Thursday, June 21, 2012

ដូនចាស់អាយុ៨១ឆ្នាំ សុខចិត្តចាកចេញ ពីផ្ទះយ៉ាងកំសត់ ដោយសារចៅស្រី សំណប់ចិត្តវាយ ធ្វើបាបរាល់ថ្ងៃ

Photo by DAP-News 
ខេត្តកំពតៈ យាយចាស់ អាយុ៨១ឆ្នាំម្នាក់ ត្រូវបានចៅស្រីសំណប់ចិត្ត វាយធ្វើបាបរាល់ថ្ងៃ ហើយចុងក្រោយ សម្រេចចិត្ត ចាកចេញពីផ្ទះ ទុកឲ្យចៅស្រីតិរិច្ឆាន របស់ ខ្លួនរស់នៅម្នាក់ឯង លើផ្ទះរបស់គាត់នេះ ។
បើតាមអ្នកស្រុកភូមិរស់នៅជិតខាង ដូនចាស់នេះ បានឲ្យដឹងថា ដូនចាស់កំសត់នេះ មានឈ្មោះ ធូ កេង អាយុ៨១ឆ្នាំ បច្ចុប្បន្នរស់នៅ ភូមិព្រែកចេក ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត ។
អ្នកស្រុកបានឲ្យដឹងទៀតថា ការចាកចេញរបស់យាយ ធូ កេង ពួកគាត់មានចិត្តអាណិតអាសូរយ៉ាងខ្លាំង ព្រោះមើលទៅគួរ ឲ្យសង្រែង ចិត្តណាស់ គាត់គ្មានលុយ មួយ សេនទេ ហើយការចាកចេញរបស់គាត់ យកតែឥវ៉ាន់បន្តិចបន្តួច ដាក់លើរ៉ឺម៉ក ហើយគាត់ចាកចេញតាមរ៉ឺម៉ក មើលទៅគួឲ្យអាណិតជាពន់ពេក ទៅបាត់ទៅដោយទុកឲ្យ អ្នកជិតខាងគាត់ ឈរមើលហួសចិត្ត មិននឹកស្មានថា ចៅស្រីសំណប់ចិត្តរបស់គាត់នេះ ហ៊ានប្រព្រឹត្តអំពើថោកទាបបែបនេះសោះ ថែមទាំងបណ្តេញ ជីដូនបង្កើត របស់ខ្លួន ចេញពីផ្ទះទៀត ដែលគាត់ខិតខំមើលកូនរបស់ខ្លួន ចំនួន៣នាក់ អស់ជាច្រើនឆ្នាំមកហើយ ។
លោកយាយ ធូ កេង បានរៀបរាប់ប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅវេលាព្រឹកម្សិលមិញថា ចៅស្រីតិរិច្ឆាន របស់គាត់ កំព្រាឪពុកម្តាយ ស្លាប់ទៅតាំងពីអាយុ បាន៥ឆ្នាំមកម្ល៉េះ ហើយគាត់យកចៅនេះ មកចិញ្ចឹមឲ្យរស់នៅជាមួយខ្លួន រហូតបានរៀបអាពាហ៍ពិពាហ៍ ឲ្យមានប្តីទៀត បច្ចុប្បន្នមានកូន៣នាក់ក្នុងបន្ទុកផង ដោយចៅ ស្រីតិរិច្ឆានរបស់គាត់ កាចសាហាវពេក ថ្ងៃណាក៏មានចរិតសាហាវ ជេរវ៉ៃប្តីជាច្រើនឆ្នាំ ទើបប្តីមិនអាចស៊ូនិងខ្លួនបាន ក៏សម្រេចចិត្តលេងលះគ្នា អស់រយៈពេល៥ឆ្នាំ មកហើយ ។ យាយ ធូ កេង បន្តទៀតថា ដោយឡែករូបគាត់វិញត្រូវបានចៅនេះ វាយធ្វើបាបស្ទើររាល់ថ្ងៃ រហូតដល់អ្នកជិតខាង អាណិតទៅប្តឹងនគរបាល ទៀតតែ ចិត្តមិនដាច់ទាល់តែសោះ ទើបមកដល់ថ្ងៃនេះ ក៏សម្រេចចិត្តចាកចេញពីផ្ទះសំបែង របស់ខ្លួនទៅរស់នៅផ្ទះ ក្មួយ ឈ្មោះ ង៉ែត ម៉ែន មានប្រពន្ធឈ្មោះ ម៉ក់ ងីម រស់នៅ ភូមិត្រពាំងធំ ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត ។
យាយ ធូ កេង បញ្ជាក់ទៀតថា ដីនិងផ្ទះនៅភូមិព្រែកចេក ដែលគាត់រស់នៅនេះ គឺជារបស់គាត់ តាំងពីសង្គមចាស់ រហូតមកដល់បច្ចុប្បន្ននេះ ។ ចំណែកប្តីគាត់បាន ស្លាប់ ជាង១០ឆ្នាំមកហើយដែរ ។
លោក មេភូមិព្រែកចេក ឈ្មោះ សេង ជី បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅព្រឹកថ្ងៃនេះថា រឿងហិង្សាក្នុងគ្រួសារ យាយ ធូ កេង និងចៅស្រីឈ្មោះ ខែម សុខា ពិតជាបានប្រព្រឹត្តមែនអ្នកណាៗក្នុងភូមិព្រែកចេក ទាំងមូលក៏គេបានដឹងដែរ ។ ដល់ពេលចៅស្រីប្រព្រឹត្តហិង្សាម្តងៗ រូបគាត់ជាមេភូមិជំរុញឲ្យយាយ ធូ កេង រត់ទៅប្តឹង នគរបាលទៅតែគាត់មានចិត្ត អាណិតចៅមិនដាច់ចិត្ត ប្តឹងនគរបាលទេ ការវាយធ្វើបាបម្តងៗ គឺទ្រមខ្លួនជាំអស់ទាំងខ្លួនប្រាណ ខៀវភ្នែកជាដើម ។ ការ ចាកចេញរបស់គាត់ នេះគឺខ្លួនបានឈរមើលនិងគេឯងដែរ ប៉ុន្តែមិនដឹងជួយគាត់តាមរបៀបណាទេ បើគាត់សម្រេចចិត្តចាកចេញយ៉ាងដូច្នេះ ។
លោក សេង ជី បានឲ្យដឹងថា ចៅស្រីដែលធ្វើបាបជីដូនរបស់ខ្លួន មានឈ្មោះ ខែម សុខា អាយុ២៩ឆ្នាំ មុខរបរធ្វើការនៅសិប្បកម្មទឹកត្រី ខាងកើតស្ពានកោះតូច ចំងាយ ២០០ម៉ែត្រ មានអាស័យដ្ឋាន រស់នៅភូមិព្រែកចេក ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត ។
លោក សេង ជី និយាយថា ចៅស្រីរបស់គាត់ជាស្ត្រីម៉េម៉ាយមានកូន៣នាក់ មានរូបឆោមល្អ ស្អាតណាស់ ប៉ុន្តែមានចិត្តខ្មៅមិនដូចរូបសម្រស់ខាងក្រៅទេ ៕
Photo by DAP-News
Photo by DAP-News
Photo by DAP-News
Photo by DAP-News

Comments system

Disqus Shortname