Monday, June 25, 2012

អ្នក​អូស​ធុង​ទឹកអំពៅ​លក់ តាម​ទីសាធារណៈ ប្តឹង​ប្រធាន​ផ្សារ​ខេត្តស្ទឹងត្រែង​

ស្ទឹងត្រែង: ប្តី​ប្រពន្ធ អ្នក​អូស​ធុង​ទឹកអំពៅ​លក់ នៅតាម​ផ្សារ​ក្នុង​ខេត្តស្ទឹងត្រែង ប្តឹង​អ្នក​ម៉ៅ​ផាស៊ី​ផ្សារ ក្នុងខណៈ​ការប៉ះទង្គិច​គ្នា ជាមួយ​ប្រធាន​ផ្សារ​ខេត្តស្ទឹងត្រែង ពោលគឺ​ដោយសារ​សន្តិសុខ​ផ្សារ ចង់​រឹបអូស យក​ធុង​ទឹកអំពៅ​ទុក និង​បណ្តេញ រូបគាត់ មិនឱ្យ​លក់ ក្នុង​បរិវេណ​ជុំវិញ​ផ្សារ​តទៅទៀត​។ ហេតុការណ៍​នោះ បានកើត​ឡើង កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១២​។​
​    ​
​ លោក ថៃ ថន អាយុ ៣៣​ឆ្នាំ រស់នៅ​ភូមិ​រា​ជានុ​កូ​ល សង្កាត់​ស្ទឹងត្រែង បាន​និយាយថា គាត់​នឹង​ប្តឹង​លោក សែ ម៉េង​ជា ប្រធាន​ផ្សារ​ខេត្តស្ទឹងត្រែង ទៅ​អាជ្ញាធរ​ក្រុង ឱ្យជួយ​ដោះស្រាយ បន្ទាប់ពី​លោក​សុំឱ្យ​ខាង​សមាគម​អាដហុក​ខេត្ត ជួយ​អន្តរាគមន៍​។​

​ លោក​បញ្ជាក់ថា ការប៉ះទង្គិច​គ្នា​ជាមួយ​ប្រធាន​ផ្សារ​ខេត្តស្ទឹងត្រែង កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែមិថុនា គឺ​ដោយសារ​សន្តិសុខ​ផ្សារ ចង់​រឹបអូស យក​ធុង​ទឹកអំពៅ​ទុក និង​បណ្តេញ​រូបគាត់ មិនឱ្យ​លក់ ក្នុង​បរិវេណ​ជុំវិញ​ផ្សារ​តទៅទៀតបាន​។​
​    ​
​លោក ថៃ ថន បញ្ជាក់ថា កន្លងមក រូបគាត់ មាន​ធុង​ទឹកអំពៅ​មួយ​នេះ សម្រាប់​ដើរ លក់​ជុំវិញ​ផ្សារ​ស្ទឹងត្រែង​។ ក្នុង​មួយខែ គាត់​បង់លុយ​ចំនួន ៥០.០០០ រៀល និង ៥០០ រៀល ជាប្រចាំ​ថ្ងៃ ថ្លៃ​អានា​ម័​យ ៥០០ រៀល ទៀត​ថ្លៃ ផាស៊ី ក្នុង​មួយថ្ងៃ ទៅឱ្យ​ប្រធាន​ផ្សារ​។ ចំពោះ​ការបង់ថ្លៃ​ទាំងអស់នេះ គេ​មិនដែល​ឃើញ​មាន​ចេញ​វិក្កយបត្រ ឱ្យ​គាត់​ម្តងណា​ទេ​។​
​    ​
​លោក ថៃ ថន បាន​បន្តថា ថ្លៃបង់​សេវា​ទាំងអស់នេះ កាលពីមុន លោក​មិន​ជំទាស់​ទេ​។ ប៉ុន្តែ​ក្នុង​ខែ​ធ្លាក់ភ្លៀង រូបគាត់​សុំ​ថ្លៃបង់​សេវា​ប្រចាំខែ​ចំនួន ៥០.០០០ រៀល​នេះ ធ្លាក់​មក​ត្រឹម ២០.០០០ រៀល​វិញ ព្រោះ​លក់​មិនសូវ​ដាច់​។
​ក្រោយ​រូបគាត់​លើក​ហេតុផល​នេះ​ឡើង ខាង​ប្រធាន​ផ្សារ មិន​យល់ព្រម ទើប​ឈានដល់​ការ​ប៉ះ​សម្តី​ដាក់គ្នា​បែបនេះ​។​
​    ​
​ ចំណែក​លោក សែ ម៉េង​ជា ប្រធាន​ផ្សារ​ខេត្តស្ទឹងត្រែង បាន​និយាយថា ថ្លៃ​សេវា​ដឹកជញ្ជូន​សំរាម​ចេញពី​ក្រុង ក្នុង​មួយខែ ៥០.០០០ រៀល គេ​មិន​បង់ ទើប​គាត់​មិន​អនុញ្ញាត ឱ្យ​អ្នក​អូស​ធុង​ទឹកអំពៅ បន្ត​លក់​នៅ​ជុំវិញ​ផ្សារ​ស្ទឹងត្រែង​៕​ 

Comments system

Disqus Shortname