Tuesday, June 12, 2012

ដង្ហែ​​សព​អ្នក​ចាប៉ី​ដង​វែង​ទៅ​បូជា

បន្ទាប់​ពី​តម្កល់​នៅ​ក្នុង​ផ្ទះ​អស់​រយៈ​ កាល​ជិត​ពីរ​ថ្ងៃ​មក សព​លោក​តា ​យស​ សាត​ ដែល​ជា​វីរ​សិល្បករ ផ្នែក​ចម្រៀង​អាយ៉ៃ​ និង​ចាប៉ី​ដង​វែង​ ត្រូវ​បាន​​ដង្ហែ​យក​ទៅ​បូជា​ ហើយ​នៅ​វេលា​ម៉ោង​២​ និង​ ៣០​នាទី​រសៀល​ថ្ងៃ​ចន្ទ​នេះ ​​ឆ្ពោះ​ទៅ​សង្កាត់​ទូល​សង្កែរ​ ខណ្ឌ​ឫស្សីកែវ។ នៅ​ក្នុង​ពិធី​ដង្ហែ​សព​នោះ​​ដែរ មាន​តែ​​ក្រុម​គ្រួសារ​ និង​កូន​ចៅ​ និង​មាន​​សិល្បករ​ សិល្បកា​រិនី​ចូលរួមពីរ​បី​នាក់​ប៉ុណ្ណោះ ដែល​ធ្លាប់​ធ្វើ​ការ​ជាមួយ​លោក​តា។
លោក​ យន់​ ធារ៉ា អគ្គ​នាយក​រង​ អគ្គ​នាយកដ្ឋាន​បច្ចេកទេស​វប្បធម៌​ នៃ​ក្រសួង​វប្បធម៌​ និង​ វិចិត្រ​សិល្បៈ និង​ជា​សាស្ត្រាចារ្យ​តន្ត្រី​បុរាណ​ផង​​​នោះ​ បាន​​បង្ហាញ​នូវ​ភាព​ក្រៀមក្រំ​ និង​សម្ដែង​នូវ​ការ​សោក​ស្ដាយ​​ចំពោះ​មរណភាព​របស់​វីរ​សិល្បករ​ដ៏​ឆ្នើម​។​ លោក​បាន​រៀប​រាប់​ ហាក់​ដូច​ជា​ដឹង​ច្បាស់​ ពី​ស្នាដៃ​របស់​សព​ថា ​” លោក​តា​ យស​ សាត​ គាត់​បាន​បន្សល់​ទុក​ស្នាដៃ​ច្រើន​ណាស់​…។​ គាត់​បាន​បង្រៀន​ នៅ​សាលា​វិចិត្រ​សិល្បៈ​មួយ​រយៈ…គាត់​ធ្វើការ​នៅ​វិទ្យុ​ជាតិ…”។
ថ្លែង​ស្រដៀង​គ្នា​នេះ​ អ្នក​ស្រី​ អ៊ុក​ សុផា​ ជា​សិល្បការិនី​ ប្រចាំ​នៅ​វិទ្យុ​ជាតិ​ និង​ជា​ទីប្រឹក្សា​ក្រសួង​ព័ត៌មាន​ បាន​ឲ្យ​ក្រុម​ការងារ​Sabay​ ដឹង​ទាំង​អួល​ដើម​ករ​ថា ​” ​ ខ្ញុំ​រួម​អាជីព​ជាមួយ​គាត់​ តាំង​ពី​ឆ្នាំ​១៩៧៩​ មក​ម្ល៉េះ…​​ ខ្ញុំ​មាន​ការ​សោក​ស្ដាយ​រក​អ្វី​ប្រៀប​ផ្ទឹម​មិន​បាន​…(ស្រក់​ទឹក​ភ្នែក​ )…”។
អ្នក​ចម្រៀង​អាយ៉ៃ និង​ចាប៉ី​ដង​វែង​ លោក​តា​ យស សាត បាន​ទទួល​អនិច្ចកម្ម​​កាល​ពី​​ម៉ោង​ប្រមាណ​ជា​៥​ព្រឹក​ថ្ងៃ​អាទិត្យ​ ម្សិលមិញ​នៅ​គេហដ្ឋាន​របស់​លោក​តា​ខាង​ក្រោយ​សណ្ឋាគារ​ភ្នំពេញ​ ដោយ​សារ​ជំងឺ​រ៉ាំរ៉ៃ៕(sabay)

Comments system

Disqus Shortname