ប្រធានគណបក្ស នរោត្តម រណឫទ្ធិ សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ធ្វើសន្និសីទកាសែត នៅដំណាក់ នារាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១២។ |
អតីតនាយករដ្ឋមន្ត្រីទី១ និងជាអតីតប្រធានគណបក្ស ហ៊្វុនស៊ិនប៉ិច គឺសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១២ បានមានបន្ទូលថា ព្រះអង្គសម្រេចព្រះទ័យដកខ្លួនចេញពីផែនការបង្រួមបង្រួប ឬច្របាច់បញ្ចូល គ្នានៃគណបក្សទាំងពីរនោះហើយ ដោយសារតែអគ្គលេខាធិការ នៃគណបក្ស ហ៊្វុនស៊ិនប៉ិច គឺលោក ញឹក ប៊ុនឆៃ បានប្រកាសផ្អាកផែនការសមាជវិសាមញ្ញ ដោយឯកតោភាគី។
សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានចោទលោក ញឹក ប៊ុនឆៃ ថា ជាអ្នកបំផ្លាញគណបក្ស ហ៊្វុនស៊ិនប៉ិច និងអ្នករាជានិយមជាថ្មីទៀត។
ប្រធានគណបក្ស នរោត្តម រណឫទ្ធិ គឺសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងអគ្គលេខាធិការនៃគណបក្ស ហ៊្វុនស៊ិនប៉ិច លោក ញឹក ប៊ុនឆៃ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង នៅឯវិមានសន្តិភាព កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១២ ក្រោមអធិបតីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
គម្រោងការដើម គឺសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ នឹងធ្វើជាប្រធានគណបក្ស ហ៊្វុនស៊ិនប៉ិច ជាថ្មីទៀត រីឯលោក ញឹក ប៊ុនឆៃ នឹងធ្វើជាអនុប្រធាន។ ផែនការច្របាច់ចូលគ្នានោះ គឺគ្រោងធ្វើឲ្យបានមុនពេលការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ ឆ្នាំ២០១៣។ ដំបូងឡើយ លោក ញឹក ប៊ុនឆៃ បានគ្រោងធ្វើសមាជវិសាមញ្ញ នៅខែកក្កដា ឬខែសីហា ឆ្នាំ២០១២ ខាងមុខនេះ ដើម្បីច្របាច់បញ្ជូលគ្នា។
ប្រធានគណបក្ស នរោត្តម រណឫទ្ធិ គឺសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានមានបន្ទូលនៅក្នុងសន្និសីទកាសែត នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១២ ថា ព្រះអង្គគ្មានគម្រោងការជួបចរចាជាមួយលោក ញឹក ប៊ុនឆៃ ទៀតទេ៖ «ពីព្រោះអ្វីមួយដែលលោក ញឹក ប៊ុនឆៃ គាត់សម្រេច គាត់អត់បានសួរខ្ញុំទេ។ សួរខ្លះមកថា ម៉េចទៅព្រះអង្គយើងធ្វើទៅកើតទេ ការសិក្សាពង្រាងលក្ខន្តិកៈ? សួរគ្នាខ្លះផងមក។ យើងជួបគ្នាបាន វាទាល់តែយើងគោរពគ្នាទៅវិញទៅមក។ យើងជួបគ្នាបាន ទាល់តែយើងទុកឧត្តមប្រយោជន៍ជាតិ ឧត្តមប្រយោជន៍ចលនាអ្នកស្នេហាជាតិរបស់សម្ដេចតា សម្ដេចតាទួត យើងទុកឧត្តមប្រយោជន៍នៃអ្នករាជានិយម និងអ្នកសីហនុនិយម ជាត្រីវិស័យ។ បើយើងទុកតែអំពីប្រយោជន៍របស់ខ្លួន ធ្វើទៅវាបាត់តំណែង កៅអីពុកហ្នឹង អ្នកណាមួយមានតំណែងពិតប្រាកដ អាចនឹងបម្រើប្រទេសជាតិ មាតុភូមិ ដោះស្រាយបញ្ហាជាតិបានទេ?»។
បន្ថែមលើនេះទៀត ព្រះអង្គបានផ្ញើលិខិតជាផ្លូវការមួយច្បាប់ ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១២ កន្លងទៅនេះ ជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពីមូលហេតុចំនួន ៣យ៉ាង ដែលព្រះអង្គមិនអាចបន្តរួបរួមជាមួយលោក ញឹក ប៊ុនឆៃ បាន។
សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានបញ្ជាក់ថា ព្រះអង្គបើកទ្វារឲ្យមន្ត្រីគណបក្ស ហ៊្វុនស៊ិនប៉ិច និងអ្នកគាំទ្រដទៃទៀត មកចូលរួមជាមួយព្រះអង្គ។
ទាក់ទងនឹងការចោទប្រកាន់នេះ អគ្គលេខាធិការ នៃគណបក្ស ហ៊្វុនស៊ិនប៉ិច លោក ញឹក ប៊ុនឆៃ បានមានប្រសាសន៍ថា លោកក៏មិនអាចទទួលយកបានដែរ ដោយសារតែសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ មានផែនការរួបរួមជាមួយគណបក្សប្រឆាំង ក្រោយពីច្របាច់ចូលគ្នាហើយ៖ «បញ្ហាហ្នឹងហើយ ដែលជាចំណុចគន្លឹះ ដែលធ្វើយើងខ្ញុំនេះត្រូវតែពិចារណា ពីព្រោះបើលោកមកដឹកនាំគណបក្ស ហ៊្វុនស៊ិនប៉ិច ហើយលោកមានជំហរ ជាមួយបក្សប្រឆាំង វាមានការប៉ះពាល់ដល់យើងខ្ញុំដែលជាអ្នកនៅក្នុងរាជរដ្ឋាភិបាល។ កាលណាមានជំហរជាមួយបក្សប្រឆាំង យើងខ្ញុំច្បាស់ត្រូវតែបណ្ដេញចេញពីរដ្ឋាភិបាលហើយ ព្រះអង្គត្រូវតែ Clear (ដោះស្រាយ) បញ្ហានេះឲ្យបានច្បាស់លាស់»។
ប៉ុន្តែ សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានបញ្ជាក់ថា ព្រះអង្គគ្មានផែនការរួបរួមជាមួយគណបក្ស សម រង្ស៊ី ឬគណបក្ស សិទ្ធិមនុស្ស ដូចការចោទប្រកាន់នោះទេ៕