Sunday, November 11, 2012

សមាគម និងអង្គការ សង្គមស៊ីវិល រួមគ្នា ការពារកម្មករ ធ្វើការតាមផ្ទះ ក្នុងស្រុក

www.dap-news.comភ្នំពេញ៖ កន្លងមក គេតែងតែយកចិត្តទុកដាក់ ទៅលើការការពារសិទ្ធិពលករ បម្រើការតាមផ្ទះនៅក្រៅប្រទេស តួយ៉ាងដូចជា ប្រទេសម៉ាឡេស៊ីជាដើម ដែលគេមើល រំលងការពារសិទ្ធិកម្មករ ធ្វើការតាមផ្ទះក្នុងស្រុក ជាហេតុធ្វើក្រុមសមាគម និងអង្គការសង្គមស៊ីវិលរួមគ្នា បង្កើតបណ្តាញកម្មករ ធ្វើការតាមផ្ទះកម្ពុជា ក្នុងគោលបំណង ដើម្បីការពារសិទ្ធិ និងទាមទារផលប្រយោជន៍ លក្ខខណ្ឌការងារមួយចំនួន។
សមាគមប្រជាធិបតេយ្យ ឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) បានរៀបចំសមាជបង្កើតបណ្តាញកម្មករ ធ្វើការតាមផ្ទះកម្ពុជា រយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី១០ វិច្ឆិកា នៅភោជនីយដ្ឋានទន្លេបាសាក់ ដើម្បីរើសប្រធានបណ្តាញថ្មីមួយនេះ។
លោក ហេង សំអ៊ន អគ្គលេខាធិការសមាគម IDEA បានថ្លែងឲ្យដឹងថា ពីមុនសមាគម បានជ្រើសតែបណ្តាញកម្មកររោងចក្រ ម៉ូតូកង់បីជាដើម ប៉ុន្តែនៅពេលនេះ សមាគបង្កើតបណ្តាញមួយទៀត គឺបណ្តាញកម្មករធ្វើការតាមផ្ទះកម្ពុជា ក្នុងគោលបំណងរក្សាសិទ្ធិពួកគេ ពីការកេងប្រវ័ញ្ចកម្លាំង ដើម្បីធ្វើការទាមទារ សិទ្ធិទាមទារ ប្រាក់ខែគោល និងលក្ខខណ្ឌការងារផ្សេងៗ ដូចកម្មករដទៃបំរើក្នុងវិស័យផ្សេងៗ ព្រោះពួកគេក៏ជាមនុស្សចាំបាច់ ទទួលសិទ្ធិពីរបរក្រៅប្រព័ន្ធនេះផងដែរ។
លោកថា “មុនគេធ្វើការទាមទារសិទ្ធិអីមួយ គេត្រូវមានបណ្តាញមុនសិន អីចឹងបានជាយើងរួមគ្នា បង្កើតបណ្តាញដើម្បីរៀបចំ សកម្មភាពជួយផ្សេងៗ និងទាមទារ ឲ្យរដ្ឋាភិបាលពិនិត្យស្ថានភាពកម្មករតាមផ្ទះ”។
លោក មឿន តុលា មន្រ្តីសិទ្ធិការងាររបស់ មជ្ឈមណ្ឌលអប់រំច្បាប់ សម្រាប់សហគមន៍ (CLEC) ថ្លែងថា មជ្ឈដ្ឋាននានា ក៏ដូចជាអង្គការ CLEC តែងតែតាមដានស្ថាន ភាពពលករធ្វើការជាស្រ្តីមេផ្ទះ នៅក្រៅប្រទេស ដូចជានៅប្រទេសម៉ាឡេស៊ីជាដើម ក៏ប៉ុន្តែ CLEC មិនបានចាប់អារម្មណ៍ច្រើន ពីបញ្ហាកម្មករធ្វើការតាមផ្ទះ នៅក្នុង ស្រុកថាពួកគាត់ក៏ទទួលរង នូវការកេងប្រវ័ញ្ចពលកម្មកាងារផងដែរ។
លោកថា “សមាជថ្ងៃនេះ ដូចជាពញាក់ស្មារតីខ្ញុំ ពីការការពារសិទ្ធិកម្មករធ្វើការមេផ្ទះក្នុងស្រុកគឺប្រទេសកម្ពុជា មិនមែនមានតែពលការិនីស្តី្រធ្វើការតាមផ្ទះ ដូចនៅ ប្រទេសម៉ាឡេស៊ីរងគ្រោះនោះទេ ពួកគាត់ក្នុងស្រុកក៏រងគ្រោះដែរ”។
ជាមួយគ្នា លោកស្រី ពុង ឈីវកិច នាយិការអង្គការលីកាដូ និង NGO CEDAW បានថ្លែងថាកម្មករធ្វើការតាមផ្ទះ ក្នុងស្រុកភាគច្រើនជាស្រ្តី និងកុមារ ដែលពួកគេ ទទួលរងនូវការធ្វើបាប “យើងមានការលំបាក ព្រោះការងារក្នុងផ្ទះ យើងមិនអាចទៅមានសិទ្ធិចូលផ្ទះគេបានទេ អីចឹងយើងមិនដឹងថា ពួកគាត់ជាពិសេសកុមារ ត្រូវថៅកែធ្វើបាប ធ្វើការហួសកម្លាំង ហួសម៉ោង គ្មានអាហារគ្រប់គ្រាន់ជាដើម ”។
សូមជម្រាបថា ដំណាក់ការទី១ សមាគមធ្វើការចងក្រង បណ្តាញកម្មករធ្វើការតាមផ្ទះ ពីព្រោះអំណាចរបស់បណ្តាញ ស្ថិតលើសមាជិកក្នុងឆ្នាំ២០១២នេះ ដំណាក់ទី២ ឆ្នាំ២០១៣-២០១៤ ធ្វើការតស៊ូមតិ ដោយសាររាជរដ្ឋាភិបាល ផ្តល់សច្ចាប័នលើអនុសញ្ញាអន្តរជាតិ លេខ១៨៩ និងឲ្យមានច្បាប់ជាតិ ដើម្បីការពារកម្មករតាមផ្ទះ ទាំងក្នុង និងក្រៅប្រទេស ព្រមទាំងតាមដានជំរុញ ឲ្យមានការអនុវត្តច្បាប់ ទាមទារប្រាក់ខែគោល និងលក្ខខណ្ឌការងារផ្សេងៗ៕
www.dap-news.com
www.dap-news.com
www.dap-news.com
www.dap-news.com

Comments system

Disqus Shortname