Tuesday, June 12, 2012

៥​​នាក់​​​បង្ហាញ​ខ្លួន​​មុន​ទៅ​ឡុងដុង

ពិធី​​បង្ហាញ​កីឡាករ​កីឡា​ការិនី​ដែល​​ត្រូវ​​ទៅ​ចូល​រួម​​ព្រឹត្តិការណ៍ ​កីឡា​អូឡាំពិក២០១២ ជា​ផ្លូវការ​​បាន​ធ្វើ​ឡើង​ថ្ងៃ​ទី​១១ ​មិថុនា ​២០១២ ព្រឹក​មិញ​នេះ​នៅ​ទីស្នាក់ការ​​ NOCC ។
បេក្ខភាព​អត្តពលិក​​​ដែល​ត្រូវ​ទៅ​​​​​​ប្រជែង​​ព្រឹត្តិការណ៍​​កីឡា​នៅ​ អង់គ្លេស​​ខែ​ក្រោយ មាន​កីឡា​ការិនី​តេក្វាន់ដូ ស៊ន ដាវីន កីឡាករ​អត្តពលកម្ម​រត់​ចម្ងាយ​ កៀង សាម៉ន កីឡាការិនី​រត់​ចម្ងាយ​ ចាន់ សីហា កីឡាករ​ហែល​ទឹក ហែន ថុន​ពន្លឺ និង ​កីឡា​ការិនី​ហែល​ទឹក ហែម ថុន​វិទីនី​។
ពាក់​ព័ន្ធ​នឹង​​ដំណើរ​ទៅ​ ឡុង​ដុង​នេះ​លោក វ៉ាត់ ចំរើន​ ថា​​ ពិបាក​​សង្ឃឹម​នឹង​បាន​​មេដាយ​ណាស់ តែ​​ជា​ការ​ចាំ​បាច់​ត្រូវ​ចូល​រួម​​​​​ព្រោះ​ជា​សកម្មភាព​អូឡាំពិក។ លោក​ថា​កីឡា ជា​សកម្មភាព​ដ៏​បរិសុទ្ធ​ មិន​ជាប់​​ពាក់ព័ន្ធ​​នឹង​នយោបាយ​​​​ ឬ​​​គំនាប​សង្កត់​ណាមួយ​នោះ​ទេ។ កីឡា​គឺ​​ដើរ​តួ​សំខាន់​ក្នុង​ការ​បង្កើត​មោទនភាព​​​លើ​ឆាក​អន្តរជាតិ ដល់​ប្រទេស​ជាតិ និង​​​ធ្វើ​​ឲ្យ​មនុស្ស​ស្គាល់ និង ​​គោរព​តម្លៃ​គ្នា​ទៅ​វិញ​មក​។ ​”​​ថ្វី​បើ​​ពិបាក​សង្ឃឹម​ថា​បាន​មេដាយ តែ​យើង​​ត្រៀម​ហ្មត់​ចត់​ណាស់។ អត្តពលិក​​ទាំង​អស់​​នឹង​បញ្ជូន​ទៅ​ហ្វឹក​ហាត់​​មុន​ការ​ប្រកួត​ចូល​ដល់​។ បួន​នាក់​​​ទៅ​ហាត់​នៅ​ចិន​​ និង ​ម្នាក់​ទៀត​ទៅ​អង់​គ្លេស​”​។  លោក វ៉ាត់ ចំរើន​បន្ថែម​បែប​នេះ។
ប្រភព​ដដែល​​ឲ្យ​ដឹង​ទៀត​ថា ក្រុមហ៊ុន​ឯក​ជន​​ធំ​ៗ​ក្នុង​ស្រុក​​ចំនួន​៥ ​បាន​ចាប់​​ដៃ​ជាមួយ​​ស្ថាប័ន​កីឡា​កំពូល​​កម្ពុជា​ដើម្បី ​បើក​យុទ្ធនាការ​​ដែល​មាន​ឈ្មោះ​ថា​ Myolympicheroes ដើម្បី​​ផ្សព្វផ្សាយ​​ដំណើរ​ទៅ​កាន់​ ក្រុង​ឡុងដុង​ ខែ​ក្រោយ​។ Myolympicheroes នឹង​​ពង្រីក​ព័ត៌មាន​​​នៃ​ដំណើរ​ឆ្លង​ទ្វីប​មួយ​នេះ ទៅ​កាន់​បណ្ដា​ខេត្ត​​នានា​នៅ​កម្ពុជា ដើម្បី​​ទាញ​យក​ប្រជាប្រិយភាព​​មក​​ឲ្យ​កីឡា​ជាតិ​។ យុទ្ធនាការ​ដដែល​នេះ​ ក៏​នឹង​​ធ្វើ​ការ​ប្រគំ​តន្ត្រី​ដ៏​ធំ​មួយ ដើម្បី​បង្ហាញ​​មុខ​​អត្តពលិក​ទាំង៥​​រូប​ទៅ​​កាន់​​​ពលរដ្ឋ​នៅ​ភ្នំពេញ មុន​​​ថ្ងៃ​ចេញ​ដំណើរ​​ចូល​ដល់។

កៀង សាម៉ន

ហែម ថុន​ពន្លឺ​

ពី​ឆ្វេង ស៊ន ដាវីន ចាន់ សីហា និង ហែម ថុនវិទីនី

បេក្ខភាព​ដែល​ត្រូវ​ទៅ​ អង់​គ្លេស​ ខែ​ក្រោយ​នេះ​មាន​អត្តពលិក​៥​នាក់ គ្រូ​បង្វឹក​២​នាក់ រួម​នឹង​មន្ត្រី​ប្រតិភូ​៤​នាក់​ផ្សេង​ទៀត​ សរុប​១១​នាក់។ ការ​ចេញ​ដំណើរ​​ជា​ផ្លូវការ​​នឹង​ធ្វើ​ថ្ងៃ​ទី​២២​​ កក្កដា​ ២០១២៕(sabay)

Comments system

Disqus Shortname