Monday, June 18, 2012

អាមេរិក ស្នើ​ឲ្យ​ដោះលែង​អ្នក​ភូមិ​បឹងកក់

ភ្នំពេញៈ រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​អាមេរិក លោក​ស្រី ហ៊ីឡារី គ្លីនតុន បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​ការ​ដោះ​លែង​ស្ត្រី​អ្នក​ភូមិ​បឹងកក់ ​ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស ដោយ​ប្រាប់​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា​លោក ហោ ណាំហុង នៅ​ជំនួប​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន​ថា ចំណាត់​ការ​បែប​នេះ​នឹង​ជួយ​គាំទ្រ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ។
អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​អាមេរិក​អ្នក​ស្រី Victoria Nuland បាន​ថ្លែង​ក្រោយ​ជំនួប​រវាង​មន្ត្រី​ទាំង​ពីរ​ថា លោក​ស្រី គ្លីនតុន​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​តវ៉ា​ថ្មីៗ​នេះ​ទាក់​ទង​ នឹង​បញ្ហា​សិទ្ធិ​ដី​ធ្លី ហើយ​ទទូច​ឲ្យ​កម្ពុជា​អនុញ្ញាត​ឲ្យ​ទណ្ឌិត​ជា​អ្នក​ភូមិ​បឹងកក់​ទទួល​បាន​ ដំណើរ​ការ​ដែល​ត្រឹម​ត្រូវ​ ពេញ​លេញ។ អ្នក​ស្រី Nuland បាន​ថ្លែង​ថា៖​«ហើយ​លោក​ស្រី​ពិត​ជា​កត់​សម្គាល់​ឃើញ​ថា ការ​ដោះ​លែង​ពួក​គេ​នឹង​ក្លាយ​ជា​សញ្ញា​នៃ​ការ​គាំទ្រ​សេរីភាព​នៃ​ការ បញ្ចេញ​មតិ»។
ស្ត្រី​អ្នក​ភូមិ​បឹងកក់​ទាំង​នោះ​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ពេល​តវ៉ា​ ពី ​ការ​បណ្តេញ​ចេញ​នៅ​តំបន់​បឹងកក់​ពី​ថ្ងៃ​ទី ២២ ខែ​ឧសភា ហើយ​ត្រូវ​បាន​ចោទ​ប្រកាន់ ២ ថ្ងៃ​ក្រោយ​មក​ពី​បទ​បង្ក​ជម្លោះ​ជាមួយ​អាជ្ញាធរ និង​រំលោភ​លើ​ដី​ដែល​ផ្តល់​ទៅ​ឲ្យ​ក្រុមហ៊ុន​អភិវឌ្ឍន៍​ស៊ូកាគូអ៊ីន​របស់​ សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​ប្រជាជន​កម្ពុជា លោក ឡាវ ម៉េងឃីន។ សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​បើក​សវនាការ​ផ្តន្ទា​ទោស​ស្ត្រី​ទាំង​នោះ​ រួម​ទាំង​ស្ត្រី​វ័យ​៧២ ឆ្នាំ​ម្នាក់​ផង​ឲ្យ​ជាប់​ពន្ធនាគារ​ពី​១ឆ្នាំ​ទៅ​២ឆ្នាំ​កន្លះ​។
សមាជិក​សភា​គណបក្ស​សមរង្ស៊ី​លោក​ស្រី មូរ សុខហួរ ​ដែល​ទទូច​ឲ្យ​សហគមន៍​អន្តរជាតិ​ចាត់​វិធាន​ការ​បន្ទាប់​ពីការ​កាត់​ទោស​ នោះ​បាន​ថ្លែង​ថា ប្រសាសន៍​របស់​លោក​ស្រី​ គ្លីនតុន ​វិជ្ជមាន​ខ្លាំង​ណាស់។
