Monday, June 18, 2012

Tiffany នឹង​ធ្វើ​រោងចក្រ​ច្នៃត្បូង​នៅ​កម្ពុជា

ត្បូង និងគ្រឿង​អលង្ការ​មានតម្លៃ​ដែល​អាជីវករ​យក​មក​ដាក់​តាំង​បង្ហាញ​ក្នុង​​ ពិព័រណ៍ត្បូង និង​អលង្ការ​កាល​ពីថ្ងៃម្សិលមិញនៅមណ្ឌល​កោះពេជ្រ​​​។ រូបថត ហុង មីនា
ភ្នំពេញៈ​  រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ឲ្យ​ដឹង​ថា​ក្រុមហ៊ុន​កែច្នៃ​ត្បូង​ដ៏ ធំ​របស់​អាមេរិក​នឹង​មក​បើក​រោងចក្រ​កែច្នៃ​នៅ​កម្ពុជា​នៅ​ថ្ងៃ​អនាគត។
លោក ​ចម ​ប្រសិទ្ធ ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​ឯ​ពិព័រណ៍​គ្រឿង​អលង្ការ​ និង​ត្បូង​មាន​តម្លៃ ​កាល​ពី​ថ្ងៃ​ម្សិលមិញ​ថា ​ក្រុមហ៊ុន​សហរដ្ឋ​អាមេរិក​ឈ្មោះ ​Tiffany & Co នឹង​មក​បង្កើត​រោងចក្រ​កែច្នៃ​ត្បូង​នៅ​តំបន់​សេដ្ឋកិច្ច​ភ្នំពេញ តែ​មិន​ទាន់​ដឹង​ពេល​ជាក់​លាក់​។
លោក​បន្ត​ថា​ ក្រសួង​ពាណិជ្ជកម្ម ​និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កំពុង​រៀបចំ​នីតិវិធី​ដើម្បី​ឲ្យ​កម្ពុជា​ចូល​ជា ​សមាជិក​នៃ​ក្រុម​ប្រទេស​ដែល​ធ្វើ​អាជីវកម្ម​ត្បូង​ប្រកប​ដោយ​សុចរិត​ ពោល​គឺ​មិន​បង្ខំ​មនុស្ស​ឲ្យ​ធ្វើ​ការ​ដូច​ជា​ទាសករ​ក្នុង​ការ​រុករក ត្បូង​មាន​តម្លៃ​យក​មក​ច្នៃ​។​ លោក​ថ្លែង​ថា​៖ «ពេល​ដែល​បាន​ចូល​ក្នុង​ប្រព័ន្ធ​នេះ​គេ​នឹង​អាច​មក​វិនិយោគ​ធ្វើ​កន្លែង​ កែច្នៃ​ត្បូង ហើយ​នាំ​ចេញ»។​
លោក​បន្ត​ថា ​កម្ពុជា​នឹង​ទាក់ទាញ​បាន​វិនិយោគិន​ជា​ច្រើន​ពី​ប្រទេស​ជិត​ខាង​នៅ ​ពេល​អនាគត ស្រប​ពេល​ដែល​ប្រទេស​ទាំង​នោះ​ត្រូវ​បាន​អាមេរិក​បញ្ឈប់​ការ​លើក​លែង ពន្ធ​នាំ​ចូល ​ចំណែក​ឯ​កម្ពុជា​នៅ​តែ​បន្តការ​លើក​លែង​ពន្ធ។ លោក​ថ្លែង​ថា​៖ «អនាគត​កម្ពុជា​ជា​ប្រភព​កែច្នៃ​ត្បូង​ជា​ច្រើន​ដើម្បី​នាំ​ចេញ​ទៅ​កាន់ ​ពិភពលោក​»។
កម្ពុជា​បាន​រៀបចំ​ពិព័រណ៍​គ្រឿង​អលង្ការ ​និង​ត្បូង​មាន​តម្លៃ​ចាប់​ពី​ថ្ងៃ​ទី១៤​ ដល់​ថ្ងៃ​ទី ​១៧​ មិថុនា ក្នុង​​បំណង​ទាក់ទាញ​ចំណាប់​អារម្មណ៍​ជា​លក្ខណៈ​អន្តរ​ជាតិ​ និង​បង្កើត​ភាព​ជឿជាក់​ទៅ​លើ​ត្បូង​មាន​តម្លៃ​របស់​កម្ពុជា​។
លោក​ ចម ប្រសិទ្ធ​ បន្ត​ថា៖​ «អ្វី​ដែល​យើង​ធ្វើ​គឺ​ការ​កសាង​ជំនឿ​ទុក​ចិត្ត របស់​សាធារណ​ជន​ទៅ​លើ​ផលិតផល​របស់​យើង​»។
លោក ​លឹម ​គឹម​រ័ត្ន ​ប្រធាន​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​ក្រុមហ៊ុន​ពិនិត្យ​គុណភាព​ត្បូង​ មាន​តម្លៃ ​Intertek បាន​ឲ្យ​ដឹង​ថា ​ការ​ទាក់ទាញ​អ្នក​វិនិយោគ​មក​កាន់​ទីផ្សារ​កម្ពុជា​គឺ​ល្អ​សម្រាប់​ វិស័យ​ត្បូង​របស់​កម្ពុជា ព្រោះ​កម្ពុជា​មាន​សក្តានុពល​ផ្នែក​នេះ​ច្រើន​។ លោក​បន្ត​ថា៖​ «ការ​បង្កើត​រោង​ចក្រ​កែច្នៃ​នៅ​កម្ពុជា​ អាច​ធ្វើ​ឲ្យ​ត្បូង​មាន​តម្លៃ​របស់​កម្ពុជា​កាន់​តែ​ទទួល​បាន​ការ​ចាប់​ អារម្មណ៍​ពី​បរទេស ​និង​បង្កើត​ការងារ​ដល់​ខ្មែរ​»។​
ទោះ​បី​យ៉ាង​នេះ​ក្តី​លោក​បាន​អះអាង​ថា​ ឧស្សាហកម្ម​ត្បូង​របស់​កម្ពុជា​ប្រៀប​មិន​ទាន់​បាន​នឹង​ប្រទេស​ជិត​ខាង​នៅ​ឡើយ​ទេ។
លោក​ ចម ​ប្រសិទ្ធ និយាយ​ថា ​ការ​ធ្លាក់​ចុះ​តម្លៃ​មាស​នៅ​លើ​ទីផ្សារ នា​ពេល​ថ្មីៗ​នេះ​នឹង​មិន​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​កម្ពុជា​ទេ ​ព្រោះ​ប្រទេស​កម្ពុជា​មិន​មែន​នាំ​ចេញ​មាស​នោះ​ទេ។​  លោក​ពុំ​ទាន់​ក្តាប់​បាន​ទិន្នន័យ​សរុប​នៃ​ការ​ជួញ​ដូរ​ត្បូង​មាន​តម្លៃ ​ទាំង​អស់​នៅ​កម្ពុជា​ទេ ​រហូត​មក​ទល់​ពេល​នេះ៕

Comments system

Disqus Shortname