Monday, October 1, 2012

សហភាព​អឺរុប សម្តែង​ក្តីកង្វក់​ពី​ការកាត់ទោ​សនាយក​វិទ្យុ​សំបុក​ឃ្មុំ លោក ម៉ម​សូណង់ដូ​

ភ្នំពេញ​: ​អ្នកតំណាង​ជាន់ខ្ពស់​សហភាព​អឺរុប​សំរាប់​កិច្ចការបរទេ​ស និង​គោល​នយោបាយ​សន្តិសុខ លោកស្រី កា​ថឺ​រីន អាស​តុ​ន (Catherine Ashton) បាន​សម្តែង​ការ​ព្រួយ​បារម្ភ​យ៉ាងខ្លាំង ចំពោះ​ការកាត់ទោស​លើ​លោក ម៉ម​សូណង់ដូ នាយក​វិទ្យុ​សំបុក​ឃ្មុំ និង​ជា​ប្រធាន​សមាគមន៍​អ្នកប្រជាធិបតេយ្យ  ព្រមទាំង​ជនជាប់ចោទ​ផ្សេងទៀត ដូចជា លោក ផន ស្រឿន   តូច រៀម និង​ខាន់ សុ​វាន់ កាលពី​ថ្ងៃ​ចន្ទ ទី​១ ខែតុលា ឆ្នាំ​២០១២ ដោយ​តុលាការ​ក្រុងភ្នំពេញ​។

​ក្នុង​ សេចក្តីថ្លែងការណ៍ សហភាព​អឺរ៉ុប បាន​ហៅ​ការកាត់ទោស​នេះ ថា​ធ្វើឲ្យ​មាន​មន្ទិល​សង្ស័​យយ៉ាងខ្លាំង​អំពី​ភាព​មិន​ឯករាជ្យ​របស់​ តុលាការ​។​

​លោកស្រី Catherine Ashton បាន​ស្នើ​រដ្ឋាភិបាល​កម្ពុ​ជា ឲ្យ​ការពារ​សិទ្ឋិ​ជា​មូលដ្ឋាន សំរាប់​ប្រជាជន​ទាំងអស់ ក្នុង​ការបញ្ចេញមតិរ​បស់​ពួកគេ ដោយ​សេរី ឲ្យស្រប​ទៅ​តាម​សេចក្តីថ្លែងការ​ណ៍ ជា​សកល ស្តីពី សិទ្ធិមនុស្ស និង​អនុសញ្ញា​អន្តរជាតិ ស្តីពី សិទ្ធិ​ស៊ីវិល និង​នយោបាយ​។ រដ្ឋាភិបាល មាន​កាតព្វកិច្ច​ក្នុង​ការការពារ​សេរីភាព​នៃ​ការ​បញ្ចេញមតិ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ហើយ​នេះ វា​មាន​សារៈសំខាន់ សំរាប់​កម្ពុជា ក្នុង​ការបោះឆ្នោត ក្នុង​ឆ្នាំ​២០១៣​។​

​សូម​ រម្លឹកថា សេចក្តីថ្លែងការណ៍​របស់​សហភាព​អឺរ៉ុប ដែលមាន ២៧ ប្រទេស ជា​សមាជិក​ដូច្នេះ បាន​ធ្វើ​ភ្លាមៗ ខណៈ​ដែល​តុលាការ​រាជធានី​ភ្នំពេញ បាន​សម្រេច​ផ្តន្ទាទោស​លោក​ម៉ម​សូណង់ដូ ដាក់ពន្ធនាគារ ២០ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន ១០ លាន​រៀល ក្នុង​រឿង​ចោទប្រកាន់ បង្កើត​តំបន់​អបគមន៍ ប្រឆាំង​រដ្ឋាភិបាល តាមរយៈ​ជម្លោះដីធ្លី នៅ​ភូមិ​ប្រម៉ា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ​។​

​ក្នុង​ រឿងក្តី​នោះ តុលាការ​ក៏​បាន​ផ្តន្ទាទោស អ្នកភូមិ​សរុប​ចំនួន ១២ នាក់​ផ្សេង​ទៀត ក៏​ត្រូវបាន​តុលាការ​សម្រេច​ផ្តន្ទាទោស ដាក់​ពន្ធនាគារ​ពី ១០ ខែ រហូតដល់ ៥ ឆ្នាំ តែ​ត្រូវ​ព្យួរ​ទោស​។ ពោល​គឺ​ពលរដ្ឋ​ពាក់ព័ន្ធ​រឿង​ដីធ្លី​នៅ​ខេត្ត​ក្រចេះ ដែល​បាន​ជាប់​ឃុំឃាំង ជាមួយ​លោក​ម៉ម​សូណង់ដូ ត្រូវបាន​តុលាការ​សម្រេច​ដោះលែង​វិញ​ហើយ​។​

​ បន្ទាប់​ពី​តុលាការ​ប្រកាស​សេចក្តីសម្រេច​ដូច្នេះ​ភ្លាម ក្រុម​ពលរដ្ឋ​ជាង ១០០ នាក់ ដែល​គាំទ្រ​លោក​ម៉ម​សូណង់ដូ បាន​ស្រែកយំ តវ៉ា លើក​បដា និង​ដើរ​បាតុកម្ម​តាមផ្លូវ​។ ប្រជាពលរដ្ឋ បានដាក់​ញត្តិ​ស្នាម​មេដៃ ទៅកាន់​ស្ថានទូត​អាមេរិក និង​លុតជង្គង់ នៅ​មុខ​ព្រះបរមរាជវាំង ស្នើសុំ​ព្រះមហាក្សត្រ ឲ្យជួយ​ដោះលែង​លោក​ម៉ម​សូណង់ដូ​៕​(CEN)

Comments system

Disqus Shortname