លោក​ស្រី​ថ្លែង​ពី​សហរដ្ឋ​អាមេរិក​ជា​ទីដែល​លោក​ស្រី ក៏​បាន​ចូល​ជួប​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​ថា៖​ «វា​មាន​មូល​ដ្ឋាន​ច្បាស់​សម្រាប់​លោក​ស្រី​ចោទ​សួរ​ពី​កង្វះ​ដំណើរ​ការ​ ត្រឹមត្រូវ​ពេញ​លេញ​នោះ»។
លោក​ស្រី​បន្ត​ថា៖​ «ខ្ញុំ​ជឿ​ជា​វិជ្ជមាន​ថា វឌ្ឍន​ភាព​នឹង​មាន។ រង់​ចាំ​មើល​សាលា​ឧទ្ធរណ៍។ ខ្ញុំ​មាន​ទំនុក​ចិត្ត​ថា ពួក​គេ​នឹង​ត្រូវ​បាន​ដោះ​លែង មុន​ពេល​លោក​ស្រី​ហ៊ីឡារី​ ទៅ​ដល់​ភ្នំពេញ​នៅ​ខែ​កក្កដា​[ដើម្បី​ចូល​រួម​វេទិកា​តំបន់​អាស៊ាន]»។
លោក​ស្រី​បន្ត​ទៀត​ថា៖ ​«ខ្ញុំ​មាន​ទំនុក​ចិត្ត​ថា លោក ហោ ណាំហុង ស្តាប់​បាន​សារ​[លោក​ស្រី​គ្លីនតុន]។ វា​ជា​ស្ថានភាព​ឈ្នះឈ្នះ​ដើម្បី​បញ្ចប់​ករណី​នេះ​នៅ​សាលា​ឧទ្ធរណ៍»។
ប្រសាសន៍​លោក​ស្រី គ្លីនតុន​ បាន​ផ្តល់​ក្តី​សង្ឃឹម​ខ្លះ​ដល់​សហគមន៍​បឹងកក់​ដែល​បាតុករ​ពួក​គេ​បាន​ចេញ ​មក​តវ៉ា​តាម​ដង​ផ្លូវ​ជា​ថ្មី​ទៀត​កាល​ពី​ថ្ងៃ​ម្សិលមិញ​ដើម្បី​ស្នើ​ឲ្យ​ អាជ្ញាធរ​អន្តរាគមន៍។
លោក អ៊ូ គង់ជា ប្តី​អ្នក​ស្រី ទេព វន្នី​ ជា​សកម្មជន​ជាប់​ពន្ធនាគារ បាន​ថ្លែង​ថា៖ «​ខ្ញុំ​រីករាយ​ណាស់ ​គាត់​បារម្ភ​ពី​សហគមន៍​យើង។ ខ្ញុំ​សង្ឃឹម​ថា រដ្ឋាភិបាល​កម្ពុជា​នឹង​គិត​ពី​ការ​អត្ថា​ធិប្បាយ​របស់​គាត់ និង​ដោះ​លែង​មិត្ត​យើង​ទាំង ១៥​នាក់»។
លោក សៀក ហេង ដែល​ប្រពន្ធ​ឈ្មោះ​ គង់ ចន្ថា បាន​ជាប់​ក្នុង​ពន្ធនាគារ​ព្រៃ​ស​ដែរ​នោះ ​បាន​ថ្លែង​ថា ​គេ​មិន​អាច​ព្រងើយ​កន្តើយ​នឹង​បញ្ហា​នេះ​តទៅ​ទៀត​ឡើយ។
លោក​ថា៖ «​ព័ត៌មាន​អំពី​វិវាទ​នេះ​ផ្សព្វផ្សាយ​ទូទាំង​ពិភព​លោក ដូច្នេះអាជ្ញាធរ​ត្រូវ​តែ​ដោះស្រាយ»។
​អ្នក​ស្រី យម បុប្ផា អ្នក​តវ៉ា​បាន​ថ្លែង​ថា នគរបាល​បាន​រារាំង​និង​គំរាម​ចាប់​ខ្លួន​ក្រុម​អ្នក​តវ៉ា​មាន គ្នា​១០០​នាក់ ​ខណៈ​ពួក​គេ​ដើរ​ដង្ហែ​ឆ្ពោះ​ទៅ​ផ្ទះ​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ជាមួយ​នឹង​ញត្តិ ដែល​ទីបំផុត​មិន​បាន​ប្រគល់​ទៅ​ឲ្យ​មន្រ្តី​ដែល​កំពុង​រង់ចាំ​នោះ​ទេ។  ​អ្នក​ស្រី​ថា ៖ «​យើង​ភ័យ​ខ្លាច​ថា គេ​ដាក់​វា​ក្នុង​ធុង​សំរាម»។

