យុវជន​ស្ម័គ្រចិត្ត​ចំនួន៧៣៤​​​នាក់​​ ​ មក​ពី​​​សាកលវិទ្យាល័យ​ផ្សេង​​​​​ៗ​គ្នា​ក្នុង​រាជធានី​ភ្នំពេញ​ ​​បាន​​ចេញ​ដំណើរ​ទៅ​កាន់​​​៧​ខេត្ត​ នា​ព្រឹក​មិញ​នេះ ដើម្បី​បំពេញ​​បេសកកម្ម​​ “គោលនយោបាយ​ចាស់​ សកម្មភាព​ថ្មី” នៃ​យុទ្ធនាការ​​វាស់​វែង​ដី​ធ្លី​​ ផ្ដល់​សិទ្ធិ​ស្រប​ច្បាប់​ជូន​ប្រជាពលរដ្ឋ​ខ្មែរ។
ក្នុង​​​សំលៀក​បំពាក់​ឯកសណ្ឋាន​ ភ្ជាប់​ដោយ​និមិត្ត​សញ្ញា​​ក្រសួង​រៀប​ចំ​​ដែន​ដី​ នគរោបនីយកម្ម​ និង​សំណង់​​ យុវជន​ស្ម័គ្រ​ចិត្ត​​ទាំង​​នេះ​​ នឹង​​ចុះ​​ទៅ​បំពេញ​ភារកិច្ច​នៅ​ ខេត្ត​​​​រតនគិរី​ មណ្ឌលគិរី​ ក្រចេះ​ កំពង់ចាម​ បាត់ដំបង​ បន្ទាយមានជ័យ​ និង​កំពត រយៈ​ពេល​ពីរ​ខែ។
ឯក​ឧត្តម​ អ៊ឹម ឈុនលឹម ទេសរដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ ក្រសួង​រៀប​ចំ​​ដែន​ដី​ នគរោបនីយកម្ម​ និង​សំណង់​ បានមានប្រសាសន៍ ​ថា ​បេសកកម្ម​វាស់​វែង​ដី​ធ្លី​​ជូន​ប្រជាពលរដ្ឋ​នេះ​ មាន​​រយៈពេល​ពីរ​ ខែ ​វាស់វែងដី​សរុប​ប្រមាណ​ ៣៥០ ០០០ ហិកតា ដែល​កំពុង​កាន់កាប់ដោយប្រជាពលរដ្ឋចំនួន ១០០ ០០០គ្រួសារ។
ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ ធ្លាប់​បាន​រំលឹក​ថា​ ​​​ដោយ​សារ​តែ​​ការ​ងារ​ចុះ​បញ្ជី​ដី​​​ធ្លី​ ដើម្បី​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​​ ទាម​ទា​ភាព​ហ្មត់ចត់​​ ជាក់​លាក់​ និង​ច្បាស់​លាស់​ ដូច្នេះ​ការ​ងារ​នេះ ​​ត្រូវ​អនុវត្ត​ឲ្យ​បាន​ហ្មត់ចត់​បំផុត​ ​ដោយ​មិន​ត្រូវ​បន្សល់​ ​ទុក​បញ្ហា​នា​ពេល​ក្រោយ​ឡើយ៕