កំពង់ចាមៈ នាព្រឹកថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០១២ លោក វរសេនីយ៍ត្រី សុខ សំបូរ ប្រធានការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម លោក អ៊ិត ដារ៉ា អធិការនគរបាល ស្រុកចម្ការ លើ និងមន្ត្រីនគរបាលក្រោមឱវាទច្រើននាក់ទៀត បាននាំយកអំណោយ ថវិកា និងគ្រឿងឧបភោគ បរិភោគ ដែល ជាអំណោយរបស់ លោក ឧត្តមសេនីយ៍ត្រី ឆាយ គឹមសុន ស្នងការនគរបាលខេត្តកំពង់ចាម យកទៅជូនលោក យាយ មាស ឃីន ដែលមានអាយុ ១១១ឆ្នាំ រស់នៅក្នុងភូមិត្រពាំងឬស្សី ឃុំជយោ ស្រុកចម្ការលើ ខេត្តកំពង់ចាម។
លោក វរសេនីយ៍ត្រី សុខ សំបូរ បានមានប្រសាសន៍ឲ្យដឹងថា កន្លងទៅថ្មីៗនេះ លោក ឧត្តមសេនីយ៍ ឆាយ គឹមសុន ស្នងការនគរបាលខេត្ត បានទទួលព័ត៌មានពីប្រជាពលរដ្ឋរស់នៅស្រុកចម្ការលើថា មានលោកយាយ ម្នាក់មានអាយុ ដល់ទៅ១១១ឆ្នាំ ហើយបច្ចុប្បន្ន កំពុងរស់នៅជាមួយចៅស្ថិតក្នុងជីវភាពក្រលំបាក ។ លោក សុខ សំបូរ បានបន្តថា ក្រោយពីលោក ឧត្តមសេនីយ៍ ស្នងការបានដឹងដូច្នោះ ទើបចាត់រូបលោក ជាប្រធានការិយា ល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ឲ្យនាំអំណោយយកនូវថវិកា និងគ្រឿងឧបភោគ បរិភោគ ទៅជូនលោក យាយ មាស ឃីន។លោក សុខ សំបូរ បានមានប្រសាសន៍ឲ្យដឹងទៀតថា អំណោយដែលយកជូនលោកយាយ មាស ឃីន មានដូច ជា ថវិកាចំនួន ៨០ម៉ឺនរៀល,អង្ក២បាវ ,មី៧កេស,ទឹកក្រូច២កេស, ទឹកស៊ីអ៊ីវ២យួរ ,ទឹកត្រី២យួរ,ស្ករស ២គីឡូ ក្រាម, អំបិល២កីឡូក្រាម, តែ១គីឡូក្រាម, សាប៊ូ២ថង់, ត្រីខកំប៉ុង២យួរ ផងដែរ។
លោក សុខ សំបូរ បានមានប្រសាសន៍បន្ថែមទៀតថា លោកឧត្តមសេនីយ៍ត្រី ឆាយ គឹមសុន ឡើងកាន់តំណែង ជាស្នងការនគរបាល ខេត្តកំពង់ចាម ក្រៅពីកិច្ចការរក្សាសន្តិសុខជូនប្រជាពលរដ្ឋទូទាំងខេត្ត លោក ស្នងការ បានគិតគូរដល់សុខទុក្ខ និងជីវភាពរបស់ប្រជាពលរដ្ឋដែលមានវ័យចំណាស់ ដូចជាលោកយាយ មាស ឃីន នោះផងដែរ។
លោក ឧត្តមសេនីយ៍ត្រី ឆាយ គឹមសុន ស្នងការនគរបាលខេត្តកំពង់ចាម បានមានប្រសាសន៍ឲ្យដឹងផងដែរថា អំណោយទាំងអស់ខាងលើ គឺលោកផ្តល់ជូនលោកយាយ មាស ឃីន សម្រាប់បុណ្យភ្ជុំបិណ្ឌ នាពេលមុខនេះ ហើយអ្វីដែលពិសេសជាងនេះ គឺគាត់មានអាយុវែងរហូតដល់ទៅ១១១ឆ្នាំទៅហើយ ស្មារតី របស់គាត់មានការ ភ្លេចភ្លាំង ត្រជៀកថ្លង់ ដើរមិនរួច និងរស់នៅជាមួយចៅស្រី ដែលមានជីវភាពក្រខ្សត់ថែមទៀតផង «ម្យ៉ាងទៀត សម័យនេះ មនុស្សដែលមានអាយុច្រើនដល់ទៅជាង១១១ឆ្នាំដូចលោក យាយ មាស ឃីន មិនសូវមានទេ» ។
ក្រោយពីបានទទួលអំណោយដ៏ថ្លៃថ្លានោះលោក យាយ មាស ឃីន បានថ្លែងអំណរគុណដល់លោក ឧត្តម សេនីយ៍ ឆាយ គឹមសុន ស្នងការនគរបាលខេត្តកំពង់ចាម និងក្រុមការងារទាំងអស់សូមឲ្យជួបតែ ពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លាងឃ្លាតឡើយ ដែលបាននាំអំណោយទាំងអស់នោះ មកជូនលោក យាយ៕