ភ្នំពេញ:
ចលនាយុវជនគណបក្ស សម រង្ស៊ី បានប្រកាសថា
នឹងធ្វើមហាបាតុកម្មទ្រង់ទ្រាយធំមួយ នៅថ្ងៃទី៨ ខែវិច្ឆិកា
ឆ្នាំ២០១២ ដើម្បីទាមទារឲ្យមានការផ្លាស់ប្តូរសមាសភាព គ.ជ.ប.។
ក្នុងនោះ ក៏មានការដាក់ញ្ញត្តិ ទៅកាន់ព្រះបរមរាជវាំង រដ្ឋសភា រដ្ឋាភិបាល
ក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃ ជាដើម
ដើម្បីឲ្យមានការដោះលែងអ្នកទោសនយោបាយ សកម្មជនសិទ្ធិមនុស្ស
និងសកម្មជនដីធ្លី ដែលរងគ្រោះដោយសារតែប្រព័ន្ធតុលាការ មិនឯករាជ្យ។
ក្រុមយុវជនគណបក្សសមរង្ស៊ី ដំបូងឡើយ គ្រោងនឹងធ្វើបាតុកម្ម
នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១២
ដើម្បីទាមទារឲ្យមានការផ្លាស់ប្តូរសមាសភាព គ.ជ.ប.
និងទាមទារឲ្យរដ្ឋាភិបាលគោរពឲ្យបានពេញលេញនូវកិច្ចព្រមព្រៀងសន្តិភាព
ទីក្រុងប៉ារីស ថ្ងៃ២៣តុលា ឆ្នាំ១៩៩១។
ប៉ុន្តែក្រុមយុវជនគណបក្សប្រឆាំង បានប្តូរគម្រោងធ្វើបាតុកម្ម
ទៅជាជួបជុំ
និងដើរហែក្បួនគោរពព្រះវិញ្ញាណក្ខន្ធសម្តេចព្រះមហាវីរក្សត្រ
សម្តេចព្រះ នរោត្តម សីហនុ វិញ។
លោក សួង សុភ័ណ្ឌ
ប្រធានចលនាយុវជនគណបក្ស សម រង្ស៊ី បានលើកឡើងថា
គម្រោងធ្វើមហាបាតុកម្ម នៅថ្ងៃទី៨វិច្ឆិកា មានបំណងសំខាន់ ២
គឺទី១-សុំប្តូរប្រព័ន្ធ និងសមាសភាព គ.ជ.ប.។
ទី២-ទាមទារឲ្យរាជរដ្ឋាភិបាល ពង្រឹងប្រព័ន្ធយុត្តិធម៌ឲ្យឯករាជ្យ
ដោយលោកថា សព្វថ្ងៃ តុលាការស្ថិតក្នុងរដ្ឋាភិបាល បើទោះបីជា
ច្បាប់កំណត់ បែងចែកដាច់គ្នារវាងអំណាចរដ្ឋសភា រដ្ឋាភិបាល និងតុលាការ
ក៏ដោយ។
មេដឹកនាំចលនាយុវជនគណបក្សសមរង្ស៊ី ក៏បានលើកឡើងថា
នៅថ្ងៃទី៨វិច្ឆិកានោះ ក្រុមរបស់លោក ក៏នឹងដាក់ញ្ញត្តិ
ទៅកាន់ព្រះបរមរាជវាំង រដ្ឋាភិបាល រដ្ឋសភា ក្រសួងយុត្តិធម៌
និងក្រសួងមហាផ្ទៃ ជាដើម ដើម្បីសុំឲ្យមានការលើកលែងទោសអ្នកនយោបាយ
សកម្មជនដីធ្លី និងសកម្មជនសិទ្ធិមនុស្ស ដែលបានរងគ្រោះ
ដោយសារតែតុលាការ មិនឯករាជ្យ ដូចជា លោក សម រង្ស៊ី លោក ម៉ម សូណង់ដូ លោក
មឿង សុន និងស្ត្រីអ្នកភូមិបឹងកក់-បុរីកីឡា ជាដើម។
ជាមួយ
នឹងការលើកឡើងដូច្នេះ លោក សួង សុភ័ណ្ឌ ក៏បានរិះគន់ថា គ.ជ.ប.
បង្កើតនីតិវិធីចុះឈ្មោះបោះឆ្នោត ដោយប្រព័ន្ធស្មុគស្មាញ និងធ្វើឡើង
ចំពេលភ្លៀង និងទឹកជំនន់ ដែលនាំឲ្យប្រជាពលរដ្ឋ
លំបាកទៅចុះឈ្មោះបោះឆ្នោត។ ក្នុងនោះ សមាសភាព គ.ជ.ប. ទាំង ៩ រូប
សព្វថ្ងៃ ភាគច្រើនជាអតីតសមាជិកសកម្មរបស់គណបក្សប្រជាជនកម្ពុជា
ផងដែរ។
យ៉ាងណាក៏ដោយ លោក ទេព នីថា
អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប.
បានមានប្រសាសន៍ ក្នុងសន្និសីទកាសែត កាលពីព្រឹកថ្ងៃទី២៥ ខែតុលា
ឆ្នាំ២០១២ ថា ការធ្វើបាតុកម្ម វាជាសិទ្ធិសេរីភាពមួយ
ដោយផ្អែកលើច្បាប់ធ្វើបាតុកម្ម ហើយនេះ ជារឿងធម្មតាទេ។
លោក ទេព នីថា បានបន្តថា ការធ្វើបាតុកម្មរបស់ចលនាយុវជនគណបក្ស សម
រង្ស៊ី នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១២
ដើម្បីទាមទារឲ្យក្រសួងមហាផ្ទៃ
ផ្លាស់ប្តូរសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប.
គឺជាសិទ្ធិរបស់គេ និងជាយោបល់របស់គេផ្ទាល់។
ក៏ប៉ុន្តែការសម្រេចជ្រើសរើសសមាសភាព
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប. យ៉ាងណានោះ
គឺរដ្ឋសភាបានអនុម័តអស់ហើយ។
សម្រាប់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប.
គឺគ្រាន់តែអនុវត្តតាមច្បាប់ ដែលមានស្រាប់
និងតាមការប្រគល់សិទ្ធិរបស់ច្បាប់តែប៉ុណ្ណោះ៕