Tuesday, June 19, 2012

ឡូយ៩ ត្រៀម​ខ្លួន​សម្រាប់​រដូវកាល​ថ្មី

ភ្នំពេញ : ខណៈ​ដែល​ការ​ថត​សម្រាប់​ឆ្នាំ​ទី២​ខិត​ជិត​មក​ដល់​នោះ លោក ខូលីន ស្ពឺវេ (Colin Spurway ) នាយក​គម្រោង​របស់​កម្មវិធី​ទូរទស្សន៍ «ឡូយ៩» ដែល​ប្រើប្រាស់​ការ​កម្សាន្ត​ដើម្បី​ផ្ដល់​ចំណេះ​ដឹង​ដល់​យុវវ័យ​នោះ​បាន​ ជួប​ជាមួយ​ភ្នំពេញ ប៉ុស្ដិ៍ ដើម្បី​ប្រាប់​ពី​អ្វី​ដែល​ទស្សនិកជន​នឹង​រំពឹង​ទុក​នៅ​រដូវកាល​ឆ្នាំ​ទី២ នៃ​កម្មវិធី។
យោង​តាម​បណ្ដាញ​ទូរទស្សន៍ CTN ឡូយ៩ បាន​ទាក់ទាញ​ទស្សនិកជន​ជាង​២​លាន​នាក់​ក្នុង​១​សប្ដាហ៍ តើ​លោក​ភ្ញាក់​ផ្អើល​នឹង​ជោគជ័យ​នេះ​ទេ?
នៅ​ពេល​ដែល​យើង​កំពុង​តែ​ថត​ឈុត​ឆាក​សម្រាប់​រដូវកាល​ទី១​បណ្ដើរៗ យើង​បាន​ទទួល​នូវ​ប្រតិកម្ម​ពី​ភាព​ជោគជ័យ​នៃ​កម្មវិធី​នេះ។ យុវជន​ទាំង​ឡាយ​ពិត​ជា​រំភើប​និង​ចូល​ចិត្ត​វា​ណាស់។ មុន​នោះ យើង​ក៏​បាន​ធ្វើការ​ស្រាវជ្រាវ​ពី​និន្នាការ​និយម​របស់​យុវជន​ផង​ដែរ​មុន​ នឹង ​យើង​ធ្វើ​គម្រោង​យ៉ាង​យក​ចិត្ត​ទុក​ដាក់​។ ដូច្នេះ​យើង​ជឿជាក់​ថា យើង​នឹង​ទទួល​បាន​ប្រជាប្រិយភាព​ខ្ពស់។​ ទស្សនិកជន​របស់​យើង​មាន​អាយុ​ជា​មធ្យម​២៣​ឆ្នាំ។ ប៉ុន្តែ​ខ្ញុំ​នៅ​តែ​ភ្ញាក់​ផ្អើល​ចំពោះ​ភាព​ជោគជ័យ​ដ៏​មិន​គួរ​ឲ្យ​ជឿ​នេះ។
តើ​ឈ្មោះ «ឡូយ៩» នេះ​មាន​ប្រភព​មក​ពី​ណា​ដែរ?
តាម​ការ​ពិត​ឈ្មោះ​នេះ​គឺជា​ការ​នឹក​ឃើញ​របស់​អ្នក​ហាត់​ការ​របស់​យើង​ ម្នាក់ ដែល​ធ្លាប់​ធ្វើ​ការ​ឲ្យ​ទស្សនាវដ្ដី​ LIFT របស់​ភ្នំពេញ ប៉ុស្ដិ៍។ ឈ្មោះ​នេះ​ត្រូវ​បាន​ជ្រើសរើស​ចេញ​ពី​បញ្ជី​ចំនួន​២៥០ ឈ្មោះ។ «ឡូយ៩» គឺ​ជា​ឈ្មោះ​ដែល​សម​នឹង​កម្ម​វិធី​នេះ​ណាស់ ព្រោះ​វា​ខ្លី ងាយ​ចាំ ហើយ​និយាយ​ពី​ទង្វើ​ដ៏​ល្អៗ​របស់​យុវវ័យ ធ្វើ​ឲ្យ​អ្នក​ណាៗ​ក៏​ស្គាល់។
តើ​លោក​ធ្វើ​យ៉ាង​ណា​ទើប​អាច​បង្កើត​កម្មវិធី​ទាក់ទាញ​អារម្មណ៍​យុវវ័យ​ខ្មែរ​ដែល​មាន​វប្បធម៌​ខុស​ពីលោក​នោះ?
យើង​មិនបាន​ចម្លង​យក​កម្មវិធី​ពី​បរទេស​ឡើយ។ ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ប្រទេស «ក» មិន​អាច​យក​មក​ប្រើប្រាស់​នៅ​ប្រទេស​ «ខ» បាន​ទេ។ យើង​បាន​ធ្វើ​ការ​ស្វែង​យល់​តាម​រយៈ​ការ​ផ្ដល់​ឱកាស​ឲ្យ​យុវជន​ធ្វើ​ការ​ ផលិត​កម្មវិធី ដូចជា​ចម្រៀង ខ្សែ​ភាពយន្ត​ភាគ រឿង​កំប្លែង និង​កម្មវិធី​ទូរស័ព្ទ​ចូល​វិទ្យុ​ជាដើម។ ទាំង​អស់​នេះ​អាច​បង្កើត​បាន​ជា​ការ​កម្សាន្ត​បែប​អប់រំ​មួយ​ប្រកប​ដោយ ជោគជ័យ។
