Wednesday, June 20, 2012

មី​គី ចង់​ក្លាយជា​អ្នក​សម្តែង​ភាពយន្ត មិន​យក​ទេ​សង្សារ បើ​យក​គឺ​យកប្តី​

ភ្នំពេញ: ​តារាចម្រៀង​ថ្មី​វ័យក្មេង មាន​ទឹកដម​សំឡេង​ពិ​រោះ​រណ្តំ​ចិត្ត និយម​ច្រៀង​បទ​ចម្រៀង​របស់​អ្នកស្រី សុង សេង​ហ៊​ន ព្រោះ​កន្លងមក​មាន​គេ​សរសើរ​ថា សំនៀង​ដែល​បន្លឺ​ចេញពី​បំពង់ក​របស់​នាង ប្រហាក់ប្រហែល​នឹង​សំឡេង​អ្នកស្រី សុង សេង​ហ៊​ន នោះ​គឺ កញ្ញា រ៉​ន រតនៈ ហៅ​មី​គី​។​

​ក្នុង​វ័យ ២១​ឆ្នាំ កញ្ញា រ៉​ន រតនៈ ហៅ​មី​គី គឺ​ព្រឹន្ទបាលឯក​ការិយាល័យ​ទី​៥ នៃ​អគ្គបញ្ជាការ​កងទ័ពជើងគោក ដែលមាន​ឪពុក​ឈ្មោះ សុខ សារ៉ន មាន​ឋានៈ​ជា​ឧ​ត្ត​ម​សេនីយ៍​ត្រី ម្តាយ​ឈ្មោះ សុខ រតនា មាន​ឋានៈ​ជា​វរសេនីយ៍ត្រី​។ មី​គី​មាន​ឪពុកម្តាយ​ជា​កងទ័ពជើងគោក នាង​
​មាន​ស្រុកកំណើត​នៅ​ទីក្រុង​ភ្នំពេញ មាន​បងប្អូន​ស្រីៗ ៣​នាក់ ក្នុងនោះ​នាង​ជា​កូន​ទី​២​។

​ កញ្ញា រ៉​ន រតនៈ ហៅ​មី​គី បាន​រៀបរាប់​ពី​ដំណើរ​ជីវិត​ជា​យុទ្ធ​នារី​កងទ័ព និង​ជីវិត​សិល្បៈ​ចម្រៀង​ចម្រុះ ឲ្យ​អ្នកយកព័ត៌មាន​យើង​បានដឹងថា ថ្វីបើ​នាង​មាន​ឪពុកម្តាយ​ជា​មន្ត្រី​កងទ័ព​ក៏ពិតមែន តែដោយសារ​នាង​មាន​និស្ស័យ​សិល្បៈ​ក្នុង​ខ្លួន​តាំងពី​កុមារភាព​មក​នោះ នៅពេល​ពេញវ័យ ក្រោយពី​សិក្សា​បញ្ចប់​ត្រឹម​ថ្នាក់​ទី​១២ នៅ​ឆ្នាំ​២០០៨ នាង​បានជ្រើសរើស​ការងារ​ចូល​បម្រើកងទ័ព និង​ឆ្លៀតពេល​ហាត់​ច្រៀង ដោយ​យក​ម៉ាញ៉េ និង​ទូរទស្សន៍​ចាក់​ខារ៉ាអូខេ​ច្រៀង​តាម មិនយូរប៉ុន្មាន​ក៏​ចេះ​ចាំ​ប៉ា​រូ​ល អាច​ច្រៀង​ត្រូវ​តាម​ចង្វាក់ភ្លេង​។​

