ក្រុមអ្នកភូមិបាននាំគ្នាដើរដង្ហែ កាត់តាមភូមិរបស់ពួកគេ ជាមួយនឹងភ្លើងទៀន ធូប និង ផ្កាឈូកក្នុងដៃ ដែលមើលទៅហាក់ដូចជាក្បួនដង្ហែធម្មយាត្រាតាមបែបសាសនាមួយ។ ក្បួនដង្ហែ បានទៅឈប់នៅលើកូនភ្នំខ្សាច់ នៃតំបន់បឹងកក់ ដើម្បីបួងសួងដល់ព្រលឹងវិញ្ញាណទាំងឡាយ ដែលថែរក្សាក្នុងភូមិឋានរបស់ពួកគេ ឲ្យជួយធ្វើឲ្យចិត្តមន្ត្រីរាជការទាំងអស់ ដែលពាក់ព័ន្ធនឹងបញ្ហាជម្លោះដីធ្លីរបស់ពួកគេ មានក្ដីអាណិតអាសូរ ជួយអន្តរាគមន៍ដោះលែងសកម្មជនរបស់ពួកគេ និងដោះស្រាយបញ្ចប់ជម្លោះដីធ្លីរបស់ពួកគេឲ្យបានឆាប់រហ័ស។
អ្នក ស្រី ទេព វន្នី តំណាងពលរដ្ឋរងគ្រោះ នៅក្នុងសហគមន៍នេះ បានប្រាប់ឲ្យដឹងថា ដោយសារអ្នកភូមិជាអ្នកមានជំនឿទៅលើព្រះពុទ្ធសាសនា ដូច្នេះនៅពេលដែលពួកគេមានទុក្ខលំបាក ដែលមិនអាចដោះស្រាយ ដោយខ្លួនឯងបាន គឺត្រូវតែពឹងផ្អែកលើព្រះឲ្យជួយ។ អ្នកស្រីបន្តថា៖«នៅយប់ថ្ងៃអាទិត្យ១៥ កើតខែភទ្របទ ជាថ្ងៃដ៏ពិសិដ្ឋមួយដូច្នេះ យើងរំពឹងថា ការបួងសួងឲ្យមានការដោះលែងសកម្មជនរបស់យើង នឹងទទួលបានជោគជ័យ»៕(postkhmer)