ភ្នំពេញ:
មន្ត្រីរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា
នៅកម្ពុជាពុំមានអ្នកទោសនយោបាយ ដែលកំពុងជាប់នៅក្នុងពន្ធនាគារទេ
ហើយក៏គ្មានអ្នកទោសនយោបាយ ត្រូវដោះលែងដែរ សូម្បីតែម្នាក់។
នៅ
ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១២ លោក ទិត សុធា អនុប្រធានអង្គភាពព័ត៌មាន
និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី បាននិយាយថា
ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលមិនប្រកាន់និន្នាការនយោបាយ
ត្រូវតែចូលរួមដោយស្មោះស ជាមួយនឹងការគោរពព្រះបរមសព
របស់ព្រះមហាវីរក្សត្រ សម្តេចព្រះបាទ នរោត្តម សីហនុ
ដោយចៀសវាងយកឱកាសបុណ្យព្រះសព ដើម្បីកេងចំណេញនយោបាយ។
លោក
ទិត សុធា បានបញ្ជាក់ថា “សព្វថ្ងៃនេះនៅក្នុងប្រទេសកម្ពុជា
អត់មានអ្នកទោសនយោបាយទេ គឺសុទ្ធតែជាអ្នកទោស
ដែលបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ”
ដូច្នេះអ្វីៗត្រូវតែអនុវត្តទៅតាមច្បាប់នៃប្រទេសកម្ពុជា។
នៅក្នុងនាទីវេទិកាអ្នកស្តាប់វិទ្យុបរទេសមួយ ដែលផ្សាយជាខេមរភាសា
កាលពីយប់ថ្ងៃសុក្រ ទី១៩ ខែតុលា ឆ្នាំ២០១២ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ
ធម្មិកោ អតីតលេខាផ្ទាល់ព្រះមហាវីរក្សត្រ សម្តេចព្រះបាទ នរោត្តម សីហនុ
បានមានបន្ទូលថា សម្តេចតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា
គួរតែធ្វើការដោះលែងអ្នកទោសនយោបាយ ដើម្បីការផ្សះផ្សា
និងការបង្រួបបង្រួមជាតិខ្មែរ
ក្នុងអំឡុងពេលដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស
កំពុងតែចូលរួមកាន់មរណទុក្ខ ចំពោះព្រះបរមសពរបស់ព្រះមហាវីរក្សត្រ។
នៅក្នុងវេទិកាអ្នកស្តាប់នៃវិទ្យុនោះ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ
ធម្មិកោ បានមានបន្ទូលបញ្ជាក់ថា
“បន្ទាប់ពីសច្ចាប្រណិធានរបស់សម្តេចតេជោ ហ៊ុន សែន ខ្ញុំជឿជាក់ថា
ជាសច្ចាប្រណិធានចេញពីដួងចិត្តរបស់លោក លោកនឹងការពាររាជបល្ល័ង្គ
លោកនឹងការពារព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី
ហើយនឹងការពារកេរមរតក របស់ព្រះករុណា ព្រះមហាវីរក្សត្រ
ក្នុងឱកាសហ្នឹងហើយ បើសិនជាយើងយល់ឃើញថា ព្រះមហាវីរក្សត្រ
គឺជាព្រះបិតាជាតិ ព្រះបិតាឯកភាពជាតិ ដែលយើងទទួលស្គាល់ថា
ព្រះបិតាសម្រុះសម្រួល ផ្សះផ្សាជាតិ គួរណាតែក្នុងឱកាសដ៏មហោឡារិកនេះ
យើងដោះលែងអ្នកជាប់ទោសនយោបាយ មិនមែននិយាយទោសផ្សេងៗទេ
ប៉ុន្តែអ្នកទោសនយោបាយ ក្នុងគោលបំណងផ្សះផ្សាជាតិ បង្រួបបង្រួម
និងកសាងឯកភាពជាតិ”។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ
បានមានបន្ទូលបែបនេះ គឺស្របគ្នានឹងសំណើរបស់លោក សម រង្ស៊ី
