ប្រជាជនក្រីក្រកម្ពុជាបានបង្ហាញ
ក្ដីបារម្ភក្រោយពីដំណឹងដែលថា
មន្ទីរពេទ្យដែលតែងតែជួយសង្គ្រោះកុមារក្រីក្ររាប់ម៉ឺននាក់ដោយ
ឥតគិតថ្លៃមួយនេះ កំពុងប្រឈមនឹងបញ្ហាហិរញ្ញវត្ថុ។
ការព្រួយបារម្ភនេះកើតឡើង
ក្រោយពេលដែល វេជ្ជបណ្ឌិតសញ្ជាតិស្វីស លោក Beat Richner
អ្នកគ្រប់គ្រងមន្ទីរពេទ្យគន្ធបុប្ផាទាំង ៥សាខា
ប្រកាសថា មន្ទីរពេទ្យមួយនេះអាចប្រឈម ការបិទទ្វាប្រសិន
បើសហគមន៍អន្តរជាតិ និងរដ្ឋាភិបាលកម្ពុជា
មិនផ្ដល់ជំនួយហិរញ្ញវត្ថុជាបន្ទាន់នោះទេ។
ម្ដាយ និងសាច់ញ្ញាតិ កុមារមានជំងឺ រង់ចាំនៅខាងមុខមន្ទីរពេទ្យសាខាវត្តភ្នំ
អ្នកមីង ចន្ថា មានស្រុកកំណើតនៅ
ស្រុកពាមរ ខេត្ត ព្រៃវែង ដៃកំពុងពរកូន
ដែលមានជំងឺគ្រុនឈាមនៅមុខច្រកចូលមន្ទីរពេទ្យគន្ធបុប្ផា
សាខាវត្ថភ្នំ បានងាកមកប្រាប់ Sabay ថា បើកុំតែបាន
មន្ទីរពេទ្យមួយនេះជួយកុមារក្រីក្រ
ជាពិសេសដូចកូនអ្នកមីងជាដើម
ដោយមិនមានបង់ថ្លៃអ្វីទាំងអស់ទេនោះ
ប្រហែលជាគ្មានសង្ឃឹមជាងាយ ដោយសារតែអ្នកមីង
មិនមានលុយយកកូនទៅព្យាបាលនៅមន្ទីរពេទ្យឯកជនផ្សេងទៀត។
អ្នកមីង បញ្ជាក់ថា “សុទ្ធតែអ្នកក្រីក្រ យកកូនមកទីនេះ
បើបិទមន្ទីរពេទ្យមែននោះ អត់ដឹងទៅព្យាបាលនៅណា
អត់គិតថ្លៃដូចអីចឹងទេ…”។
ជាមួយគ្នានេះដែរ លោក ពូ សុខ
ភាព មានស្រុកកំណើតនៅស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង
ដែលបាននាំកូនអាយុ៣ខួបមកព្យាបាលជំងឺ
នៅមន្ទីរពេទ្យគន្ធបុប្ផាសាខាវត្ថភ្នំដែរនោះ
បានបញ្ជាក់ដែរថា
បើកុំតែលោកពូយកកូនមកមន្ទីរពេទ្យនេះទេ
មិនដឹងព្យាបាលជានោះ អស់ប៉ុន្មានទេ។ លោកពូ បន្តថា
“អ្នកស្រែដូចពួកខ្ញុំ កូនឈឺម្ដងៗ បើធ្ងន់ទេ
យកមកទីនេះហើយ … អត់មានអស់អីទេ អស់តែថ្លៃ ធ្វើដំណើរ
និងហូបចុកប៉ុណ្ណោះ ហើយបើគេបិទមន្ទីរពេទ្យមែន
មិនដឹងយកកូនទៅព្យាបាលនៅទីណានោះទេ អត់អស់លុយអីចឹងនោះ…”។
លោក វេជ្ជបណ្ឌិត Denis Laurent
អ្នកជំនាញខាងជីវសាស្ត្រ និងជាអនុប្រធានមូលនិធិគន្ធបុប្ផា
បានប្រាប់ Sabay នៅព្រឹកមិញនេះថា
មន្ទីរពេទ្យមានការខ្វះខាតច្រើន។ លោក បានឲ្យដឹងថា
ក្នុងមួយឆ្នាំៗ
ការចំណាយសរុបមានប្រហែលជាង៣៦លានដុល្លារសហរដ្ឋអាមេរិក
ហើយអ្នកឧបត្ថម្ភប្រចាំឆ្នាំ ពីរធំៗ
