ក្រុមប្រជាពលរដ្ឋ និងកុមារបឹងកក់ បានប្រមូលផ្តុំ លើកបដា និងស្រែកយំ ទូលសូមព្រះរាជអន្តរាគមន៍ពីព្រះមហាក្សត្រ នៅមុខព្រះបរមរាជវាំង |
ក៏ប៉ុន្តែនៅព្រឹកថ្ងៃចន្ទនេះ មន្ត្រីព្រះបរមរាជវាំង បានយល់ព្រមទទួលយកញត្តិរបស់អ្នកភូមិបឹងកក់ និងអ្នកបុរីកីឡា ដើម្បីដាក់ថ្វាយព្រះមហាក្សត្រ។ តំណាងអ្នកភូមិបឹងកក់ ២នាក់ ត្រូវបានអនុញ្ញាតឲ្យ ចូលដាក់ញត្តិ នៅខុទ្ទកាល័យព្រះមហាក្សត្រ។
ក្រុមអ្នកភូមិបឹងកក់ អ្នកបុរីកីឡា និងកុមារប្រមាណជាង ១០០ នាក់ ជាកូនៗរបស់អ្នកភូមិបឹងកក់ ១៥នាក់ ដែលកំពុងជាប់ពន្ធនាគារព្រៃស បានតវ៉ា និងស្រែកទ្រហោយំ នៅពីមុខព្រះបរមរាជវាំង សាជាថ្មី នៅថ្ងៃចន្ទនេះ ដើម្បីថ្វាយញតិរបស់ពួកគេ ដល់ព្រះមហាក្សត្រ សុំឲ្យព្រះអង្គធ្វើព្រះរាជអន្តរាគមន៍ទៅក្រសួងយុត្តិធម៌ ឲ្យមានការដោះលែងឪពុកម្តាយរបស់ពួកគេទាំង ១៥នាក់ ចេញពីពន្ធនាគារ ឲ្យមានសេរីភាពឡើងវិញ។
អ្នកស្រី យោម បុប្ជា តំណាងពលរដ្ឋបឹងកក់ ដែលបានចូលទៅប្រគល់ញត្តិ ជូនមន្ត្រីក្រសួងព្រះបរមរាជវាំង បន្ទាប់ពីចេញមកវិញ បានប្រាប់ក្រុមអ្នកកាសែតថា មន្ត្រីក្រសួងព្រះបរមរាជវាំង បានទទួលយកញតិ្ត បន្ទាប់មកមន្ត្រីរូបនោះសន្យាថា នឹងជួយអ្នកភូមិបឹងកក់ឲ្យអស់ពីលទ្ធភាព។
អ្នកស្រីបញ្ជាក់ទៀតថា "ពួកខ្ញុំសង្ឃឹមជឿជាក់ថា ប្រជាពលរដ្ឋ ដែលទទួលរងនូវភាពអយុត្តិធម៌ ទាំង ១៥នាក់ នឹងមានអន្តរាគមន៍ដោះលែងក្នុងពេលឆាប់ៗនេះ ពីព្រោះព្រះមហាក្សត្រ ជាម្លប់ត្រជាក់ដល់កូនចៅ។ ឥឡូវកូនចៅកំពុងជួបទុក្ខវេទនា ប្រឈមនឹងសេចក្តីស្លាប់ ហើយអ៊ីចឹងព្រះមហាក្សត្រនឹងអាណិតអាសូរដល់កូនចៅរបស់ព្រះអង្គ"។
អ្នកស្រី យោម បុប្ជា បានបន្តថា ស្ត្រីអ្នកភូមិបឹងកក់ជាប់ពន្ធនាគារ ដែលកំពុងធ្វើកូដកម្មបង្អត់អាហារនោះ មានចំនួន ៤នាក់ ក្នុងចំណោម ១៥នាក់ គឺអ្នកស្រី ទេព វន្នី, គង់ ចន្ថា, ស៊ុន ស្រីលាភ និងអ្នកស្រី ឆេង លាភ បានធ្វើកូដកម្មបង្អត់អាហារ ចាប់តាំងពីថ្ងៃអាទិត្យ ទី១០ ខែមិថុនា មកម្ល៉េះ។
អ្នកស្រីបន្តថា អ្នកដែលធ្វើកូដកម្មនោះ គឺពួកគាត់អាណិតកូនៗ និងប្រជាពលរដ្ឋ ដែលចេញធ្វើការតវ៉ានៅគ្រប់ទីកន្លែង តែមិនមានលទ្ធផល។ អ៊ីចឹងពួកគាត់មិនអាចនៅស្ងៀមបានទេ ទោះបីជាពួកគាត់ស្លាប់ក្នុងពន្ធនាគារនោះ ក៏ត្រូវតែធ្វើអ្វីមួយដែរ។
