ភ្នំពេញ៖ អស់រយៈពេលជិតមួយសប្តាហ៍កន្លងមកហើយ
ប្រជាពលរដ្ឋគ្រប់ស្រទាប់រួមទាំងព្រះសង្ឈផងដែរនៅតែបន្តយ៉ាង
ផុលផុសគោរពវិញ្ញាណក្ខន្ធ
និងធ្វើពិធីសានាសម្រាប់ព្រះបរមសពសម្តេចឪ នរោត្តម សីហនុ។
សកម្មភាពបែបនេះក៏បានផ្តល់ឱកាសឲ្យការប្រកបមុខរបរលក់ផ្កា
បូណ៌កាន់ទុក្ខ និងព្រះឆាយាល័ក្ខណ៍របស់ព្រះសពយ៉ាងកាក់កបផងដែរ។
ព្រះសង្ឃគ្រប់អង្គដែលគង់នៅតាមទីវត្តអារាមទាំងអស់ទូទាំងប្រទេស
កម្ពុជាតែងតែធ្វើពិធីបង្សុកូលឧទិ្ទសថ្វាយដល់វិញ្ញាណក្ខន្ឋ
ព្រះមហាវីរៈក្សត្រមុនឆាន់ ហើយរៀងរាល់ព្រឹក
និងល្ងាចព្រះសង្ឈទាំងអស់ជួបជុំគ្នាដើម្បីសូត្រធម៌ឧទ្ទិសថ្វាយ
វិញ្ញាណក្ខន្ធសម្តេចឪផងដែរ។
ព្រះញាណ វង្ស ឃឹម សន ព្រះមេគុណរាជធានីភ្នំពេញ
គង់នៅវត្តបុទុមវត្តីបានមានសង្ឈដីកាថាសកម្មភាពទាំងអស់នេះនឹងធ្វើ
រហូតដល់ព្រះរាជពិធីបូជាព្រះបរមសព។
«ពីថ្ងៃនេះទៅ
ទូទាំងវត្តក្នុងព្រះរាជាណាចក្រកម្ពុជាដឹកនាំពុទ្ធបរិស័ទជើងវត្ត
នីមួយៗដើម្បីជួបជុំគ្នានៅទីអារាម
ហើយធ្វើបុណ្យឧទ្ទិសព្រះរាជកុសលថ្វាយ។
ការប្រារព្ធយ៉ាងនេះឲ្យប្រារព្ធជារៀងរហូតទៅ
មិនមែនប្រារព្ធតែវិញ្ញាណខន្ធសម្រាប់តែប្រាំពីរថ្ងៃនេះទេ។
ពេលមុននឹងអាត្មាបញ្ចប់ធម៌ផ្សាយមេត្តាធម៌
ក៏អាត្មាប្រកាសផ្សាយឧទ្ទិសបុណ្យព្រះរាជកុសលថ្វាយទាំងព្រឹកទាំង
ល្ងាចរាល់ថ្ងៃ»។
ចំណែកនៅឯមុខព្រះបរមរាជវាំងវិញទាំងថ្ងៃទាំងយប់ប្រជាពលរដ្ឋនិងព្រះស
ង្ឈមកពីគ្រប់ទិសទីនាំគ្នាមកគោរពវិញ្ញាណក្ខន្ធសម្តេចឪដោយនាំយក
មកជាមួយនូវទាន ធូក និងផ្កាភ្ញី។
អ្នកទាំងនោះភាគច្រើនបានអង្គុយបត់ជើងផ្ទាល់នឹងថ្នល់ឬឥដ្ឋហើយ
បានអុជធូកនិយាយខ្សឹបៗក្តុកក្តួលដោយបួងសូមឲ្យវិញ្ញាណក្ខន្ធសម្តេច
ឪយាងទៅកាន់សុខគតិភព។ ព្រះសង្ឈ
និងអ្នកកាន់សីលធ្វើពិធីសូត្រធម៌ផងដែរ។
«ព្រះបិតាជាតិសម្តេចតាដែលលោកបានចែកឋានទៅ
សូមឲ្យលោកជួបតែបរមសុខ
សូមជួយថែរក្សាកូនចៅទាំងអស់ក្នុងប្រទេសខ្មែរ
កុំឲ្យមានរឿងអ្វីកើតឡើងទាំងអស់ក្នុងប្រទេស។
សូមឲ្យប្រទេសយើងជួបតែសេចក្តីសុខ។
សត្រូវដែលចង់ឈ្លានពានយារយីប្រទេសជាតិយើងសូមឲ្យមកពីមុខរលំ
មកពីក្រៅរលាយទាំងអស់ សូមសម្តេចតាជួយថែររក្សាកូនចៅផង»។
កញ្ញា ចាន់ ម៉ី
អាជីវករក្នុងទីក្រុងភ្នំពេញបានឲ្យដឹងទាំងអួលដើមករថា
ទោះបីជាគាត់រវល់យ៉ាងណាក៏ដោយក៏គាត់ត្រូវឆ្លៀតពេលមកគោរព
វិញ្ញាណក្ខន្ធសម្តេចឪឲ្យបានយ៉ាងតិចពីរដងដែរ។
«រលឹកដល់សម្តេចពីការគោរពស្រឡាញ់បំផុតនៅក្នុងចិត្តខ្ញុំ។
ឲ្យតែរំលឹកដល់ មើលដល់ធ្វើឲ្យយើងចង់ស្រក់ទឹកភ្នែកតែម្តង។
