Saturday, June 23, 2012

ជីជី បកស្រាយ​ករណី​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍​បុក​គេ

ភ្នំពេញៈ ក្រោយ​ពីមាន​ភាព​ភ្ញាក់​ផ្អើល​ថា ពិធីការិនី​រូប​ស្រស់​​នាង​ ជីជី បាន​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍​ដោយ​នាង​បាន​ព្យាយាម​បើក​រថយន្ត​ដេញ​បុក​ រថយន្ត​ដូច​គ្នា​ម៉ាក Lexus​ ហើយ​ជ្រុល​ចង្កូត​ទៅ​បុក​អ្នក​ដំណើរ​ខ្ទើយ​ពីរ​នាក់​ រួច​​ហួស​ទៅ​បុក​ រថយន្ត ​CRV​ និង​បន្ត​ទៅ​បុក​រះដល់​ម៉ូតូ​កង់​បី​ចត​ស្ងៀម​ នាង​ ជីជី​ បាន​ផ្ទុះ​សំណើច​ឃឹកៗ​រួច​ឆ្លើយ​ថា​៖«​ខ្ញុំ​មិន​ដែល​បាន​ទៅ​បើក​រថយន្ត​ បុក​គេទេ​ ហើយ​យប់​ថ្ងៃទី​២០នោះ​ខ្ញុំក៏​មិន​បាន​​ចេញ​ពី​ផ្ទះ​ដែរ»។
ហេតុការណ៍​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បុក​រះដូច​គេ​បាញ់​គ្រាប់​កាំភ្លើង​ យន្ត​នេះ បាន​កើត​ឡើង​នៅ​យប់​ថ្ងៃ​ទី​២០ ខែ​មិថុនា នៅ​មុខ​ហាង​លក់​ទំនិញ​យីហោ Smile ស្ថិត​នៅ​តាម​ផ្លូវ​លេខ​១៣​ សង្កាត់​ផ្សារ​កណ្តាល​ទី១ ខណ្ឌ​ដូនពេញ​។
ហេតុការណ៍​នេះ ​ត្រូវ​បាន​គេហទំព័រ​ក្នុង​ស្រុក​ សរសេរ​ថា ​សមត្ថកិច្ច​កិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា រថយន្ត​បង្ក​ម៉ាក កាមរី ហាយប្រ៊ីដ ពណ៌ស ពាក់​ស្លាក​លេខ​បណ្តោះ​អាសន្ន ​៥៧០៣​ បើកបរ​ដោយ​នារី​ម្នាក់​ ដែល​គេ​ស្គាល់​ថា កញ្ញា ជីជី ។  ចំណែក​ឯ រថយន្ត​ដែល​ត្រូវ​រថយន្ត​នាង ជីជី​បើក​ដេញ​បុក​នោះ ​ម៉ាក​ Lexus ពណ៌​ទឹក​ប្រាក់​ពាក់​ស្លាក​លេខ​2L -២​០៣៩​ បើកបរ​ដោយ​នារី​ម្នាក់​វ័យ​ប្រហែល​ជា​២០​ឆ្នាំ។
សម្ថកិច្ច​ដដែល​បន្ត​ថា ​មុន​កើត​ហេតុ​ គេ​បាន​ឃើញ​រថយន្ត​បង្កបើក​ដេញ​បុក​គ្នា​យ៉ាង​លឿន​ តាម​បណ្តោយ​ផ្លូវ​ត្រសក់​ផ្អែម​ ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ លុះ​មក​ដល់​ចំណុះ​កើត​ហេតុ ក៏​បាន​បត់​តាម​ផ្លូវ​លេខ១៣ ​ដោយ​បើក​លឿន​ពេក​ បួង​ចង្កូត​មិន​ទាន់​ជ្រុល​ទៅ​រថយន្ត​ម៉ាក​ CRV​ និង​ម៉ូតូ​កង់​បី​ដែល​ចត​ស្ងៀម​ និង​បាន​បុក​ខ្ទើយ​ពីរ​នាក់ ប៉ើង​ទៅ​ផ្ទប់​នឹង​ជញ្ជាំង​កញ្ចក់​ starmart​ យ៉ីហោ ​smile បណ្តាល​ឲ្យ​បែក​កញ្ចក់​ទៀត​ផង​។ ចំណែក​អ្នក​បើកបរ​រថយន្ត Lexus​ ក៏​ទទួល​រង​របួស​ផង​ដែរ។

