ភ្នំពេញៈ
ចំណងអាពាហ៍ពិពាហ៍ត្រជាក់ល្ហឹមដូចទឹកអម្រិតជាង១០ឆ្នាំរបស់
ពិធីករចាស់វស្សាលោក អ៊ិត សេដ្ឋា និងអ្នកស្រី ស សុភាព
ដែលទទួលបានចំណងដៃបុត្រចំនួន៣នាក់(ស្រី២ប្រុស១)នៅពេលនេះកំពុង
វិវត្តខុសភាពប្រក្រតី ខណៈថ្មីៗនេះល្បីថា អ្នកស្រី ស សុភាព
បានដាក់ពាក្យប្តឹងសុំលែងលះនោះ។
ប្រភពពីតុលាការបានឲ្យដឹងថា សំណុំរឿងប្តឹងលែងលះរបស់លោក អ៊ិត
សេដ្ឋា និងភរិយាបានមកដល់ដៃតុលាការយូរហើយ ដែលលិខិតនោះ
គឺខាងភរិយារបស់លោកអ៊ិត សេដ្ឋា ជាអ្នកដាក់ពាក្យសុំលែងលះ។
ប្រភពដដែលបានឲ្យដឹងទៀតថា នៅថ្ងៃចន្ទ ទី២៥ មិថុនា
តុលាការកោះហៅលោកអ៊ិត សេដ្ឋា ឲ្យចូលបំភ្លឺក្នុងករណីនេះ
ក៏ប៉ុន្តែលោកអ៊ិត សេដ្ឋា ប្រហែលជាមិនអញ្ជើញទៅដោយផ្ទាល់នោះឡើយ
គឺលោកប្រហែលជាឲ្យមេធាវីទៅជំនួសវិញ។
សកម្មភាពបិតបាំងរបស់ពិធីករល្បីឈ្មោះប្រចាំនៅស្ថានីយទូរទស្សន៍
CTN រូបនេះត្រូវបានប្រភពនោះនិយាយថា កាលដែលលោកអ៊ិត
សេដ្ឋាមិនចូលខ្លួនទៅបំភ្លឺដោយផ្ទាល់នោះ
ទំនងជាលោកខ្លាចមានភាពភ្ញាក់ផ្អើលនិងវត្តមានលោកនៅក្នុង
តុលាការ ព្រោះសម្អាងថាលោកជាពិធីករទូរទស្សន៍ល្បីឈ្មោះ
នរណាៗក៏ស្គាល់លោកនោះ។
តាមរយៈសារព័ត៌មានក្នុងស្រុក អ្នកស្រី ស សុភាព
ដែលជាភរិយារបស់លោកអ៊ិត សេដ្ឋា
បានប្រាប់តាមទូរស័ព្ទកាលពីថ្ងៃទី២៤ មិថុនាម្សិលមិញ ថា
បញ្ហាទាំងអស់នេះ អ្នកស្រីសុំមិននិយាយអ្វីច្រើនឡើយ
ព្រោះត្រូវរង់ចាំការកាត់សេចក្តីរបស់តុលាការសិន។
ផ្ទុយពីការលើកឡើងរបស់អ្នកស្រី ស សុភាព ជាភរិយា
ពិធីករទូរទស្សន៍ CTN ល្បីឈ្មោះលោក អ៊ិត សេដ្ឋា
បានច្រានចោលព័ត៌មាននេះដោយលោកនិយាយយ៉ាងខ្លីថា៖«ខ្ញុំមិនបាន
ដឹងរឿងហេតុនៃការដាក់ពាក្យលែងលះរបស់ភរិយានោះ ឬយ៉ាងណាឡើយ
ហើយរឿងនេះផ្ទុះចេញទៅក្រៅដោយការយល់ច្រឡំ»។
ផ្ទុយពីចម្លើយលាក់លៀមរបស់ពិធីករល្បីឈ្មោះលោកអ៊ិត សេដ្ឋា
និងភរិយា ប្រភពក្នុងរង្វង់សិល្បៈក៏បានបង្ហើបថា អ្នកស្រី ស
សុភាព ពិតជាបានដាក់ពាក្យបណ្តឹងទៅតុលាការ សុំលែងលះលោក អ៊ិត
សេដ្ឋា ពិតមែន ហើយពាក្យប្តឹងសុំលែងលះស្វាមីនោះ
គឺដាក់តាំងពីមួយសប្តាហ៍មុនម្លេះ ក្រោយពីពីរនាក់ប្តី
ប្រពន្ធនេះផ្ទុះជម្លោះ នឹងគ្នាមួយប្រាវធំ
ហើយចាប់តាំងពេលនោះមក
ពួកគាត់ក៏មិនបានរស់នៅក្រោមដំបូលផ្ទះជាមួយគ្នានោះដែរ
បើទោះជាក្រោយៗមកមានការព្យាយាមផ្សះផ្សាពីសាច់ញាតិទាំងសងខាង
យ៉ាងណាក៏ដោយ។
ដោយឆ្លងកាត់នៃដំណើរផ្សះផ្សាដោយធម៌សន្តោសជាច្រើនលើកច្រើន
សាពីសាច់ញាតិពុំទទួលបានផ្លែផ្លានោះប្រភពដដែលបានលើកឡើងថា
ករណីនេះប្រហែលជាមិនអាចវិលទៅរកភាពដើមបានឡើយ
ព្រោះរឿងកាន់តែធ្ងន់ធ្ងរទៅៗ ហើយភាគីទាំងសងខាងសុទ្ធតែខ្លាំង
ព្រមទាំងប្រកាន់គោលជំហរត្រូវរៀងៗខ្លួន។
លោក អ៊ិត សេដ្ឋា និងអ្នកស្រី ស
សុភាពបានចាប់ដៃគ្នាជាប្តីប្រពន្ធនៅឆ្នាំ១៩៩៩
ក្រោមចំណងអាពាហ៍ពិពាហ៍ស្របច្បាប់ ក្រោយពីលោកអ៊ិត សេដ្ឋា
វិលពីរស់នៅជំរំខាវអ៊ីដាងមកបម្រើការងារនៅស្ថានីយទូរទស្សន៍ IBC
គឺប៉ុស្តិ៍លេខ៥សព្វថ្ងៃ នៅឆ្នាំ១៩៩០។
១៣ឆ្នាំក្រោយពីបង្កើតបានកូនប្រុសស្រី៣នាក់ហើយធំៗជិតស្មើ
ម៉ាក់ ប៉ានោះ
គេទើបតែឮគ្រួសារមួយនេះផ្ទុះរឿងរ៉ាវប្រេះឆាជាលើកទី១៕