Tuesday, June 26, 2012

អ្នក​បឹង​កក់​បន្ត​​ទាមទារ​ឲ្យ​ដោះ​លែង​​តំណាង​​ទាំង​១៣​នាក់


អ្នក​បឹង​កក់​ជិត ១០០​នាក់ ប្រមូល​ផ្ដុំ​គ្នា​ជា​ថ្មី​ម្ដង​ទៀត នៅ​ថ្ងៃ​ទី​២៥ ខែ​មិថុនា ខាង​មុខ​ក្រសួង​យុត្តិធម៌ និង​ដង្ហែ​ក្បួន​មក​លែង​ចាប​ខាង​មុខ​សាលាឧទ្ធរណ៍ ជា​និមិត្តរូប​សុំ​ឧទ្ទិស​ឲ្យ​តុលាការ​ផ្ដល់​សេរីភាព​ដល់​តំណាង​អ្នក​ភូមិ ១៣​នាក់ ឲ្យ​រួច​ពី​ពន្ធនាគារ។


អ្នក​បឹង​កក់ និង​កុមារ​តូចៗ​ជា​កូន និង​ជា​ចៅ​របស់​តំណាង​អ្នក​ភូមិ ១៣​នាក់ អង្គុយ​ច្រៀង​ចម្រៀង​ជា​ច្រើន​បទ​ដែល​តាក់តែង​ពី​ការ​ឈឺ​ចាប់​នៃ​ការ​ ព្រាត់ប្រាស​ម្ដាយ និង​បាត់បង់​ផ្ទះ​សម្បែង​នៅ​ខាង​មុខ​ខ្លោងទ្វារ​នៃ​ក្រសួង​យុត្តិធម៌។ អ្នក​បឹង​កក់​ក៏​បាន​លើក​បដា​ទាមទារ​ឲ្យ​តុលាការ​ដោះ​លែង​តំណាង​អ្នក​ភូមិ​ ទាំង ១៣​នាក់​ពី​ពន្ធនាគារ និង​មាន​បាច់​ផ្កា​ឈូក​គ្រប់​គ្នា ជា​តំណាង​ឲ្យ​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ដែល​ប្រជាពលរដ្ឋ​ខ្មែរ​មាន​ជំនឿ​ទៅ​លើ​ព្រះពុទ្ធ​សាសនា។
អ្នកស្រី ខែក ចាន់រស្មី អ្នក​បឹង​កក់​ម្នាក់​ដែល​ចូល​រួម​ទាមទារ​នៅ​មុខ​ក្រសួង​យុត្តិធម៌ ឲ្យ​ដឹង​ថា ការ​ជួប​ជុំ​គ្នា​នេះ ដើម្បី​ជំរុញ​ឲ្យ​ក្រសួង​យុត្តិធម៌​ជួយ​អន្តរាគមន៍​ដល់​សាលាឧទ្ធរណ៍ ដែល​នឹង​បើក​សវនាការ​ជំនុំជម្រះ​ក្ដី​លើ​ករណី​អ្នក​ភូមិ ១៣​នាក់ នៅ​ថ្ងៃ​ទី​២៧ មិថុនា ឆ្នាំ​២០១២ ខាង​មុខ​នេះ ជួយ​ផ្ដល់​យុត្តិធម៌ និង​លើកលែង​ការ​ចោទ​ប្រកាន់​ដល់​ពួក​គាត់​ដោយ​គ្មាន​លក្ខខណ្ឌ។
អ្នកស្រី ខែក ចាន់រស្មី៖ «ឲ្យ​គាត់​កាត់​ក្ដី​ប្រជាពលរដ្ឋ​នៅ​តំបន់​ បឹង​កក់ ១៣​នាក់ ជា​ស្រ្តី ឲ្យ​បាន​ចេញ​នៅ​ថ្ងៃ​ទី​២៧ ដោយ​គ្មាន​លក្ខខណ្ឌ ព្រោះ​គាត់​គ្រាន់​តែ​ជា​ស្ត្រី​ទាមទារ​នូវ​សិទ្ធិ​លំនៅឋាន​របស់​ពួកគាត់​ តែប៉ុណ្ណោះ ពួក​គាត់​មិន​ត្រូវ​មាន​ទោស​ដាក់​ពន្ធនាគារ​បែប​នោះ​ទេ។ នេះ​ជា​រឿង​អយុត្តិធម៌​ណាស់​សម្រាប់​ប្រជាពលរដ្ឋ​ពួក​ខ្ញុំ»