គឺខាងរដ្ឋាភិបាលស្វីស៣លានដុល្លារ
និងរដ្ឋាភិបាលកម្ពុជាប្រមាណ២លានដុល្លារអាមេរិក
និងជាង៣០លានដុល្លារអាមេរិកទៀត
ត្រូវស្វែងរកម្ចាស់ជំនួយពីប្រទេសស្វីស
និងបណ្ដាប្រទេសផ្សេងៗទៀតដោយខ្លួនឯង។
លោកបានបន្តទៀតថា
គិតជាមធ្យមនៅសាខាភ្នំពេញ មានកុមារជាអ្នកជំងឺចូលទៅពិនិត្យ
និងព្យាបាលចន្លោះ ពី ១២០០ ទៅជាង ២០០០នាក់ក្នុងមួយថ្ងៃៗ
ដែលចំនួននេះបានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ
ជាពិសេសរយៈពេល៥ឆ្នាំកន្លងមកនេះ។ ទោះបីជាយ៉ាងណាក៏ដោយ
បើតាមការឲ្យដឹងពី លោក Denis Laurent បញ្ជាក់ថា
ប្រធានមូលនិធិគន្ធបុប្ផា លោកវេជ្ជបណ្ឌិត Beat Richner
បានប្រឹងប្រែងខ្លាំងណាស់ក្នុងការស្វះស្វែងរកមូលនិធិ
ពីម្ចាស់ជំនួយនានា
ចាប់តាំងពីបង្កើតមូលនិធិនេះឡើងកាលពីឆ្នាំ១៩៩២។
រហូតមកដល់ពេលនេះ ខាងមន្ទីរពេទ្យរបស់លោកបានទទួលជំនួយខ្លះៗ ពីសប្បុរសជនមួយចំនួន ដូចជាខាងស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជាជាដើម ប៉ុន្ដែនៅមិនទាន់គ្រប់គ្រាន់ នៅឡើយ។
រហូតមកដល់ពេលនេះ ខាងមន្ទីរពេទ្យរបស់លោកបានទទួលជំនួយខ្លះៗ ពីសប្បុរសជនមួយចំនួន ដូចជាខាងស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជាជាដើម ប៉ុន្ដែនៅមិនទាន់គ្រប់គ្រាន់ នៅឡើយ។
លោក វេជ្ជបណ្ឌិត Beat Richner ស្ថាបនិក មូលនិធិគន្ធបុប្ផា និងជាអ្នកគ្រប់គ្រងមន្ទីរពេទ្យគន្ធបុប្ផាទាំង ៥សាខា
(រូប: http://www.beatocello.com/)
(រូប: http://www.beatocello.com/)
លោក Laurent បន្តទៀតថា
រហូតដល់ពេលនេះ ខាងលោកនឹងនៅតែបន្តខិតខំប្រឹងប្រែង
ស្វះស្វែងរកម្ចាស់ជំនួយបន្តទៀត
ដើម្បីឲ្យមន្ទីរពេទ្យមួយនេះអាចបន្តប្រតិបត្តិមនុស្សធម៌របស់
ខ្លួនបាន។ លោក បញ្ជាក់ថា “ថវិការបស់សប្បុរសជនប៉ុន្មានក៏ដោយ
គឺខ្ញុំសូមស្វាគមន៍ និងដឹងគុណជានិច្ច!”។ កាលពីឆ្នាំ ២០១១
កន្លងទៅ មានអ្នកជំងឺជាកុមារប្រមាណជាង១២ម៉ឺននាក់
បានទទួលការព្យាបាលពីមន្ទីរពេទ្យគន្ធបុប្ផា។
ប្រសិន បើប្រិយមិត្ត
ចង់ចូលរួមជាមូលនិធិ ជួយដល់មូលនិធិគន្ធបុប្ផា
សូមទំនាក់ទំនងទៅកាន់លោក វេជ្ជ បណ្ឌិត Denis Laurent
ដែលមានលេខទូរស័ព្ទ ០១២ ៨១២ ២៣១៕(sabay)