ពិធីការិនីវ័យក្មេងប្រចាំស្ថានីយទូរទស្សន៍ ស៊ីធីអិន នាង ពេជ្រ សូលីដា ហៅជីជី។ រូបថត ស្រេង ម៉េងស្រ៊ុន |
ស្របជាមួយនឹងដំណើរការការងារជាពិធីការិនីក្នុងកម្មវិធីផ្សាយ ផ្ទាល់ មានកម្មវិធីរាត្រីកម្សាន្ត និងកម្មវិធី ហ្វ្រេស៊ី កំពុងដំណើរការរលូននោះ ពិធីការិនីដែលនិយាយបែបត្រដិតៗចុងអណ្តាតរូបនេះ ត្រូវបានគេសង្កេតឃើញថា នាងក៏មានភាពហ៊ឺហាមិនចាញ់ពិធីការិនីរៀមច្បងដែរ ហើយភាពហ៊ឺហានោះ ត្រូវបានមជ្ឈដ្ឋានភាគច្រើនគេលើកឡើងថា នាងជីជី ទទួលបានការផ្គត់់ផ្គង់ពីប្រុសស្នេហ៍ មានងារជាឧកញ៉ាវ័យក្មេង ហើយល្បីថា គ្រោងនឹងដឹកដៃនាងរៀបការទៀតផង។
ថ្លែងតបនឹងពាក្យថា នាងត្រៀមចូលរោងការជាមួយឧកញ៉ាវ័យក្មេងនោះ ពិធីការិនីដែលប្តូរពីកម្មវិធីថតទុកមកកាន់កម្មវិធីផ្សាយផ្ទាល់ តែមិនទាន់មានបទពិសោធខ្លាំងនាង ពេជ្រ សូលីដា ហៅ ជីជី បានបដិសេធភ្លាមៗជាមួយអារម្មណ៍ខឹងសម្បា។
នាងបានថា៖«ពាក្យលេចឮសារព័ត៌មានចេញផ្សាយថា ខ្ញុំត្រៀមខ្លួនចូលរោងការជាមួយឧកញ៉ា វ័យក្មេងនោះមិនមែនជាការពិតទេ»។
នាងបានបញ្ជាក់ទៀតថា កន្លងមកកុំថា ឡើយមានស្នេហាជាមួយឧកញ៉ាណាម្នាក់ រហូតដល់ឈានទៅដឹកដៃគ្នាចូលរោងការ សូម្បីតែស្គាល់ និងរាប់អានជាមួយឧកញ៉ាម្នាក់ក៏គ្មានផង។
ជាមួយការពន្យល់នេះ នាងបានបង្វែរព័ត៌មានលេចឮនោះថា៖«ការដែលគេល្បីថា ខ្ញុំចូលរោងការនោះ ប្រហែលជាគេមានការភាន់ច្រឡំទៅវិញទេ ពីព្រោះថា នៅថ្ងៃទី១៥ ខែមិថុនា ខាងមុខនេះ ខ្ញុំនឹងធ្វើពិធីខួបកំណើតខ្ញុំគម្រប់២២ឆ្នាំ ដែលបានអញ្ជើញភ្ញៀវទាំងក្នុងសិល្បៈ និងក្រៅសិល្បៈចូលរួមច្រើនគួរសមដែរ»។
បើទោះជាយ៉ាងណា ពិធីការិនីដែលផ្តើមឡើងកូដ ហើយក៏ផ្តើមមានដានស្នេហ៍អាស្រូវស្រដៀងគ្នានឹងបងស្រីខ្លួន ពេជ្រ សេរីរ័ត្នដែរនោះ បានថ្លែងបែបចម្ងល់មកវិញ ដោយនាងនិយាយថា៖«បើមុននេះខ្ញុំក៏មិនដែលមានបុរសណាចូលស្តី ដណ្តឹងដល់ម៉ែ ឪ និងបានភ្ជាប់ពាក្យនឹងគ្នាផង ម៉េចក៏ល្បីថា ខ្ញុំចូលរោងការកើត តើខ្ញុំបានកូនកំលោះមកពីណារៀបការជាមួយខ្ញុំទៅ?»។
ជាមួយការបង្ហើបនេះ នាងក៏បានអះអាងបែបក្លាហានថា៖«ប្រសិនបើខ្ញុំមានបុរសណាចូលស្តី ឬមានគម្រោងចូលរោងការមែននោះ នោះខ្ញុំនឹងមិនលាក់នឹងទស្សនិកជននោះទេ គឺខ្ញុំប្រកាសឲ្យទស្សនិកជនដឹងឮទាំងអស់ បើទោះបីជាអនាគតស្វាមីខ្ញុំនោះ ជាអ្នកក្នុងសិល្បៈ ឬក្រៅសិល្បៈ និងមានជីវភាពកម្រិតណាក៏ដោយ»៕