ក្រោយ​ពី​អង្គុយ​ទាមទារ​នៅ​ខាង​មុខ​ក្រសួង​រួច​មក អ្នក​ភូមិ​បឹង​កក់​នាំ​គ្នា​ដង្ហែ​ក្បួន​មក​ខាង​មុខ​សាលាឧទ្ទរណ៍ ដើម្បី​លែង​ចាប​ចំនួន ១៣​ក្បាល ជា​និមិត្តរូប ដោយ​មាន​ប្រលេះ​ស្រទាប់​ផ្កា​ឈូក​បាច​ទៅ​លើ​ជាមួយ​ចាប​នោះ​ផង ជា​ការ​បង្ហាញ​ពី​សេរី​សួស្ដី សេរីភាព និង​បួងសួង​សុំ​ឲ្យ​អ្នក​ភូមិ​ទាំង ១៣​នាក់ មាន​វាសនា​មាន​សេរី​លែង​ជាប់​ទ្រុង​ដូច​ចាប​នោះ​ដែរ។
មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) លោក អំ សំអាត ឲ្យ​ដឹង​ថា សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​លើក​លែង​ការ​ចោទ​ប្រកាន់​អ្នក​បឹង​កក់ ដែល​កំពុង​ជាប់​ឃុំ ដើម្បី​បង្ហាញ​ពី​ឆន្ទៈ​នៃ​ការ​ស្វែង​រក​ដំណោះស្រាយ​រឿង​វិវាទ​ដីធ្លី និង​គួរ​តែ​ពិនិត្យ​ឡើង​វិញ​រាល់​ការ​អភិវឌ្ឍ ដើម្បី​កាត់​បន្ថយ​វិវាទ​ដីធ្លី​រវាង​អ្នក​ភូមិ​ជាមួយ​ក្រុមហ៊ុន​ឯកជន។
លោក អំ សំអាត៖ «បញ្ហា​នេះ​ជា​បញ្ហា​ដីធ្លី រឿង​ដែល​សំខាន់​គឺ​រួម​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ដីធ្លី​នេះ​ឲ្យ​បាន​ចប់ ហើយ​មួយ​ទៀត ចំពោះ​ប្រទេស​ជា​ដៃគូ​អភិវឌ្ឍន៍ គឺ​សុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​យើង ពិនិត្យ​ឡើង​វិញ​រាល់​ការ​អភិវឌ្ឍន៍ ធ្វើ​យ៉ាង​ណា​កុំ​កាត់​បន្ថយ​កុំ​ឲ្យ​ប៉ះពាល់ ឬ​ការ​រំលោភ​ដីធ្លី​ដល់​ប្រជាពលរដ្ឋ»
កាល​ពី​ថ្ងៃ​ទី​២២ ឧសភា ឆ្នាំ​២០១២ ​កម្លាំង​សមត្ថកិច្ច​បាន​ចាប់​ខ្លួន​តំណាង​​អ្នក​ភូមិ​បឹង​កក់ ១៣​នាក់ ហើយ​នៅ​ថ្ងៃ​ទី​២៤ ឧសភា សាលាដំបូង​បាន​បើក​សវនាការ​កាត់​ទោស​អ្នក​ទាំង ១៣​នាក់ ឲ្យ​ជាប់​ទោស​ម្នាក់ៗ​ពី​១​ឆ្នាំ ទៅ​២​ឆ្នាំ​កន្លះ ក្រោម​បទ​កាន់កាប់​ដី​ខុស​ច្បាប់ និង​បំផ្លាញ​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ។ នៅ​ថ្ងៃ​ដដែល​នោះ កម្លាំង​សមត្ថកិច្ច​ក៏​បាន​ចាប់​អ្នក​បឹង​កក់  ២​នាក់​ទៀត បញ្ជូន​ទៅ​ពន្ធនាគារ​ព្រៃ​ស​ដែរ ខណៈ​ដែល​ពួក​គេ​កំពុង​តវ៉ា​នៅ​ខាង​មុខ​តុលាការ។ ក៏ប៉ុន្តែ​អ្នក​ទាំង ២​នាក់​នេះ ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​វិញ កាល​ពី​ថ្ងៃ​ទី​១៥ មិថុនា ឆ្នាំ​២០១២៕

Comments system

Disqus Shortname