នាង កាហ៊ី (រូបកណ្ដាល) ពេលមកច្រៀងនៅភ្នំពេញកាលពីចុងឆ្នាំ។ រូបថត ហុង មិនា |
បន្ទាប់ពីចេញអាល់ប៊ុមទី៥របស់ខ្លួនមានឈ្មោះថា Flashback ក្រុមចម្រៀងនារី After School បានធ្វើឲ្យអ្នកគាំទ្រខកចិត្តមិនតិចទេ ដោយសារតែប្រធានក្រុមរបស់ខ្លួនគឺនាង កាហ៊ី បានប្រកាសលាឈប់ពីក្រុម បន្សល់ទុកនូវភាពសោកស្ដាយដល់ប្រិយមិត្តអ្នកគាំទ្រ។
ការប្រកាសលាឈប់នេះបានធ្វើឡើងនៅពេលដែលពួកនាងទៅប្រគំ តន្ត្រីនៅប្រទេសជប៉ុនកាលពីចុងសប្ដាហ៍។ ក្រោយពីបញ្ចប់ការសម្ដែងបទចុងក្រោយ សមាជិកក្រុមទាំងអស់មានទឹកមុខរលីងរលោង ហើយពួកនាងបានរត់ឱបក្រសោបគ្នាដោយក្ដីអាឡោះអាល័យ។
នាង កាហ៊ី ដែលជាប្រធានក្រុមទើបតែប្រកាសដកខ្លួននោះបានថ្លែងថា៖ «ខ្ញុំពិតជាមានការដឹងគុណដល់ប្រិយមិត្តអ្នកគាំទ្រគ្រប់ជាតិ សាសន៍ទាំងអស់ ជាពិសេសគឺបុគ្គលិក និងក្រុមការងារនៅក្រុមហ៊ុនរបស់ខ្ញុំ។ ខ្ញុំនឹងនៅតែបន្តគាំទ្រក្រុម After School បើទោះជាខ្ញុំបានដកខ្លួនពីក្រុមដ៏កក់ក្ដៅនេះក្ដី»។
ក្រោយពីអវត្តមានរបស់អតីតប្រធានក្រុម សមាជិកទាំង៨នាក់បានចាប់ផ្ដើមសកម្មភាពក្រុមបន្តទៀតជាមួយនឹង សមាជិកតែ៨នាក់ប៉ុណ្ណោះគឺមាននាង ជុងអាស លីស៊ី យូអ៊ី ណាណា រ៉េណា ជូយឿន អ៊ីយ៉ាំង និងខេអឿន។
បច្ចុប្បន្នពួកនាងទាំង៨រូបកំពុងតែសស្រាក់សស្រាំនឹងការ ផ្សព្វផ្សាយអាល់ប៊ុមថ្មីឈ្មោះ Flashback ដែលសុទ្ធសឹងជាបទចម្រៀងកំពូលសិចស៊ី និងមានចង្វាក់ច្រៀងដ៏ទាក់ទាញបំផុត។ បទចម្រៀងនេះនឹងចេញលក់នៅទីផ្សារនៅថ្ងៃទី២១ ខែមិថុនាខាងមុខនេះ។
ក្រុមចម្រៀង After School របស់ ផលិតកម្ម Pledis ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៩ ដោយមានការផ្លាស់ប្ដូរសមាជិកចុះឡើង បីដូចជាសិស្សដែលរៀនចប់ ហើយត្រូវចាកចេញពីសាលារៀន រីឯសិស្សថ្មីត្រូវចុះឈ្មោះចូលរៀនដូច្នោះដែរ។ ដូច្នេះ ការចាកចេញរបស់នាង កាហ៊ី បីដូចជាសិស្សម្នាក់ដែលបញ្ចប់ការសិក្សាដូច្នោះដែរ៕