ប្រធានគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២
បានលើកឡើងនៅក្នុងលិខិតរបស់លោក ចេញពីកន្លែងនិរទេសខ្លួននៅក្រៅប្រទេស
ផ្ញើទូលថ្វាយព្រះមហាក្សត្រ និងផ្ញើជូនសម្តេចតេជោ ហ៊ុន សែន
ដោយបានលើកឡើងថា លោកមានសេចក្តីរន្ធត់ និងក្រៀមក្រំយ៉ាងខ្លាំង
ដោយព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ
ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ
ព្រះអង្គបានយាងចូលព្រះទិវង្គត នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២
ឆ្នាំ២០១២ ក្នុងព្រះជន្មាយុ ៩០ ព្រះវស្សា ដោយព្រះជរាពាធ។
ឆ្លៀតក្នុងឱកាសនោះ លោក សម រង្ស៊ី
ក៏បានស្នើសុំទៅសម្តេចនាយករដ្ឋមន្ត្រីថា “នៅក្នុងមហាមរណទុក្ខនេះ
ខ្ញុំសូមសម្តេចមេត្តាជួយអន្តរាគមន៍ ដោយទឹកចិត្តយោគយល់ដ៏ខ្ពង់ខ្ពស់
ដើម្បីឲ្យរូបខ្ញុំបានទៅគោរពវិញ្ញាណក្ខន្ធព្រះបរមសព
និងបានឃើញព្រះភក្ត្រព្រះអង្គជាចុងក្រោយ នៅរាជធានីភ្នំពេញ”។
ជាមួយគ្នានេះ ក្នុងស្ថានភាពដែលកម្ពុជារងនូវព្រះអវត្តមានជារៀងរហូត
នៃព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី
និងឯកភាពជាតិខ្មែរ ក្នុងនាមលោកជាកូនខ្មែរមួយរូប លោកយល់ឃើញថា
ចាំបាច់ត្រូវតែលោកខិតខំជួយពង្រឹងការផ្សះផ្សាជាតិ រួបរួមជាតិ
ឯកភាពជាតិ និងជួយដោះស្រាយបញ្ហាខ្មែរដោយខ្មែរគ្នាឯង
ស្របតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គ
កាលពីព្រះអង្គនៅមានព្រះជន្ម។
នៅចុងបញ្ចប់នៃលិខិតនោះ លោក
សម រង្ស៊ី បានសម្តែងនូវអំណរគុណទុកជាមុន
ចំពោះការជួយធ្វើអន្តរាគមន៍របស់សម្តេច ហ៊ុន សែន
ដើម្បីឲ្យរូបលោកបានមកគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមសព
និងបានឃើញព្រះភក្ត្រព្រះអង្គចុងក្រោយ នៅក្នុងព្រះបរមរាជវាំង
នៅរាជធានីភ្នំពេញ។
ដូចដែលក្រុមមន្ត្រីរាជរដ្ឋាភិបាល
ធ្លាប់បានលើកឡើងកាលពីពេលមុនមកថា បញ្ហាលោក សម រង្ស៊ី
គឺជាការប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ មិនមែនជាទោសនយោបាយ
ដែលត្រូវសម្របសម្រួលទេ ហើយមកដល់ពេលនេះ
គ្មាននរណាមួយបានហាមឃាត់មិនឲ្យលោក សម រង្ស៊ី
វិលចូលមកក្នុងប្រទេសកម្ពុជាទេ ប៉ុន្តែបន្ទាប់ពីមកដល់ស្រុកខ្មែរ
ត្រូវតែអនុវត្តទៅតាមច្បាប់របស់តុលាការ
"គឺទ្វារគុកនៅតែបើកចំហចាំទទួលលោក សម រង្ស៊ី គ្រប់ពេល"។
សូមបញ្ជាក់ថា តុលាការខេត្តស្វាយរៀង និងតុលាការកំពូលប្រទេសកម្ពុជា
បានរក្សាសាលក្រមដែលបានសម្រេចផ្តន្ទាទោសកំបាំងមុខ លោក សម រង្ស៊ី
ឲ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ ពីបទបំផ្លាញតម្រុយបង្គោលព្រំដែន
និងធ្វើការញុះញង់ឲ្យមានការរើសអើងជាតិសាសន៍ កាលពីចុងឆ្នាំ២០០៩
នៅស្រុកចន្ទ្រា ខេត្តស្វាយរៀង៕ J(CEN)