ព្រះសីហនុ:
ស្ត្រីកើតមហារីកស្បូនធ្ងន់ធ្ងរ នៅខេត្តព្រះសីហនុ
បានចាកចេញពីមន្ទីរពេទ្យបង្អែកខេត្ត ត្រឡប់ទៅលំនៅដ្ឋាន
ទាំងក្តីអស់សង្ឃឹម រួមនឹងតំណក់ទឹកភ្នែក កាលពីវេលាម៉ោងប្រហែលជា ១០
និង ៣០ នាទី ព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១២នេះ។ ការចាកចេញបែបនេះ
ដោយសារតែការអស់សង្ឃឹម
ក្នុងការជួយសង្គ្រោះរបស់គ្រូពេទ្យនៅមន្ទីពេទ្យបង្អែកខេត្ត
ព្រះសីហនុ។
ស្ត្រីរងគ្រោះឈ្មោះ ឆាយ ឈុនលាង
បានរៀបរាប់ប្រាប់គេហទំពរ័ CEN កាលពីព្រឹកថ្ងៃទី២៨ ខែមិថុនា
ឆ្នាំ២០១២ ថា គាត់អស់សង្ឃឹមហើយពេលនេះ
មិនអាចរស់រានមានជីវិតបន្តទៀតបានទេ ព្រោះអីទៅកន្លែងព្យាបាលទីណា
ក៏តម្រូវឲ្យបង់លុយកាក់ដែរ។
កន្លងមកគាត់ធ្លាប់ទៅដល់
មន្ទីរពេទ្យរុស្ស៊ីម្តងរួចហើយ កាលពីឆ្នាំកន្លងមក
ពេលនោះគេទារថ្លៃវះកាត់ ចំនួន ១.០០០ ដុល្លារអាមេរិច។
តែគាត់អត់មានលុយ គេដេញគាត់ចេញមកវិញ រហូតដល់សព្វថ្ងៃនេះ។
ស្ត្រី ឆាយ ឈុនលាង បាននិយាយទាំងក្តុតក្តួលបន្ថែមទៀតថា "នាងខ្ញុំ
មិនបំភ្លេចគុណដ៏ធំធេងនេះបានទេ ប៉ុន្តែគ្រូពេទ្យនៅមន្ទីរពេទ្យ
បង្អែកខេត្តគេប្រាប់ខ្ញុំថា ពុំមានលទ្ធភាពសង្គ្រោះទេ
ដូចនេះមានតែបង្ខំចិត្តវិលមកផ្ទះវិញ ដើម្បីជួបមុខកូនប្រុស
មុនពេលស្លាប់"។
ទាក់ទងបញ្ហានេះ លោកវេជ្ជបណ្ឌិត យន់
សេង ទទួលបន្ទុកសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ
បានប្រាប់គេហទំព័រ CEN នៅមន្ទីរពេទ្យបង្អែកខេត្ត កាលពីព្រឹកថ្ងៃទី២៨
ខែមិថុនា ឆ្នាំ២០១២ ថា មន្ទីរពេទ្យបង្អែកខេត្ត
មិនមានលទ្ធភាពសង្គ្រោះព្យាបាលទេ ព្រោះជំងឺរបស់គាត់
វាជ្រុលពេលទៅហើយ។
ចំណែកលោកស្រី ប្រាក់ ច័ន្ទសុខា
អភិបាលរងខេត្តព្រះសីហនុ បានមានប្រសាសន៍ថា
បើស្តាប់តាមសេចក្តីរាយការណ៍របស់គ្រូពេទ្យ គេនិយាយប្រាប់ថា
ជនរងគ្រោះធ្លាប់ឆ្លងកាត់មន្ទីរពេទ្យច្រើនរួចមកហើយកន្លងមក
នៅតែមិនអាចព្យាបាលបាន។ ឥឡូវនេះ មិនដឹងថា
គិតយ៉ាងដូចម្តេចទៀតទេក្នុងការសង្គ្រោះនោះ។
ប៉ុន្តែ
អាជ្ញាធរខេត្តមានជំហរមួយថា នឹងសាងសង់ផ្ទះមួយ ដើម្បីឲ្យគាត់រស់នៅ
និងធ្វើសេចក្តីរាយការណ៍ទៅកាកបាទក្រហម
ឲ្យជួយសង្គ្រោះផែ្នកជីវភាពគាត់
ឲ្យបានគ្រប់គ្រាន់មុនពេលស្លាប់តែប៉ុណ្ណោះ។
គ្រូពេទ្យ
ម្នាក់ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុបានពន្យល់ថា
ប្រសិនបើជនរងគ្រោះ មានការឧបត្ថម្ភ និងគាំទ្រដោយមូលនិធិអង្គការណាមួយ
ឬក៏អាជ្ញាធរដែនដី ឬក៏រាជរដ្ឋាភិបាលចេញមុខជនរងគ្រោះ អាចធ្វើការវះកាត់
និងបាញ់កាំរស្មីអិច ទើបរស់រានបានបន្តទៀត។
ប៉ុន្តែបើដូចជាសព្វថ្ងៃនេះ គ្មានអ្នកគាំទ្រគ្មានអ្នកឧបត្ថម្ភ
គឺត្រូវបញ្ចប់ជីវិតហើយ
ព្រោះបច្ចុប្បន្នអ្វីៗស្ថិតនៅលើលុយទាំងអស់។
ទោះជា
យ៉ាងនេះក្តី ប្រជាពលរដ្ឋដែលរស់នៅជិតៗជនរងគ្រោះ បាននិយាយពន្យល់ថា
ជនរងគ្រោះមានអាយុទើបតែ ៣៩ ឆ្នាំ មិនអាចបង្ខំបញ្ចប់ជីវិតបានទេ។
ដូចនេះពួកគាត់ជាអ្នកជិតខាងដោយមានការអាណិតអាសូ
ក៏សូមអំពាវនាវម្តងហើយម្តងទៀត ដល់សម្តេចអគ្គមហាសេនាបតីតេជោ
និងលោកជំទាវ មេត្តាជួយសង្គ្រោះ និងបានធ្វើការវះកាត់ផង។
សូមបញ្ជាក់ថា ជនរងគ្រោះរស់នៅសំយ៉ាបផ្ទះគេ នៅក្រោយសាលាសង្កាត់លេខ១ ក្នុងក្រុម១០ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ៕