ភ្នំពេញ ៖ ស្ដ្រីរងគ្រោះម្នាក់ ត្រូវប្ដីចិត្ដកំណាច យកកាំបិតកាប់ក្បាល និងកាប់ដៃចំនួន ៤កាំបិតដេរ ៣០ថ្នេរជាង ប៉ងសម្លាប់ ត្រូវក្រុមគ្រួសារដឹកយកមកគ្លីនឯករាជ្យ ជួយសង្គ្រោះទាន់ពេលវេលា។
ស្ដ្រីរងគ្រោះបញ្ជាក់ថា ដោយសារតែរឿងលុយ ៣០ ដុល្លារ មិនឱ្យទិញហ្គាសបញ្ចូលលក់ ម្យ៉ាងវិញទៀត ក៏ដោយសារមកពីរឿង ទារលុយបងប្អូនលោកប្ដីជំពាក់ផង ដែរ។ ហេតុការណ៍នេះ កើតឡើងកាលពី វេលាម៉ោង៩និង០០នាទី យប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១២ ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មាន ពីក្រុមគ្រួសារបានឱ្យដឹងថា ស្ដ្រីរងគ្រោះមានឈ្មោះ ផាន់ ផារី អាយុ ២៧ឆ្នាំ មានមុខរបរ ជាអ្នកលក់ដូរ រស់នៅក្នុងភូមិ-សង្កាត់ កើតហេតុ រងរបួស ក្បាល ៣កាំបិត និងដាច់ម្រាមដៃខាងស្ដាំ ១កាំបិត ដេរជាង ៣០ថ្នេរ រីឯលោកប្ដីចិត្ដកំណាចនោះ មានឈ្មោះ ជឹម រិទ្ធី អាយុ ៣២ឆ្នាំ មានមុខរបរជាសន្ដិសុខ និងជួយ លក់ឥវ៉ាន់នៅផ្ទះ បន្ទាប់ពីធ្វើសកម្មភាព កាប់ប្រពន្ធរួចហើយ រត់គេចខ្លួនបាត់ ។
បើយោងតាមស្ដ្រីរងគ្រោះវិញ បានឱ្យដឹងថា មុនពេលកើតហេតុ នាងបានប្រាប់ប្ដីឱ្យឈប់លក់ ហ្គាស ពីព្រោះលក់មិនចំណេញ ប្រសិនបើចង់លក់ ឱ្យទៅលក់នៅខាង ម្ដាយទៅ លុះបន្ដិចក្រោយមក អ្នកដឹកហ្គាសយកទៅ ពេលនាងប្រាប់ថា លុយអត់គ្រប់ទេ ដោយខ្វះ ១៥០០០រៀលទៀត ទើបស្មើ និង៣០ដុល្លារ គ្រប់តម្លៃហ្គាស ហើយនាងបានប្រាប់ អ្នកដឹកហ្គាសយកមកឱ្យនោះថា ឈប់ដឹកហ្គាសមកទៀត បើដឹកមកទៀត នាងមិនឱ្យលុយនោះទេ លុះពេលអ្នកដឹកធុងហ្គាស ចេញទៅបាត់ ស្រាប់តែលោកប្ដីច្រឡោតខឹងយ៉ាងខ្លាំង ដោយនិយាយថា “អញទ្រាំយូរហើយ” រួចហើយក៏អូសនាងទៅបន្ទប់បាយ យកកាំបិតប៉័ងតោ កាប់នាងចំនួន ៤កាំបិត បណ្ដាលឱ្យដេកដួលនៅនឹងកន្លែង ។ សកម្មភាពនេះ គឺលោកប្ដីរបស់នាង បានចាក់សោផ្ទះ មិនឱ្យអ្នកណាចូលជួយបានឡើយ បន្ទាប់ពីធ្វើសកម្មភាពរួច ក៏បើកទ្វារផ្ទះ រត់គេចខ្លួនបាត់ទៅ ពេលនោះបានអ្នកជិតខាងដឹង រួចហើយរត់មកប្រាប់ឪពុកម្ដាយនាង ក៏ដឹកបញ្ជូនមកកាន់គ្លីនិកតែម្ដងទៅ ។
ស្ដ្រីរងគ្រោះបានបន្ដទៀតថា រឿងនេះមិនមែនត្រឹម តែរឿងលុយ ៣០ដុល្លារ ថ្លៃហ្គាសនោះទេ គឺវាកើតឡើង តាំងពីរឿងនាងទារលុយបងប្អូនរបស់លោកប្ដី ដែលបានខ្ចី នាងចំនួន ២០០ដុល្លារ នាងបានទារ កាលពីប៉ុន្មានថ្ងៃមុននោះ ហើយចាប់តាំងពីនាងសួរនាំលុយនោះ ឃើញថា ទឹកចិត្ដរបស់លោកប្ដីប្រែប្រួលរហូត ដូច្នេះរឿងរ៉ាវ ដែលបណ្ដាលឱ្យ កាប់សម្លាប់នាងនោះ គឺដោយសារតែរឿងទារលុយ ពីបងប្អូនរបស់គេ ជំពាក់នាងតែប៉ុណ្ណោះ ។
នាងបានបន្ថែមទៀតថា ដោយសារតែរឿងស៊ុមគ្រលុំនេះហើយ កាលពីអំឡុង២០០១ នាងនិងប្ដីរបស់នាង ធ្លាប់បានលែងលះគ្នាម្ដងមកហើយ ប៉ុន្ដែលោកប្ដីមកអង្វរក រហូតដល់ឪពុកម្ដាយនាងថា គេឈប់ធ្វើគំនិតបែបនេះ ដោយគេកែប្រែចិត្ដ ខិតខំរកស៊ី ពេលនោះឪពុកម្ដាយ ក៏ព្រមឱ្យជួបជុំគ្នាវិញ អំឡុងខែមករា ឆ្នាំ២០០១ ប៉ុន្ដែបាន បន្ដិចក៏កែប្រែចិត្ដដូចដើមដដែល ។ ពេលនេះ នាងបានដាក់ពាក្យបណ្ដឹង ឱ្យនគរបាលចាត់ការ ទៅតាមផ្លូវច្បាប់ ដើម្បីឱ្យរាងចាលម្ដង៕