ចំណែកលោក អំ សំអាត មន្ត្រីផ្នែកស៊ើបអង្កេត នៃអង្គការលីកាដូ បានមានប្រសាសន៍ថា ស្រី្តបឹងកក់ចំនួន ៤នាក់ កំពុងធ្វើកូដកម្មអត់អាហារ
ក្នុងពន្ធនាគារ ទាមទារឲ្យមានការដោះលែងពួកគាត់ទាំង ១៥នាក់ ដែលទទួលនូវភាពអយុត្តិធម៌។
លោកបញ្ជាក់ថា "យើងបារម្ភថា ការធ្វើកូដកម្មអត់អាហារក្នុងពន្ធនាគារ ពីសំណាក់ស្រ្តីទាំង ៤ នាក់នោះ នឹងប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពពួកគាត់ ធ្វើឲ្យសុខភាពទ្រុឌទ្រោម អាចបណ្តាលឲ្យមានជំងឺធ្ងន់ធ្ងរ ឬក៏អាចបណ្តាលឲ្យមានការបាត់បង់ជីវិត សម្រាប់ពួកគាត់ទាំង ៤ នាក់នោះ"។
រីឯលោក ចាន់ សុវេត មន្ត្រីអង្គការអាដហុក បានមានប្រសាសន៍ថា លោកមានក្តីរន្ធត់ណាស់ នៅពេលដែលកុមារតូចៗ កូនអ្នកភូមិបឹងកក់ ច្រៀងចម្រៀងអង្វរសូមព្រះមហាក្សត្រ ធ្វើព្រះរាជអន្តរាគមន៍ទៅក្រសួងយុត្តិធម៌ ដោះលែងឪពុកម្តាយពួកគេទាំង ១៥នាក់ ពីពន្ធនាគារ ពីព្រោះការឈឺចាប់របស់កុមារទាំងនោះ លែងមានពាក្យថ្លែង។ អ៊ីចឹងរាជរដ្ឋាភិបាល
ត្រូវតែដោះស្រាយបញ្ហាឲ្យពួកគេ ដើម្បីទទួលបានភាពយុត្តិធម៌មកវិញ រួមទាំងបញ្ហាបឹងកក់ និងបញ្ហាបុរីកីឡា។
ទាក់ទងនឹងការធ្វើកូដកម្មបង្អត់អាហាររបស់ស្រ្តីបឹងកក់ ៤នាក់ នៅក្នុងពន្ធនាគារនោះដែរ លោក ចាន់ សុវេត បានមានប្រសាសន៍ថា "ការគ្រប់គ្រងពន្ធនាគារ គឺមន្ត្រីពន្ធនាគារគ្រប់គ្រងជាធម្មតា ដូចអ្នកមានទោសដទៃទៀតដែរ។ ប៉ុន្តែការធ្វើកូដកម្មបង្អត់អាហារនោះ ជាសិទ្ធិបុគ្គលរបស់ពួកគាត់ វាមិនមែនជារឿងមួយ
ធ្វើឲ្យប៉ះពាល់ដល់ពន្ធនាគារទេ។ ស្ត្រីទាំង ៤នាក់ នៅធ្វើកូដកម្មអត់អាហារ ពីព្រោះការចាប់ពួកគាត់ដាក់ពន្ធនាគារ វាអយុត្តិធម៌ខ្លាំងពេកសម្រាប់ពួកគាត់"។
លោកបានបន្តថា ការដោះស្រាយរបស់មន្ត្រីរាជរដ្ឋាភិបាល គឺអយុត្តិធម៌
សម្រាប់អ្នកភូមិបឹងកក់ណាស់ ហើយការធ្វើកូដកម្មអត់អាហាររបស់ស្ត្រីបឹងកក់ទាំង ៤ នាក់នោះ វានឹងធ្វើឲ្យរាជរដ្ឋាភិបាលមានការភ្ញាក់អារម្មណ៍ដែរ៕ K
អ្នកស្រី យោម បុប្ជា តំណាងពលរដ្ឋបឹងកក់ ដែលបានចូលទៅប្រគល់ញត្តិ ជូនមន្ត្រីក្រសួងព្រះបរមរាជវាំង |