Tuesday, October 2, 2012

ឃ្លាំង​ឱសថ​ក្លែងក្លាយ​២​ត្រូវ​បាន​បង្ក្រាប​សមត្ថកិច្ច​រឹបអូស​ឱសថ​បាន​ជិត​៣​តោន


121001_10
ឱ​សថ​ក្លែ​ងក្លាយ​និង​ហួសកំណត់​ប្រើ​ប្រាស់​ ដែល​ប៉ូលិស​សេដ្ឋ​កិច្ច​​ចុះ​បង្ក្រាប​​​​​​។ រូបថត សហ​ការី

ភ្នំពេញៈ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ក្រសួង​មហាផ្ទៃ កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែ​កញ្ញា បាន​ចុះ​បង្ក្រាប​ទីតាំង​ស្ដុក​ឱសថ​ក្លែងក្លាយ​និង​ហួស​កំណត់​កាល​បរិច្ឆេទ​ ចំនួន​២​កន្លែង នៅ​ក្នុង​ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ហើយ​រឹបអូស​ឱសថ​ក្លែងក្លាយ​និង​ហួស​កំណត់​ប្រើប្រាស់​ជាច្រើន​ប្រភេទ​ប្រមាណ ​ជិត ៣ តោន។

លោក ឡុង ស្រេង អនុ​ប្រធាន​នាយក​ដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ បាន​ឱ្យ​ដឹង​ថា ការ​ចុះ​បង្ក្រាប​នេះ​មាន​កិច្ច​សហការ​រវាង​មន្ត្រី​នាយក​ដ្ឋាន​នគរបាល​ ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ តំណាង​អយ្យការ​អម​សាលា​ដំបូង​ភ្នំពេញ​និង​មន្ដ្រី​មន្ទីរ​សុខាភិបាល ដែល​បាន​ចុះ​ឆែកឆេរ​កន្លែង​ស្ដុក​ឱសថ​ចំនួន​២​កន្លែង ទី១ ស្ថិត​នៅ​ជាន់​ទី៣ ផ្ទះ​លេខ​៤១១ ផ្លូវ​១៩៣ កែង​ផ្លូវ​៣១០ សង្កាត់​ទួលស្វាយព្រៃ១ ខណ្ឌ​ចំការមន រឹបអូស​បាន​ថ្នាំ​ពេទ្យ​ជាច្រើន​ប្រភេទ​ចំនួន​២៥​កេស ស្មើ​នឹង​ជាង​១ តោន​កន្លះ និង​ទីតាំង​ទី២ ស្ថិត​នៅ​បន្ទប់​ជួល ផ្លូវលំ ដែល​មាន​ចម្ងាយ​ប្រមាណ​ជា ២០០​ម៉ែត្រ​ពី ទីតាំង​ទី១  ជា​បន្ទប់​ជួល​របស់ ឈ្មោះ ហ៊ា ឆាយ ថៅកែ​ប្ដូរ​ប្រាក់ ផ្ទះ​លេខ ៣១ ផ្សារ អូឡាំពិក សមត្ថកិច្ច​រឹបអូស​បាន​ឱសថ​ក្លែងក្លាយ​ជាង ២០ កេស ប្រមាណ​១​តោន។
លោក​ បន្ត​ថា កម្លាំង​ជំនាញ​បាន​ប្រើ​គ្រប់​មធ្យោបាយ ក្នុង​ការ​ស៊ើប​អង្កេត ហើយ​និង​ប្រើប្រាស់​កម្លាំង​មហាជន និង​កម្លាំង​បង្កប់​សម្ងាត់​ទើប​អាច​ឈាន​ដល់​ការ​បង្ក្រាប​បាន​លើក​នេះ។
លោក ​បាន​បញ្ជាក់​ថា៖ «ឱសថ​ក្លែងក្លាយ​និង​ហួស​កំណត់​កាល​បរិច្ឆេទ​ដែល​បាន​រឹប​អូស​ទាំង​នោះ ឥឡូវ​កំពុង​រក្សា​ទុក​នៅ​នាយក​ដ្ឋាន​នគរបាល​ប្រឆាំង​បទ​ល្មើស​សេដ្ឋកិច្ច ក្រសួង​មហាផ្ទៃ​ដើម្បី​ស៊ើប​អង្កេត​បន្ថែម​ទៀត»។
