ព្រះសង្ឃដាក់សន្លឹកឆ្នោតចូលក្នុងហិបនៅស្ថានីយ៍បោះឆ្នោតមួយកន្លែងនៅ វត្តថាន់ក្នុងក្រុងភ្នំពេញ កាលពីថ្ងៃអាទិត្យ ទី៣ ខែមិថុនា ២០១២។ |
អ្នកគាំទ្រគណបក្សប្រឆាំងម្នាក់បានចោទប្រកាន់
មេឃុំមកពីគណបក្សប្រជាជនកម្ពុជាក្នុងខេត្តកណ្ដាលមួយរូបថាបាន
បដិសេធចុះហត្ថលេខាលើឯកសារកម្ចីប្រាក់ធនាគាររបស់អ្នកស្រី
ដោយសារតែគាត់ជាសកម្មជនរបស់គណបក្សសម រង្ស៊ី។
អ្នកស្រីមឿន សាវុន
បានយកឯកសារសុំខ្ចីប្រាក់ពីធនាគារអេស៊ីលីដានូវទឹកប្រាក់ចំនួន
៤,០០០ដុល្លារអាមេរិកសម្រាប់ពង្រីកអាជីវកម្មផ្នែកដឹកជញ្ជូនទំនិញ។
ប៉ុន្តែលោកសន សឿន មេឃុំកំពង់ចំលង ស្រុកខ្សាច់កណ្តាល
បដិសេធចុះហត្ថលេខាលើឯកសាររបស់អ្នកស្រី។ លោកសន សឿន
បានធ្វើជាមេឃុំនេះចំនួនដប់ឆ្នាំមកហើយ។
ហើយគាត់បានជាប់ឆ្នោតជាថ្មី
ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កាលពីថ្ងៃទី៣
ខែមិថុនានេះ។
អ្នកស្រីមឿន សាវុន បានអះអាងថាអ្នកស្រីបានទៅជួបមេឃុំខាងលើចំនួនបួនដង ប៉ុន្តែមេឃុំដដែលនៅតែមិនព្រមផ្តល់ហត្ថលេខា។
«ខ្ញុំខ្វះខាតលុយកាក់ធ្វើដើមទុន
ដូច្នេះខ្ញុំខ្ចីលុយធនាគារអេស៊ីលីដា។
គេឲ្យខ្ញុំហើយតែដល់ពេលយកក្រដាសឲ្យគេចុះហត្ថលេខា លោកមេឃុំសន
សឿន មិនព្រមចុះហត្ថលេខា គាត់ថា ខ្ញុំហ្នឹងមិនជឿជាក់លើគាត់។
ខ្ញុំសួរថា ម៉េចថា ខ្ញុំមិនជឿជាក់គាត់ថា មិនបាច់សួរទេ
គាត់មិនចុះហត្ថលេខាឲ្យទេ។
ខ្ញុំយកឯកសារទៅឲ្យគាត់ចុះហត្ថលេខាចំនួនបួនដង។
ខ្ញុំបានប្រាប់គាត់ថាឲ្យចុះហត្ថលេខាឲ្យខ្ញុំបន្តិចមកខ្ញុំ
ប្រញ៉ាប់រកស៊ី គាត់មិនព្រមហើយគាត់ថា ទៅប្តឹងដល់ណាទៅៗ។
គាត់ថាខ្ញុំមិនជឿជាក់ហ្នឹងបានន័យថា ខ្ញុំជាគណបក្សសម រង្ស៊ី។
ប្អូនខ្ញុំគណបក្សសម រង្ស៊ី
ហើយគ្រួសារខ្ញុំបោះឆ្នោតឲ្យគណបក្សសម រង្ស៊ី»។
ការខ្ចីបុលពីធនាគារនៅក្នុងប្រទេសកម្ពុជាតម្រូវឲ្យ
ភាគីអ្នកសុំខ្ចីមានអចលនវត្ថុដាក់ដម្កល់ហើយក្រុមអ្នកតាមដាន