​ នៅ​ឆ្នាំ​ពាក់កណ្តាល​ឆ្នាំ​២០០៨ មី​គី​ក៏បាន​បណ្តោយ​ខ្លួន​ជ្រៀតចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ចម្រៀង​សម័យ​ ចម្រុះ ដោយ​ដំបូង​ច្រៀង​ថត​សំឡេង​ចូល​ស៊ី​ឌី​ឲ្យ​ផលិតកម្ម​អន​ប៊ី​យ ជា​ផលិតកម្ម​ក្រៅប្រទេស បានជា​ច្រើន​បទ​លក់​ទៅ​ក្រៅប្រទេស​។ ប៉ុន្តែ​នាង​ភ្លេច​ចំណងជើង​បទ​ចម្រៀង​ទាំងនោះ​អស់​ទៅហើយ​។

​ថ្វីបើ​ មាន​រួប​សម្ផស្ស​ស្រស់ស្អាត គួបផ្សំ​នឹង​ទឹកដម​សំឡេង​ពិ​រោះ​រណ្តំ​ចិត្ត​ផង​នោះ ក៏​មី​គី​នៅតែ​មិនទាន់​ដណ្តើមបាន​ប្រជាប្រិយភាព ធ្វើ​ឲ្យ​កេរ្តិ៍ឈ្មោះ​បាន​ល្បី​នៅឡើយ​នោះទេ​។ ទោះបីជា​យ៉ាងនេះ​ក្តី បងប្អូន​ប្រជាជន​ខ្មែរ​ដែល​រស់​នៅឯ​ក្រៅប្រទេស បាន​គាំទ្រ​ទឹកដម​សំឡេង​របស់​នាង រហូត​ផ្តល់ឱកាស​ឲ្យ​នាង​បាន​ចេញទៅ​សម្តែង​ច្រៀង​នៅក្រៅ​ប្រទេស​មួយចំនួន ដូចជា​ចេញទៅ​សម្តែង​ច្រៀង​នៅឯ​ប្រទេស​អូស្ត្រាលី កាលពី​ឆ្នាំ​២០១០ ហើយ​បច្ចុប្បន្នកំពុង​ត្រៀ​ង​ខ្លួន​ចេញទៅ​ច្រៀង​នៅ​ប្រទេស​អូស្ត្រាលី និង​ប្រទេស​បារាំង ក្នុង​ឆ្នាំ​២០១២ ឆាប់ៗ​ខាងមុខនេះ​។

​តារាចម្រៀង ​ថ្មី​វ័យក្មេង​រូបនេះ ក្រៅពី​អាជីព​ជា​កងទ័ពជើងគោក និង​អាជីព​ជា​តារាចម្រៀង​ប្រចាំ​ភោជនីយដ្ឋាន​វ័ន​ម័​រ នាង​មានបំណង​ចង់​ក្លាយជា​តារា​សម្តែង​កាយវិការ​ខារ៉ាអូខេ​តាម​បទ​ចម្រៀង និង​ចង់​ក្លាយជា​តារា​សម្តែង​ភាពយន្ត​ផងដែរ​។

​ទាក់ទង​នឹង​ជីវិត​ ស្នេហា សិល្បការិនី​មាន​រូប​សម្ផស្ស​ស្រស់ស្អាត​រូបនេះ ប្រាប់​ទាំង​អឹមអៀន​ថា "​សព្វថ្ងៃ​នាង​ខ្ញុំ​នៅ​ក្មេង នៅ​បន្ត​សិក្សា​ភាសា​អង់គ្លេស មិនទាន់​គិត​ស្រមៃ​ឃើញ​ចង់​មាន​ស្នេហា សង្សារ​អ្វី​នោះទេ ហើយ​បាន​សច្ចា​ក្នុង​ចិត្ត​ថា សង្សារ​នាង​ខ្ញុំ​មិន​យក​ទេ បើ​យក​គឺ​យកប្តី​តែម្តង ប៉ុន្តែ​មិនមែន​ពេលនេះ​នោះទេ ចាំ​មាន​អាយុ​ច្រើន​បន្តិច​សិន គឺ​នាង​ខ្ញុំ​កំពុងតែ​ខិតខំ​សិក្សា​រៀនសូត្រ និង​ខិតខំ​កសាង​កេរ្តិ៍ឈ្មោះ​សិន​"៕

Comments system

Disqus Shortname