នគរបាល​មិន​ផ្តល់​អត្ថាធិប្បាយ​ទេ នៅ​ពេល​សួរ​ថា​ តើ​មាន​បាន​គំរាម​ចាប់​ខ្លួន​ជន​ណា​ម្នាក់​ដែរ​ទេ?
លោក ឡៅ ម៉ុងហៃ អ្នក​វិភាគ​ឯករាជ្យ បាន​ថ្លែង​ថា រដ្ឋាភិបាល​គួរ​ឲ្យ​ករណី​នេះ​ត្រូវ​បាន​ជំនុំ​ជម្រះ​នៅ​សាលា​ឧទ្ធរណ៍​ ឲ្យ​បាន​ឆាប់​ តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ ​លោក​ថ្លែង​ថា៖ «​ខ្ញុំ​គិត​ថា រដ្ឋាភិបាល​គួរ​អនុវត្ត​នយោបាយ​ឈ្នះ​ឈ្នះ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ សម្រាប់​ប្រជាជន​បឹងកក់»។
លោក​ស្រី គ្លីនតុន ក៏​បាន​កោត​សរសើរ​កម្ពុជា ដែល​មិន​បន្ត​អនុវត្ត​ជាមួយ​នឹង​ច្បាប់​គ្រប់គ្រង​អង្គការ​ក្រៅ​ រដ្ឋាភិបាល​ដែល​បាន​ស្នើ​ឡើង​ហើយ​រង​ការ​រិះគន់​ជា​ទូទៅ លោក​ស្រី​ក៏​បាន​លើក​ឡើង​ពី​សារៈ​សំខាន់​នៃ​ការ​បោះ​ឆ្នោត​ដោយ​យុតិ្តធម៌ និង​សេរី នៅ​ឆ្នាំ​ក្រោយ​នេះ។
លោក​ស្រី​បន្ត​ថា ​ទោះ​យ៉ាង​ណា​វា​អាស្រ័យ​លើ​ប្រជាជន​កម្ពុជា​ត្រូវ​សម្រេច​ថា​ តើ​លោក សម រង្ស៊ី ​គួរ​វិល​ត្រឡប់​សម្រាប់​ការ​បោះឆ្នោត​ឬ​យ៉ាងណា?
លោក​ស្រី មូរ សុខហួរ បាន​ថ្លែង​ថា គណបក្ស​របស់​លោក​ស្រី នឹង​បន្ត​ជំរុញ​ឲ្យ​លោក សម រង្ស៊ី វិល​ត្រឡប់​មក​វិញ ដោយ​លោក​ស្រី បាន​បន្ថែម​ថា ​លោក​ស្រី​ពេញ​ចិត្ត​បំផុត​ដែល​មន្រ្តី​សហ​រដ្ឋ​អាមេរិក​បាន​ពិចារណា​បញ្ហា របស់​លោក​ស្រី នៅ​ពេល​លោក​ស្រី​ជួប​ជាមួយ​នឹង​ពួក​គេ។
ទោះ​ជា​យ៉ាង​ណា​ លោក​ស្រី​នៅ​តែ​បន្ត​ជំរុញ​ឲ្យ​អាមេរិក​កាត់​បន្ថយ​ជំនួយ​យោធា​ដល់​កម្ពុជា នៅ​ពេល​លោក​ស្រី​ចូលរួម​កិច្ច​ប្រជុំ​បន្ត​ទៀត នៅ​ក្រុង​វ៉ាស៊ីន​តោន នា​សប្តាហ៍​ក្រោយ។  លោក កុយ គួង អ្នក​នាំ​​ពាក្យ​ក្រសួង​ការ​បរទេស បាន​បដិសេធ​មិន​ផ្តល់​ការ​អត្ថាធិប្បាយ​ទេ៕​

Comments system

Disqus Shortname