ភ្នំពេញ:
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចុះហត្ថលេខា
លើសារាចរ ដោយសម្រេចផ្អាកការប្រារព្ធពិធីបុណ្យអុំទូក បណ្តែតប្រទីប
សំពះព្រះខែ និងអកអំបុក ឆ្នាំ២០១២ នៅរាជធានីភ្នំពេញ។ មូលហេតុ
មកពីសម្តេចឪ សម្តេចព្រះ នរោត្តម សីហនុ បានយាងចូលព្រះទិវង្គត
កាលពីយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២។
សារាចរ ស្តីពី
ការផ្អាកការប្រារព្ធពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ
និងអកអំបុក ឆ្នាំ២០១២ នៅរាជធានីភ្នំពេញ ចុះថ្ងៃទី១៦ ខែតុលា
ឆ្នាំ២០១២ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា
"នៅក្នុងអំឡុងពេលនៃការប្រារព្ធពិធីបុណ្យនាឆ្នាំនេះ រាជរដ្ឋាភិបាល
និងប្រជាពលរដ្ឋទូទាំងប្រទេស
កំពុងមានមហាទុក្ខសោកដ៏សែនក្រៀមក្រំរកទីបំផុតគ្មាន ដោយព្រះករុណា
ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ
បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះអង្គបានយាងចូលទិវង្គត
នាថ្ងៃ១៥ រោច ខែភទ្របទ ឆ្នាំរោង ចត្វាស័ក ព.ស. ២៥៥៦
ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ វេលាម៉ោង ១ និង ២០ នាទី
រំលងអធ្រាត្រ ( ម៉ោងនៅរាជធានីភ្នំពេញ ) ក្នុងព្រះជន្មាយុ ៩០
ព្រះវស្សា ដោយព្រះជរាពាធ ហើយព្រះបរមសព
នឹងត្រូវតម្កល់នៅក្នុងព្រះបរមរាជវាំង ក្នុងរយៈពេលមិនតិចជាង ៣ ខែ
ដើម្បីប្រារព្ធព្រះរាជពិធីបុណ្យឲ្យបានឧត្តុង្គឧត្តម
តាមប្រពៃណីជាតិ"។
សារាចរដដែល បានបង្ហាញថា
ដើម្បីចូលរួមកាន់ទុក្ខ និងគោរពព្រះវិញ្ញាណក្ខ័ន្ធ ព្រះអតីតអង្គ
ព្រះមហាក្សត្រខ្មែរ រាជរដ្ឋាភិបាល សូមធ្វើការណែនាំ ដូចតទៅ៖
១-
ផ្អាកការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ
និងអកអំបុក នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង រាជធានីភ្នំពេញ
ដែលគ្រោងនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៧ ថ្ងៃទី២៨ និងថ្ងៃទី២៩
ខែវិច្ឆិកា ឆ្នាំ២០១២។
២-ការរៀបចំព្រះរាជពិធីបុណ្យអុំទូក
បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នៅតាមទីកន្លែងដទៃទៀត
អាចប្រព្រឹត្តទៅជាធម្មតា តាមទំនៀមទម្លាប់ប្រពៃណី
និងតាមលទ្ធភាពរបស់ប្រជាពលរដ្ឋ។
៣-ការឈប់សម្រាករបស់
មន្ត្រីរាជការ និយោជិត កម្មករ ចំនួន ៣ ថ្ងៃ ក្នុងព្រះរាជពិធីនេះ
នៅរក្សាដដែល ដូចខ្លឹមសារ ដែលមានចែង ក្នុងអនុក្រឹត្យលេខ ២៣១
អនក្រ.បក ចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១១ ស្តីពី
ប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ
ប្រចាំឆ្នាំ២០១២។
សូមរម្លឹកថា កាលពីបុណ្យអុំទូក ឆ្នាំទៅ
រាជរដ្ឋាភិបាលក៏បានសម្រេចលុបចោលព្រះរាជពិធីបុណ្យអុំទូក
ដោយសារតែប្រទេសកម្ពុជា ជួបប្រទះនឹងគ្រោះទឹកជំនន់ធ្ងន់ធ្ងរ
ដែលបានសម្លាប់ជីវិតពលរដ្ឋកម្ពុជាជាង ២៥០ នាក់
និងបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ
ព្រមទាំងភោគផលកសិករសរុបប្រមាណជាង ៦០០ លានដុល្លារ៕