអី គេខ្សែសុទ្ធតែ រដ្ឋលេខាធិការ មិនឈ្នះគេទេ ។
សូមជម្រាបថា ប្តី ប្រពន្ធ២នាក់ សុទ្ធតែជាគូ្របង្រៀន ដោយប្រពន្ធជាគ្រូបង្រៀន នៅវិទ្យាល័យ ប្ញស្សីកែវ និងប្តីជាគ្រូបង្រៀន នៅអនុវិទ្យាល័យ ប្ញស្សីកែវ ហើយអ្វីដែលសំខាន់នោះ ស្រី្តរងគ្រោះ គឺទើបតែសំរាកកូនបាន ៤ខែប៉ុណ្ណោះ ហើយខណៈកំពុងវាយតប់នោះគឺមានកូនង៉ែត ពរនៅនឹងដៃផងដែរ ។
ពាក់ព័ន្ធនឹងការឆ្លើយ ចោទប្រកាន់ថា អាជ្ញាធរ មិនចាត់ការពាក្យបណ្តឹងនោះ មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល មិនអាចសុំការបំភ្លឺ ពីលោកនាយមេប៉ុស្តិ ច្រាំងចំរេះ ២ បាននោះទេនៅថ្ងៃនេះ ៕
www.dap-news.com
www.dap-news.com
www.dap-news.com
www.dap-news.com

Comments system

Disqus Shortname