រថយន្តក្រុងដែលជួបគ្រោះថ្នាក់ចរាចរណ៍នៅខេត្តពោធិ៍សាត់នាពេលកន្លងមក ។ រូបថត John Macgregor |
លោក ថោង ខុន បានឲ្យដឹងកាលពីសប្តាហ៍មុនថា ក្រសួងកំពុងរៀបចំប្រកាសអន្តរក្រសួងជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីគ្រប់គ្រង និងធានាសុវត្ថិភាពដល់អ្នកធ្វើដំណើរ ជាពិសេសភ្ញៀវទេសចរដែលធ្វើដំណើរតាមរថយន្តក្រុង។
លោកបន្តថា កន្លងមកការដឹកជញ្ជូនរបស់ក្រុមហ៊ុនដឹកអ្នកដំណើរស្ថិតក្រោមការ គ្រប់គ្រងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ចំណែកក្រសួងទេសចរណ៍គ្រប់គ្រងការដឹកជញ្ជូនតាមក្រុមហ៊ុនទេ សចរណ៍ប៉ុណ្ណោះ។
លោកមិនទាន់បានកំណត់កាលបរិច្ឆេទចេញប្រកាសនោះនៅឡើយទេ ប៉ុន្តែក្រសួងទាំងពីរបាននិងកំពុងពន្លឿនកិច្ចការនេះ ដែលរហូតដល់ពេលនេះសម្រេចបានមួយចំនួនហើយ។
ក្រសួងទេសចរណ៍គ្រប់គ្រងរថយន្តដែលប្រើដោយទីភ្នាក់ងារទេសចរណ៍ និងសណ្ឋាគារ មានអ្នកបើកបរដែលមានឯកសណ្ឋានត្រឹមត្រូវ តែក្រសួងសាធារណការគ្រប់គ្រងរថយន្តដឹកអ្នកដំណើរសាធារណៈ។ លោកថោងខុនអះអាងថា៖ «យើងត្រូវតែមានការសហការគា្នដើម្បីការពាររឿងហ្នឹង។ ការដឹកជញ្ជូននាពេលនេះមានការរីកចម្រើនខ្លាំងនិងមានទំាងយប់ មានទាំងថ្ងៃ»។
ប្រកាសថ្មីនេះនឹង ផ្តោតទៅលើលក្ខណៈវិនិច្ឆ័យនៃក្រុមហ៊ុន និងបុគ្គលិករបស់ក្រុមហ៊ុនមុនពេលផ្តល់អាជ្ញាប័ណ្ណឲ្យក្រុមហ៊ុន ដំណើរការអាជីវកម្ម។
លោក ផាន់ ណា អគ្គនាយកនៃក្រុមហ៊ុនសូរិយាដឹកអ្នកដំណើរ បាននិយាយថា ក្រុមហ៊ុននេះបានបើកដំណើរការតាំងពីឆ្នាំ១៩៩៦ មកម៉េ្លះ ហើយរហូតមកដល់ពេលនេះ ក្រុមហ៊ុននេះមានរថយន្តជិតមួយរយគ្រឿងសម្រាប់ដឹកជញ្ជូនអ្នក ដំណើរនៅទូទាំងប្រទេស។ នៅក្នុងឆ្នាំ២០១២នេះ រថយន្តនៃក្រុមហ៊ុននេះបានជួបគ្រោះថ្នាក់យ៉ាងហោចណាស់ក៏ពីរដង ដែរ។
លោកបានថ្លែងថា វិធានការគ្រប់គ្រងចរាចរណ៍គឺល្អ តែកត្តាសំខាន់គឺការរៀបចំស្លាកសញ្ញាចរាចរណ៍ និងការអនុវត្តច្បាប់របស់មន្ត្រី។ លោកបន្តថា៖ «ការពង្រឹងតែតៃកុងឡានមិនគ្រប់គ្រាន់ទេ ព្រោះករណីផ្លូវមិនល្អ ផ្លូវគ្មានស្លាកសញ្ញាចរាចរណ៍គ្រប់គ្រាន់ និងមន្ត្រីមិនចូលរួមអនុវត្តឲ្យល្អ ក៏វាមិនល្អដែរណា»។
លោក គឹម ផល្លី ប្រធានសមាគមដឹកជញ្ជូនទេសចរណ៍នៅខេត្តសៀមរាបឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងរវាងក្រុមហ៊ុនដឹកអ្នកដំណើរសាធារណៈ នៅពេលថ្មីៗ គឺជារឿងដែលគួរឲ្យព្រួយបារម្ភ ហើយវាអាចនឹងបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់អារម្មណ៍ភ្ញៀវ។
លោកបានបន្តថា មូលហេតុនៃគ្រោះថ្នាក់ទាំងនោះកើតឡើងដោយសារតែការបើកបរលើស ល្បឿនកំណត់ មិនគោរពស្លាកសញ្ញា និងខ្វះសីលធម៌ក្នុងការបើកបរ។ លោកបន្ថែមថា៖ «ភ្ញៀវទេសចរមកគេចង់បានការធ្វើដំណើរប្រកបដោយសុវត្ថិភាព។ បើមានបញ្ហាធំៗ បែបនេះ វានឹងធ្វើឲ្យភ្ញៀវខ្លាចរអា»។
លោក យុយ វិបុល អ្នកគ្រប់គ្រងសេវាដឹកអ្នកដំណើរ Giant Bis Transport ដែលទើបនឹងបើកដំណើរការបានជិត២ខែ បានសាទរនឹងវិធានការរបស់ក្រសួង។ លោកបានបន្តថា៖ «ការកើតមានគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់សម្រាប់ក្រុមហ៊ុនដឹក អ្នកដំណើរ ពិសេសភ្ញៀវទេសចរនឹងធ្វើឲ្យប៉ះពាល់ដល់សេវាដឹកជញ្ជូនទេសចរ ក្នុងស្រុករបស់កម្ពុជា»។
លោកបានបន្ថែមទៀតថា បុគ្គលិកបម្រើសេវាកម្មក្នុងសេវានេះត្រូវទទួលការបណ្តុះបណ្តាល ឲ្យបានត្រឹមត្រូវ។ លោកវិបុល បានអះអាងដែរថា ការគ្រប់គ្រងយានយន្តឲ្យបានល្អ និងការប្រើប្រាស់ធនធានមនុស្សឲ្យមានប្រសិទ្ធភាពជាអាទិភាព ក្នុងការផ្តល់សេវាដ៏ល្អមួយ៕