ឡូយ​៩ នឹង​វិល​មក​ជួប​ទស្សនិកជន​នៅ​ខែ​មករា​ឆ្នាំ​ក្រោយ។ តើ​ចន្លោះ​ពេល​នេះ លោក​មាន​អ្វី​ផ្ដល់​ជូន​យុវជន​ដែរ?
យើង​នៅ​មាន​កម្មវិធី​វិទ្យុ​ប្រចាំ​សប្ដាហ៍​នៅ​ប៉ុស្ដិ៍ FM ១០៣ រៀង​រាល់​ថ្ងៃ​សៅរ៍ វិបសាយ www.Loy9.com.kh និង​ទំព័រ​។ យើង​ក៏​នឹង​បន្ត​ចាក់​ផ្សាយ​ស្ប៉ត​ពាណិជ្ជកម្ម​តាម​ទូរទស្សន៍ និង​វិទ្យុ​ពេញ​មួយ​ឆ្នាំ ស្ដី​អំពី​ព័ត៌មាន​សំខាន់ៗ​ដូចជា​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ជ្រើសរើស​តំណាង​ រាស្ត្រ​ជាដើម។
ទន្ទឹម​នឹង​នោះ​យើង​ក៏​មាន​រថយន្ត​ «ឡូយ៩» បើក​បរ​ជុំ​វិញ​ប្រទេស​ដើម្បី​ស្វែង​រក​មនុស្ស​ដែល​មាន​សមត្ថភាព ឬ​ខ្សែ​ជីវិត​គួរ​ឲ្យ​ចាប់​អារម្មណ៍​មក​ចូលរួម​ផលិត​កម្មវិធី​ផង​ដែរ។
តើ​នៅ​រដូវ​កាល​ឆ្នាំ​ទី២ កម្មវិធី​ឡូយ៩ នឹង​មាន​អ្វី​ប្លែក​ពី​ស៊េរី​មុន?
រដូវកាល​ឆ្នាំ​ទី២​នឹង​នាំ​មក​នូវ​គុណភាព​ផលិតកម្ម​កាន់​តែ​ប្រសើរ​ជាង​ មុន ខណៈ​ដែល​ក្រុម​ការ​ងារ​របស់​យើង​បាន​ទទួល​ការ​បណ្ដុះ​បណ្ដាល​កម្រិត BBC។ ក្នុង​ស៊េរី​ថ្មី​នេះ យើង​នឹង​ធ្វើ​ឲ្យ​អ្នក​ទស្សនា​មាន​ការ​ចូលរួម​កាន់​តែ​ច្រើន​ជាមួយ​ កម្មវិធី។ ធ្វើ​ដូច្នេះ​យើង​នឹង​ធ្វើ​ឲ្យ​ទស្សនិកជន​ក្លាយ​ជា​ម្ចាស់​នៃ​កម្មវិធី​ នេះ។ យើង​ព្យាយាម​ជីក​រក​រឿង​រ៉ាវ​ចេញ​ពី​ពួក​គេ ជាជាង​ការ​ដើរ​រក​ប្រធាន​បទ​នៅ​កន្លែង​ផ្សេង​ទៀត។ ប្រសិន​បើ​ទស្សនិជន​ណា​ចង់​ចែក​រំលែក​គំនិត​របស់​ពួក​គេ​នោះ យើង​ស្វាគមន៍​ជានិច្ច។
តើ​កម្មវិធី​ឡូយ៩​នឹង​មាន​ការ​ផ្លាស់​ប្ដូរ​លើ​ផ្នែក​អ្វីខ្លះ?
យើង​នឹង​រក្សា​ទម្រង់​ដើម ប៉ុន្តែ​ខុស​ពី​រដូវ​កាល​មុន​ដែល​ផ្ដោត​ទៅ​លើ​ថ្នាក់​ភូមិ ឃុំ សម្រាប់​ឆ្នាំ​ថ្មី​នេះ​យើង​នឹង​ទាក់ទាញ​ចំណាប់​អារម្មណ៍​យុវជន​មក​កម្រិត​ ថ្នាក់​ជាតិ​ឲ្យ​ត្រូវ​នឹង​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​នៅ​ឆ្នាំ​ក្រោយ​នេះ​ផង ​ដែរ៕

Comments system

Disqus Shortname