កិច្ចប្រជុំក្រុមការងាររួម កម្ពុជា និងថៃ បញ្ចប់កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១២ នាឯវិមានសន្តិភាព រាជធានីភ្នំពេញ។ |
កិច្ចប្រជុំនេះ បានប្រព្រឹត្តិទៅក្នុងស្ថានការណ៍នៃការចរចាគ្នាយ៉ាងស្វិតស្វាញ និងម៉ឺងម៉ាត់ រវាងភាគីមន្ត្រីយោធាកម្ពុជា និងយោធាថៃ។ ជារួម ភាគីទាំងពីរបានបោះជំហានមួយថ្មីទៀត ឈានទៅរកការដកកងទ័ព និងដោះគ្រាប់មីននៅក្បែរប្រាសាទព្រះវិហារ។
ក្រុមការងាររួមខាងភាគីយោធា កម្ពុជា និងយោធាភាគីថៃ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១២ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគី ចំនួន៨ចំណុច ដើម្បីអនុវត្តតាមដីកាបង្គាប់ជាបន្ទាន់ របស់តុលាការយុត្តិធម៌អន្តរជាតិ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១១ កន្លងទៅនេះ ដែលបានបង្គាប់ឲ្យយោធាកម្ពុជា និងយោធាថៃ ដកកងទ័ពចេញពីតំបន់គ្មានកងទ័ពបណ្ដោះអាសន្ន ទំហំជាង១៧គីឡូម៉ែត្រក្រឡា នៅក្បែរប្រាសាទព្រះវិហារ។
ចំណុចសំខាន់ៗនៅក្នុងចំណោមកិច្ចព្រមព្រៀងនោះ មានដូចជា ភាគីកម្ពុជា និងភាគីថៃ បានយល់ព្រមប្រគល់ភារកិច្ចឲ្យមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (CMAC) និងមជ្ឈមណ្ឌលកំចាត់មីនរបស់ថៃ (TMAC) បើកការពិភាក្សានៅសប្ដាហ៍ទី៣ នៃខែកក្កដា ឆ្នាំ២០១២ ខាងមុខនេះ នៅទីក្រុងបាងកក (Bangkok) ប្រទេសថៃ (Thailand) ផ្ដោតលើផែនការដោះមីនរួមគ្នា។
ការដោះគ្រាប់មីននោះ គឺដើម្បីផ្តល់សុវត្ថិភាពឲ្យក្រុមអ្នកសង្កេតការណ៍រួម និងសម្រួលដល់ការកែសម្រួលកងទ័ព ឬដកកងទ័ព នៃប្រទេសទាំងពីរ នាពេលខាងមុខ។
ចំពោះការដកកងទ័ព នៃប្រទេសទាំងពីរនោះ ក្រុមការងាររួមកម្ពុជា និងថៃ នឹងបន្តពិភាក្សាលើផែនការសមរម្យមួយ នៃការដកកងទ័ព។ ការដកកងទ័ពនឹងធ្វើឡើងនៅក្នុងអំឡុងពេល ៣០ថ្ងៃ ក្រោយពីមានការឯកភាពរបស់ក្រុមអ្នកជំនាញដោះមីន នៃប្រទេសទាំងពីរ នៅតំបន់ដែលមានការកែសម្រួលកងទ័ពបណ្ដោះអាសន្ននោះ។ ការដកកងទ័ព និងធ្វើឡើងក្រោមការត្រួតពិនិត្យ ដោយក្រុមអ្នកសង្កេតការណ៍រួម មកពីប្រទេសកម្ពុជា ថៃ និងឥណ្ឌូណេស៊ី (Indonesia)។
រដ្ឋលេខាធិការ នៃក្រសួងការពារជាតិកម្ពុជា លោកនាយឧត្តមសេនីយ៍ នាង ផាត និងជាសហប្រធាននៃក្រុមការងាររួម កម្ពុជា និងថៃ បានមានប្រសាសន៍ក្រោយពីការចុះហត្ថលេខារួមគ្នាថា ភាគីកម្ពុជា និងថៃ សប្បាយចិត្តនឹងលទ្ធផលនេះ។
លោកនាយឧត្តមសេនីយ៍ នាង ផាត៖ «សម្រាប់ភាគីថៃ លទ្ធផលនៃកិច្ចប្រជុំក្រុមការងាររួម កម្ពុជា ថៃ នឹងត្រូវរាយការណ៍ជូនគណៈកម្មការព្រំដែនទូទៅ ដើម្បីចាត់វិធានការតាមនីតិវិធីរបស់ខ្លួន។ សម្រាប់ភាគីកម្ពុជា លទ្ធផលនៃកិច្ចប្រជុំនេះ នឹងរាយការណ៍ជូនគណៈកម្មការព្រំដែនទូទៅ ជី.ប៊ី.ស៊ី (GBC) ដើម្បីចាត់ការ និងរាយការណ៍បន្តទៅក្រសួងការបរទេស និងសហប្រតិបត្តិការ»។
ជាមួយគ្នានេះដែរ លោកនាយឧត្តមសេនីយ៍ វូរ៉ាពង្ស សងហ្គានេត្រា (Worapong Sanganetra) ជាអគ្គមេបញ្ជាការកងទ័ពថៃ និងជាសហប្រធាន នៃក្រុមការងាររួម កម្ពុជា និងថៃ បានមានប្រសាសន៍ជាភាសាថៃ ហើយត្រូវបានប្រែសម្រួលជាភាសាខ្មែរថា កិច្ចប្រជុំនេះ អូសបន្លាយរយៈពេលយូរ ប៉ុន្តែយើងបានទទួលជោគជ័យ៖ «កិច្ចប្រជុំនេះ បានដំណើរការបានសម្រេចជោគជ័យមកដល់ថ្ងៃនេះ ហើយឆ្លៀតឱកាសនេះ ខ្ញុំក៏សូមថ្លែងអំណរគុណសាជាថ្មីម្តងទៀត ចំពោះឯកឧត្តម ព្រមទាំងក្រុមការងារ នៅក្នុងនោះ ក៏សូមថ្លែងអំណរគុណដែរ ចំពោះក្រុមការងារខាងភាគីថៃ»។
កិច្ចប្រជុំក្រុមការងាររួមលើកទី១ រវាងយោធាកម្ពុជា និងថៃ បានធ្វើរួចម្តងហើយ កាលពីខែមេសា ឆ្នាំ២០១២ កន្លងទៅនេះ នៅទីក្រុងបាងកក ប្រទេសថៃ គឺបានឯកភាពលើ ៨ចំណុចដែរ ប៉ុន្តែភាគីទាំងពីរមិនបានចុះហត្ថលេខាលើឯកសារនោះទេ។
កិច្ចប្រជុំក្រុមការងាររួមដដែលនេះ គេគ្រោងធ្វើឡើងលើកទី៣ នៅទីក្រុងបាងកក ប្រទេសថៃ នាពេលខាងមុខ ប៉ុន្តែពេលវេលាគេនឹងកំណត់ជាក្រោយ៕