វ៉ាស៊ីនតោន៖ អ្នកវិភាគឯករាជ្យក្នុងប្រទេសអាមេរិកពីររូបគឺ លោក យ័ប
គឹម ទឹង មកពីរដ្ឋវីជីនៀ (Virginia) និង លោក គុជ ចាន់លី
មកពីរដ្ឋម៉ារីលែនដ៍ (Maryland)
បានបង្ហាញឲ្យឃើញពីគោលនយោបាយរបស់សហរដ្ឋអាមេរិកបន្តទាំង
គោលនយោបាយក្នុងប្រទេសនិងគោលនយោបាយក្រៅប្រទេស បន្ទាប់ពីលោក
បារ៉ាក់ អូបាម៉ា ជាប់ឆ្នោត ហើយបន្តកាន់តំណែងជាប្រធានាធិបតី។
ថ្លែងក្នុងកម្មវិធីហេឡូវីអូអេកាលពីថ្ងៃព្រហស្បតិ៍ លោក គុជ
ចាន់លី បានអះអាង ថា
មានបញ្ហាបន្ទាន់ៗដែលលោកអូបាម៉ាត្រូវស្តារប្រទេស
គឺពង្រឹងសេដ្ឋកិច្ចពង្រឹងឯកភាពនយោបាយផ្ទៃក្នុងនិងទំនាក់ទំនងល្អ
ជាអន្តរជាតិ។
«ដូច្នេះប្រធានាធិបតី បារ៉ាក់ អូបាម៉ា
ត្រូវធ្វើភ្លាមៗក្រោយពីការជាប់ឆ្នោតនោះ គឺ ទីមួយ
រកការងារឲ្យប្រជាពលរដ្ឋអាមេរិកាំងធ្វើពីព្រោះបញ្ហាការងារសព្វថ្ងៃ
នេះ ធ្ងន់ធ្ងរណាស់នៅស្រុកអាមេរិក។
បញ្ហាទីពីរដែលគាត់ត្រូវធ្វើគឺបន្ថយប្រាក់
ជំពាក់គឺដោះស្រាយបញ្ហាលុយកាក់ជំពាក់ដែលអាមេរិកាំងបានខ្ចីយកមក
ប្រើនេះ»។
លោកថ្លែងថា
លោកអូបាម៉ាបានសម្របសម្រួលជាមួយប្រធានសភាអាមេរិកខាងគណបក្ស
សាធារណរដ្ឋតាមរយៈទូរស័ព្ទដើម្បីធ្វើការរួមរួមគ្នាបម្រើផលប្រយោជន៍
ប្រទេស
ដើម្បីធ្វើយ៉ាងណាមិនឲ្យជាប់គាំងនៅសភាចំពោះច្បាប់នានាដែលគណបក្ស
ទាំងពីរនឹងពិភាក្សាអនុម័តនៅពេលខាងមុខ។
លោក យ័ប គឹម ទឹង អ្នកវិភាគឯករាជ្យមួយរូបទៀតបានអះអាងថា
ពលរដ្ឋអាមេរិកាំងបោះឆ្នោតឲ្យលោកអូបាម៉ាជាប់ជាប្រធានាធិបតីមែនក៏
ប៉ុន្តែពេលឡើងកាន់អំណាចមិនអាចប្រើប្រាស់អំណាចនោះធ្វើអំពើ
ផ្តាច់ការបានទេ។
«ពីព្រោះលោក បារ៉ាក់ អូបាម៉ា គាត់ឈ្នះខាងប្រធានាធិបតី
តែខាងរដ្ឋសភាគណបក្សប្រជាធិបតេយ្យគាត់មិនសូវឈ្នះ
ម្ល៉ោះហើយស្ថាប័នទាំងពីរធ្វើការ ផ្ទៀងផ្ទាត់គ្នាទៅវិញទៅមក។
មិនដូចស្រុកខ្មែរយើងនាយករដ្ឋមន្ត្រីហាមាត់ខ្វោក មក (និយាយអ្វី)
អ្នកផ្សេងៗទៀតស្តាប់ទាំងអស់គ្នា អាហ្នឹងជាការណ៍មិនល្អមួយដែរ
ពីព្រោះមានន័យថា
មួយក្រុមមតិភាគច្រើន(ក្នុងសភា)នោះគេមិនចូលចិត្ត
ហើយទប់ប្រធានាធិបតីមិនឲ្យធ្វើអ្វីផ្តេសផ្តាស»។
លោកចាន់លីបានអះអាងថា នយោបាយរបស់លោកអូបាម៉ាគឺកាត់បន្ថយការ
ធ្វើសង្រ្គាមមកការដោះស្រាយដោយសន្តិវិធី និងរិតចំណងមិត្តភាព។
«នៅក្នុងគណបក្សប្រជាធិបតេយ្យ ជាពិសេសជំនាន់បារ៉ាក់ អូបាម៉ា
គឺគាត់ដើរចងសម្ព័ន្ធភាព ហើយនឹងព្យាបាលរបួស
ធ្វើទំនាក់ទំនងជាមួយបស្ចឹមប្រទេសផ្សេងៗ
និងកំពុងតែដើរចាប់ដៃនឹងចងសម្ព័ន្ធភាពជាមួយប្រទេសតូចតាចនៅតំបន់
អាស៊ី តំបន់អាស៊ីអាគ្នេយ៍ជាដើម
ដើម្បីរៀបចំជាសម្ព័ន្ធភាពឲ្យបានរ៉ឹងប៉ឹងក្នុងពិភពលោកនេះ»។
លោកអូបាម៉ាគ្រោងនឹងបំពេញទស្សនៈកិច្ចក្នុងប្រទេសកម្ពុជាដើម្បីចូល
រួម
ជាមួយមេដឹកនាំប្រទេសអាស៊ានដែលមានបញ្ហាស្មុគស្មាញច្រើនដោះស្រាយមិន
រួច ជាពិសេសជម្លោះបូរណភាពដែនដីរវាងប្រទេសអាស៊ានមួយចំនួននិង
មហាអំណាចចិន៕