គាត់ប្រឹងអស់មួយជីវិតហើយ។ គាត់មិនបានអីទៅវិញទេ
គាត់ផ្តល់ឲ្យកូនចៅសុទ្ធតែអ្វីល្អៗទាំងអស់។
ខ្ញុំនឹងព្យាយាមឲ្យអស់ពីចិត្តដើម្បីបានមកឲ្យច្រើនជាងនេះ»។
បន្ទាប់ពីមានការអុជធូបបួងសួងរួចហើយអ្នកទាំងនោះភាគច្រើនសរសេរពី
អារម្មណ៍របស់ខ្លួនដូចជាពីវីរៈភាពរបស់សម្តេចឪ
ការសោកស្តាយជាដើមចូលទៅក្នុងសៀវភៅ ដែលបានដាក់នៅលើតុវែងមួយ។
មុននឹងត្រលប់ទៅផ្ទះវិញ
ប្រជាពលរដ្ឋមួយចំនួនទិញរូបថតសម្តេចឪកាលពីក្មេង រូបថតជុំគ្រួសារ
និងរូបថតនៅក្នុងពិធីដង្ហែរព្រះសពជាដើម។
រីឯនៅតាមកន្លែងលក់ផ្កានៅក្នុងក្រុងភ្នំពេញក៏មានសកម្មភាពមមាញឹកទិញ
លក់កម្រងផ្កា ដាក់ស៊ុមរូបថតសម្តេចឪ
និងបូកាន់ទុក្ខជាក្រណាត់ពណ៌ស និងខ្មៅ។ កម្រងផ្កាមានតម្លៃចាប់ពី
៣០ដុល្លារដល់១០០ដុល្លាអាមេរិក។
ចំណែកឯបូណ៌កាន់ទុក្ខមានតំលៃចាប់៥០០ ដល់១.០០០ រៀល
ពោលគឺប្រមាណជា០.១២ ដុល្លារទៅ ០.២៥ដុល្លាអាមេរិច។
កញ្ញាវណ្ណ សុធារ៉ា អ្នកលក់ផ្កា
និងលក់បូណ៌កាន់ទុក្ខក្នុងក្រុងភ្នំពេញបានឲ្យដឹងថា
រយៈពេលប៉ុន្មានថ្ងៃនេះគ្រាន់តែកន្លែងគាត់មួយលក់បូណ៌កាន់ទុក្ខ
អស់ប្រមាណជាជិត៣ម៉ឺនបូ។
«មានខាងក្រសួងគេមកកុំម៉ង់ប្រហែលជា១ម៉ឺនបូណ៌
ហើយខ្លះទៅគេទិញ១០០ ទៅ២០០
យកទៅលក់បន្តពីព្រោះអីគេទិញបន្តរហូតដល់រៀងយប់ក៏នៅតែមាន
អ្នកទិញដែរ។ ខ្លះទៅបងប្អូន នៅខេត្តគេទិញផ្ញើ។ គេទិញច្រើន។
បូណ៌នេះខ្ញុំធ្វើទាន់តែលក់អត់ទាន់ពីព្រោះមនុស្សមកច្រើនពេក។
២២នាក់ធ្វើមួយយប់ទាល់ភ្លឺធ្វើតាំងពីថ្ងៃទី១៦មក»។
នៅតាមក្រសួង ស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន ទីវត្តអារាម និងផ្ទះប្រជាពលរដ្ឋមួយចំនួនមាន
ការដាក់តាំងរូបថតសម្តេចឪលម្អដោយផ្កាភ្ញី
និងតុបតែងសញ្ញាកាន់ទុកជាដើម។ នៅក្នុងអំឡុង
ប៉ុន្មានថ្ងៃនេះប្រជាពលរដ្ឋភាគច្រើនស្ថិតនៅក្នុងសម្លៀកបំពាក់អាវ
ស និងមានបូណ៌កាន់ទុក្ខខ្ទាស់នៅលើអាវផ្នែកដើមទ្រូងខាងឆ្វេង។
ព្រះមហាវីរក្សត្របានយាងចូលទិវង្គតក្នុងព្រះជន្មាយុ៩០ព្រះវស្សា
កាលពីព្រឹកថ្ងៃច័ន្ទ ទី១៥ ខែតុលា ក្នុងទីក្រុងប៉េកាំងប្រទេសចិន។
កម្ពុជាទាំងមូលកាន់មរណៈទុក្ខរយៈពេលមួយសប្តាហ៍ចាប់ពីថ្ងៃទី១៧
ខែតុលានេះតទៅ។
ក្នុងអំឡុងពេលកាន់ទុក្ខនេះ គ្រប់ស្ថានីយ៍វិទ្យុ ទូរទស្សន៍ទាំងអស់
ព្រមទាំងកន្លែងកំសាន្តសប្បាយ ត្រូវបានផ្អាកការផ្សាយទស្សនីយភាព
ការសម្តែង និងការប្រគុំតន្ត្រីផ្សេងៗ
ដែលមានលក្ខណៈសប្បាយគគ្រឹកគគ្រេង។
ចំណែកឯដងទង់ជាតិត្រូវបង្ហូតតែ១ភាគ៣តែប៉ុណ្ណោះ៕(VOA)