លោក ឡុង ស្រេង បាន​ឲ្យ​ដឹង​ថា មុន​នឹង​ចុះ​បង្ក្រាប​ទីតាំង​ទាំង​២​នេះ លោក​បាន​ប្រើ​កម្លាំង​តាម​ដាន ២ យប់ អំពី​សកម្មភាព​ឈ្មួញ​ដែល​បាន​ដឹក​ឱសថ​ក្លែងក្លាយ​ទាំង​នោះ​យក​មក​លាក់​ទុក ចាប់​ពី​ម៉ោង​៣ទៅ​៤ទៀប​ភ្លឺ។ លោក​បន្ត​ថា៖ «ក្នុង​ការ​បង្ក្រាប​នេះ យើង​មិន​អាច​ឃាត់​ខ្លួន​ជនណា​ម្នាក់​បាន​ទេ ព្រោះ​ថា ជន​សង្ស័យ​បាន​រត់​គេច​ខ្លួន​បាត់​អស់»។
កញ្ញា វ៉ា សក្តា ព្រះរាជ​អាជ្ញារង​អម​សាលាដំបូង​រាជធានី ដែល​ចុះ​បង្ក្រាប​ករណី​នេះ​ដែរ​បាន​ប្រាប់​ថា ឱសថ​ទាំង​នោះ​នៅ​ត្រូវ​នាំ​យក​ទៅ​ពិសោធន៍​មើល​បន្ថែម​ទៀត ដើម្បី​បញ្ជាក់​ថា ជា​ប្រភេទ​ឱសថ​ក្លែងក្លាយ​ខុស​ច្បាប់? ហើយ​សមត្ថកិច្ច​កំពុង​ធ្វើ​ការ​ងារ​នេះ។ ពាក់ព័ន្ធ​នឹង​ចាប់​ខ្លួន​ក្រុម​រកស៊ី​ល្មើស​ច្បាប់​នេះ​កញ្ញា​បញ្ជាក់​ថា៖ «សំណុំ​រឿង​នេះ កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់​ការ​ស៊ើប​អង្កេត ដូច្នេះ ពេល​ណា​សមត្ថកិច្ច​បញ្ជូន​សំណុំ​រឿង​មក ទើប​យើង​ចេញ​ដីកា​ចាប់​ខ្លួន​ជន​ពាក់ព័ន្ធ​បាន»។
គួរ​បញ្ជាក់​ដែរ​ថា កាលពី​ព្រឹក​ថ្ងៃទី​២២ ខែ​កញ្ញា កម្លាំង​សមត្ថកិច្ច​ប៉ូលិស​សេដ្ឋកិច្ច​ក៏បាន​ធ្វើ​ការ​ចុះ​បង្ក្រាប​ឃ្លាំង​ ស្តុក​ទុក​ឱសថ​ខុស​ច្បាប់​មួយ​កន្លែង ស្ថិត​នៅ​ផ្ទះ​លេខ​១៥ ផ្លូវ ៣១០ សង្កាត់​ទួល​ស្វាយព្រៃ​ទី១ ខណ្ឌ ចំការមន ដោយ​ធ្វើ​ការ​ឃាត់​ខ្លួន​ម្ចាស់​ឃ្លាំង ឈ្មោះ ហៀង ចំរើន និង​រឹបអូស​បាន​ឱសថ ៤២​មុខ មាន​ទម្ងន់​ជិត ២ តោន ផងដែរ។
លោក ស៊ិន មនី នាយក​ប្រតិបត្តិ អង្គការ MEDiCAM មាន​ប្រសាសន៍​ថា ឱសថ​ក្លែងក្លាយ ឬ​ខូច​គុណភាព វា​មិនជា​ប៉ះពាល់​ដល់​សុខភាព​ដល់​អ្នក​ប្រើប្រាស់​ប៉ុន្មាន​ទេ តែ​វា​គ្មាន​ប្រយោជន៍​អី​ក្នុង​ការ​ព្យាបាល ដើម្បី​សម្លាប់​មេរោគ។ លោក​បញ្ជាក់​ថា ៖ «ពលរដ្ឋ​ទិញ​ថ្នាំ​ដើម្បី​ព្យាបាល​ជំងឺ ចុះ​បើ​ថ្នាំ​នោះ គ្មាន​ប្រសិទ្ធភាព​គឺ​គ្មាន​សារធាតុ​សកម្ម​កម្ចាត់​មេរោគ​ផង​តើ​មាន​ ប្រយោជន៍​អី?»។
លោក​បន្តថា មាន​កត្តា​ជាច្រើន ក្នុង​ការ​នាំ​ចូល​នៅ​ឱសថ​ខូច​គុណភាព ជា​ពិសេស ប្រទេស​នៅ​ក្នុង​តំបន់​ត្រូវ​តែ​ចូលរួម​ទប់ស្កាត់​ទាំងអស់​គ្នា ព្រោះ​ជា​បញ្ហា​ក្នុង​តំបន់។ ប្រទេស​យើង​គ្មាន​ផលិត​ឱសថ​ក្លែង​ក្លាយ​ទេ តែ​ឱសថ​ទាំង​នេះ​វា​នាំចូល​ពី​ក្រៅ។
លោក​បន្លែម​ថា ដើម្បី​កុំ​ឲ្យ​ពលរដ្ឋ​ប្រើប្រាស់​ថ្នាំ​ខូច​គុណភាព រដ្ឋាភិបាល​និង​អង្គការ​ត្រូវ​បង្កើន​ចំណេះ​ដឹង​ទៅ​ពលរដ្ឋ ឲ្យ​គាត់​ចេះ​ពិនិត្យ​មើល​ថា​ថ្នាំ​នេះ​ខូច​គុណភាព​ឬ​ហួស​កំណត់ នោះ​ទើប​អាច​ចៀសវាង​បាន​ខ្លះ៕

Comments system

Disqus Shortname