វាយតម្លៃរបស់ធនាគារនោះនឹងចុះសិក្សាផ្ទាល់លើវត្ថុបញ្ចាំនោះមុន
នឹងសម្រេចផ្តល់កម្ចី។
ឯកសារដម្កល់អចលនទ្រព្យនោះតម្រូវឲ្យមានការទទួលស្គាល់ពីភ្នាក់ងារ
អាជ្ញាធរមូលដ្ឋានជាចាំបាច់។
ការបដិសេធចុះហត្ថលេខាលើឯកសារនោះ បានធ្វើឲ្យអ្នកស្រីមឿន សាវុន បញ្ឈប់ការខ្ចីសម្រាប់ពង្រីកមុខរបររបស់ខ្លួន។
«ដល់ពេលគេមិនចុះហត្ថលេខា ខ្ញុំឈប់ខ្ចី»។
លោកសន សឿន មេឃុំដែលជាប់ឆ្នោតជាលើកទីបី បានបដិសេធថាលោកមិនមានការរើសអើងផ្នែកនយោបាយណាមួយនោះទេ។
«ខ្ញុំមិននិយាយភាសាថា ខ្ញុំមិនជឿជាក់នោះទេ។
ខ្ញុំបដិសេធនោះដោយសារតែឈ្មោះនោះជំពាក់លុយគេច្រើនក្នុងឃុំ
អញ្ចឹងខ្ញុំមិនអាចចុះហត្ថលេខាបានទេ។
បើរត់ការឲ្យគេមិនបានពិបាកខ្ញុំដដែលខ្ញុំមិនទៅប្រកាន់នយោបាយ
អីទេ។ ឈ្មោះនេះខ្ញុំមិនដឹងថា
ជាគណបក្សណាផងព្រោះគាត់មិនមែនជាសកម្មជន
គាត់ជាប្រជាជនសុទ្ធសាធហ្នឹង»។
កញ្ញាប៊ុត ប៊ុនសីហា
មន្ដ្រីផ្នែកការិយាល័យវិវាទរបស់ធនាគារ អេស៊ីលីដា មានប្រសាសន៍ថា
ប្រសិនបើអតិថិជនមានបញ្ហាដូចខាងលើនេះ
អាចមកជូនដំណឹងដល់ការិយាល័យកណ្តាលរបស់ធនាគារ។
មួយវិញទៀតរាល់បញ្ហាដែលកើតឡើងពាក់ព័ន្ធជាមួយនឹងអតិថិជន
អ្នកខ្ចីប្រាក់នឹងត្រូវដោះសា្រយតាមផ្លូវតុលាការ
រីឯអាជ្ញាធរនឹងមិនជាប់ពាក់ព័ន្ធក្នុងការដោះស្រាយនោះទេ។
«តាមផ្លូវច្បាប់អាជ្ញាធរមានសិទ្ធិជួយសម្របសម្រួលតែ
មិនមានសិទ្ធិក្នុងការដោះស្រាយទេ។
ធនាគារយកការដោះស្រាយតាមនីតិវិធីច្បាប់គឺតុលាការ»។
យោងតាមលទ្ធផលឆ្នោតជាបណ្តោះអាសន្នរបស់គណៈ
កម្មាធិការជាតិរៀបចំការបោះឆ្នោតបានឲ្យដឹងថា ក្នុងឃុំកំពង់ចំលង
នៃខេត្តកណ្តាល
គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រចំនួន១,៦៩៤សំឡេងតាមពី
ក្រោយដោយគណបក្សជំទាស់សម រង្ស៊ី ដែលទទួលបាន ៥១៦សំឡេង។
គណបក្សសិទ្ធិមនុស្សឈរនៅលំដាប់ទី៤
និងគណបក្សសញ្ជាតិកម្ពុជាស្ថិតក្នុងលំដាប់ទី៥៕