Tuesday, June 19, 2012

សម្តេចប្រធានរដ្ឋសភា​ ដឹកនាំគណៈប្រតិភូ​ ជាន់ខ្ពស់ រដ្ឋសភាកម្ពុជា ទៅបំពេញទស្សនកិច្ចនៅ ប្រទេស បេឡារូស្ស

www.dap-news.comភ្នំពេញៈ តបតាមការអញ្ជើញរបស់លោក ផ្លាឌីមៀ អង់ត្រេឆេនកូ (Vladimir Andreichenko) ប្រធានរដ្ឋសភានៃសាធារណរដ្ឋបេឡារូស្ស គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាដឹកនាំដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ និងជាមិត្តភាព នៅសាធារណរដ្ឋបេឡារូស្ស (Belarus) ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១២។
អញ្ជើញជូនដំណើរ សម្តេចដល់ព្រលាន យន្តហោះអន្តរជាតិភ្នំពេញ នារសៀលថ្ងៃទី១៨ ខែមិថុនានេះ មានលោក ងួន ញ៉ិល អនុប្រធានទី១រដ្ឋសភា លោកស្រី ឃួន សុដារី អនុប្រធាន ទី២ រដ្ឋសភាព្រមទាំងសមាជិក សមាជិការដ្ឋសភា ថ្នាក់ដឹកនាំ និង មន្ត្រីរាជការនៅអគ្គលេខាធិការដ្ឋានរដ្ឋសភាជាច្រើននាក់ទៀត។
តាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋាន រដ្ឋសភាបានឲ្យដឹងថា ក្នុងអំឡុងនៃដំណើរទស្សនកិច្ចនេះ សម្តេចប្រធានរដ្ឋសភា និងគណៈប្រតិភូ នឹងអញ្ជើញចូលជួបសវនការ និងពិភាក្សាការងារជាមួយ លោក ផ្លាឌីមៀ អង់ត្រេឆេនកូ ប្រធានរដ្ឋសភានៃសាធារណរដ្ឋ បេឡារូស្ស ជួបសវនាការជាមួយឯកឧត្តម អាណាតូលី រុយប៊ីណូស (Anatoly Rubinov) ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋ បេឡារូស្ស និងជួបសវនការជាមួយឯកឧត្តម(Alexander Lukashenko )ប្រធានាធិបតី បេឡារូស្ស ។ បន្ទាប់មកសម្តេចប្រធានរដ្ឋសភា នឹងជួបសវនការផងដែរ ជាមួយបណ្ឌិត មីកាអែល មេស៊ីកូវិច (Mikhail Myasnikovich) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋបេឡារូស្ស ព្រមទាំងអញ្ជើញទៅទស្សនកិច្ចនៅ មជ្ឈមណ្ឌលសភាពាណិជ្ជកម្ម និងឧស្សាហកម្ម ទស្សនារោងចក្រត្រាក់ទ័រ បណ្ណាល័យជាតិបេឡារូស្ស និងប្រាសាទប្រវត្តិសាស្ត្រមួយចំនួនទៀត។
តាមកម្មវិធីសម្តេចប្រធានរដ្ឋសភា និងគណៈប្រតិភូអមដំណើរនឹងនិវត្តន៍មកកាន់មាតុភូមិវិញនៅវេលាម៉ោង១៣ និង១៥នាទី ថ្ងៃទី២៤ខែមិថុនាឆ្នាំ២០១២៕
www.dap-news.com
www.dap-news.com

Comments system

Disqus Shortname