ប៉ុន្តែ​ជុំវិញ​ហេតុការណ៍​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ ដែល​ភ្លាមៗ​សមត្ថកិច្ច​បញ្ចេញ​ព័ត៌មាន​ថា ​អ្នក​បង្ក​ជា​ពិធីការិនី​ CTN​នាង​ ជីជី​នោះ ​មិន​ត្រូវ​បាន​ជីជី​ទទួល​ស្គាល់​ថា​ជា​រូប​នាង​ជាអ្នក​បង្ក​ឡើយ ដោយ​នាង​ ប្រកែក​យ៉ាង​ញ៉័រ​ថា​៖​«ខ្ញុំឯ​ណា​ទៅ​ចិត្ត​សឿងហ៊ាន​បើក​ឡាន​ដល់​ថ្នាក់​ ដេញ​បុក​គេ​នោះ​ បើ​ទោះ​ជា​ខឹង​ដល់​ថ្នាក់​ណា​ក៏មិន​ហ៊ាន​ដែរ។ នៅ​យប់​ដែល​គេ​ល្បីថា​ ខ្ញុំ​បើក​រថយន្ត​ដេញ​បុក​រថយន្ត​ម៉ាក​ Lexus​ នោះ​ទៀត ​ខ្ញុំ​មិន​បាន​ចេញ​ទៅ​ណា​ទេមួយ​យប់​ទល់​ភ្លឺ​គឺ​ខ្ញុំ​នៅ​ដេក​ផ្ទះ​រហូត»​។
ពិធី​ការិនី​ដែល​កំពុង​ឡើង​កូដ​នៅ​ CTN​រូប​នេះ​ក៏​បាន​សម្តែង​ការ​ភ្ញាក់​ផ្អើល​ដែរ​ ដោយ​នាង​និយាយ​ថា៖​«ហេតុ​ការ​ណ៍បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍​បែប​អនាធិបតេយ្យ​ នេះ​ ខ្ញុំ​បាន​ដឹង​តាំង​ពី​ព្រលឹម​យប់​កើត​ហេតុ​នោះ​ម្ល៉េះ​ខណៈ​ខ្ញុំ​មិន​ទាន់​ ក្រោក​ពី​ដំណេក​ផង​ក៏​មាន​មិត្ត​ភក្កិ​ខល​មក​សួរ​ថា ​ជីជី​ឯង​យប់​មិញ​បើក​ឡាន​បុក​គេ​នោះ​»។ នាង​ក៏​បាន​បញ្ជាក់​ថា​ រថយ​ន្តបង្ក​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​យប់​ថ្ងៃ​ទី​២០​ខែ​មិថុនា​ជា​ រថយន្ត​ម៉ាក កាម​រីហាយប្រ៊ីដ​ពណ៌​ស ពាក់​ស្លាក​លេខ​បណ្តោះ​អាសន្ន​៥៧០៣​ ផ្ទុយ​ពីរ​យន្ត​ដែល​ខ្ញុំ​ប្រើ​នោះ​គឺ​ម៉ាក​ កូរ៉ូឡា​ ពាក់​ស្លាក​លេខ​ ៤០៨៧​។
ជីជី​ បាន​តប​ថា ខ្ញុំ​សឹង​ស្បថ​ក៏​បាន​គឺ​ខ្ញុំ​មិន​បាន​ទៅប​ង្កហេ​តុនោះ​ទេ​។ ទោះ​យ៉ាង​​ណាពិ​ធីការិ​នីនិ​យាយ​ត្រដិត​គល់​អណ្តាត​ ដែល​កំពុង​ត្រូវ​បាន​CTN​លើក​ស្ទួយរូ​បនេះ​ បាន​បង្វែរ​ព័ត៌មាន​នោះ​ ថា​ ជាការ​បង្កាច់​បង្ខូច​កិត្តិយស​នាង​ទៅវិញ ដោយ​នាង​និយាយ​ថា ​មួយ​រយៈ​ចុង​ក្រោយ​នេះ​ព័ត៌មាន​បង្កាច់​បង្ខូច​កេរ្តិ៍​នាង​ច្រើន​ណាស់​ ម្តង​ថា​នាង​មាន​សង្សារ​ជា​ឧកញ៉ា ម្តង​ថា​នាង​ជិត​ចូល​រោង​ការ​ជា​ដើម​ ហើយ​ការ​សរសេរ​ទាំង​នោះ​ពុំ​​ដែល​បាន​សម្ភាស​ជាមួយ​នាង​ទេ​។
ស្រប​គ្នា​នឹង​ការ​អះអាង​ផ្ទាល់​មាត់​ថា ​នាង​មិន​មែន​ជា​អ្នក​បង្ក​គ្រោះ​ថា្នក់​ចរាចរណ៍​កាល​ពី​យប់​ថ្ងៃ​ទី​២០ ខាង​ទូរទស្សន៍​ CTN​ ដែល​ជា​ស្ថាប័ន​នាង​ជីជី​ធ្វើការ​នោះ​ នៅ​រសៀល​ថ្ងៃទី​២១​នេះ​ក៏​បាន​ធ្វើ​សន្និសីទ​កាសែត​ ដើម្បី​បញ្ជាក់​ថា​ ជីជី​មិន​ជា​អ្នក​បង្ក​ហេតុ​នៅ​ក្នុង​ករណី​នៅ​យប់​ថ្ងៃ​ទី២០​នោះ​ទេ​៕

Comments system

Disqus Shortname